អភិបាលខេត្ត អំពាវនាវឱ្យកម្មករនិងថៅកែរោងចក្រគោរពច្បាប់និងដោះស្រាយបញ្ហាដោយសន្តិវិធី

( កណ្តាល)៖ ក្រោយកិច្ចអន្តរាគមន៍ពីសំណាក់អភិបាលខេត្តកណ្តាល កម្មករ កម្មការិនី សុខចិត្តបញ្ឈប់ការដង្ហែក្បួនតវ៉ាហើយថៅកែក៏យល់ព្រមបើកប្រាក់បៀរវត្សនិងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករផងដែរ។

បន្ទាប់ពីកម្មករ កម្មការនី រោងចក្រ ថៃយ៉ា ហ្គាមិនអ៊ិនដាសស្ទ្រី ខូអិលធីឌី នៅក្នុងឃុំព្រែកតាទែន ស្រុកពញាឮ ប្រមាណ១.០០០នាក់ ផ្ទុះការតវ៉ានិងធ្វើការដង្ហែក្បួន ឆ្ពោះទៅកាន់រា ជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ កក្តដា ២០២០កន្លងទៅនេះ លោក គង់ សោភណ្ឌ័ អ ភិបាលខេត្តកណ្តាល បានចុះទៅជួបធ្វើការសម្របសម្រួលបញ្ចប់វិវាទ រវាងកម្មករ និងថៅកែ បន្ទាប់ពីរោងចក្រត្រូវបានបិទទ្វារ ជាបន្ទាន់ផងដែរ។

ក្នុងជំនួបនេះ តំណាងកម្មកររោងចក្រ បានលើកឡើងនូវ សំណូមពរចំនួន៤ ទី១,ប្រាក់ឈ្នួលចុងក្រោយដែលមិនទាន់បានបើក ទី២,ប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ទី៣,ប្រាក់បំណាច់រំលឹកអតីតភាពការងារ និងប្រាក់បំណាច់អតីតភាពការងារ និងទី៤,ក្រុមហ៊ុនផ្ដល់ប្រាក់សម្រាប់ជប់លៀង លាគ្នា ចំនួន៣៥% នៃប្រាក់ខែ១៩០ដុល្លារ។

បន្ទាប់ពីជួបពិភាក្សាគ្នា រវាងក្រុមហ៊ុន និងកម្មករ ដោយមានការសម្របសម្រួលពីលោកអភិបាលខេត្ត បានធ្វើការឯកភាពគ្នា នូវចំណុចចំនួន៥ ទី១-ភាគីក្រុមហ៊ុននឹងបើកប្រាក់ឈ្នួលចុងក្រោយដែលមិនទាន់បានបើកជូនដល់កម្មករ និយោជិតទាំងអស់ ទី២-ភាគីក្រុមហ៊ុននឹងបើកប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ទី៣-ភាគីក្រុមហ៊ុននឹងបើកប្រាក់ដំណាច់រំលឹកអតីភាពការងារ និងប្រាក់បំណាច់អតីភាពការងារឆ្នាំ២០២០ ទី៤-ភាគីក្រុមហ៊ុននឹងផ្តល់ប្រាក់សម្រាប់ជប់លៀង លាគ្នា ចំនួន ៣៥% នៃប្រាក់ខែគោល តាមការសន្យាជាមួយកម្មករ និយោជិតកន្លងមក ហើយទី៥-ក្រុមហ៊ុននឹងបិទផ្សាយបញ្ជីរបើកប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ហើយនឹងបើកផ្តល់ជូនកម្មករនិយោជិត នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ។

ក្រោយពីកិច្ចសម្របសម្រួលបានបញ្ចប់ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើផងដែរថា ភាគីនិមួយៗធ្វើអ្វីត្រូវតែគោរពច្បាប់ ហើយត្រូវប្រកាន់នូវគោលជំហរសន្តិវិធី ដើម្បីធ្វើការដោះស្រាយ ហើយសូមបងប្អូន មេត្តាកុំយកវិធី ធ្វើបាតុកម្មបិទផ្លូវឱ្យសោះ ព្រោះវានាំឱ្យប៉ះពាល់ដល់សិទ្ធីអ្នកដ៏ទៃ និងខុសហ្នឹងច្បាប់ទៀតផង ហើយគ្មានអ្វីដែលដោះស្រាយមិនចេញនោះទេ និងត្រូវធ្វើទៅតាមដំណាក់កាល ពិសេស ឈរលើគោលការណ៍ច្បាប់៕

 

Loading...