អភិបាលរាជធានីភ្នំពេញ៖ប្រជាពលរដ្ឋដែលស៊ីវីល័យគឺពលរដ្ឋចេះទុកដាក់សំរាមបានត្រឹមត្រូវនិងមានរបៀបរៀបរយ

ភ្នំពេញ៖ បន្ទាប់ពីមានការផ្សព្វផ្សាយយ៉ាងទូលំទំលាយតាមប្រព័ន្ធផ្សព្វផ្សាយនានា និងតាមរយៈវីដេអូឃ្លីបអប់រំខ្លីៗនិង ការបញ្ជ្រាប របស់អាជ្ញាធរមូលដ្ឋានផងនោះ ។ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋមកពីតាមបណ្តាខេត្ត ក្រុងឆ្ងាយៗ ហាក់មានការយល់ដឹងច្រើន ចំពោះផលប៉ះពាល់ពីសំរាម ដែលកើតចេញពីការចោលសំរាមពាសវាលពាសកាល ។ ដោយឡែក ការវេចខ្ចប់សំរាមទុកដាក់បានត្រឹមត្រូវ តាមម៉ោងពេលវេលាកំណត់ បានធ្វើឲ្យសុខភាពប្រជាពលរដ្ឋល្អ ទីក្រុងមានសោភ័ណ្ឌភាពស្អាត់ និងប៉ៃតង សាក់សមជាប្រជាជនរស់នៅក្នុងទីក្រុងស៊ីវីល័យ ។

ជុំវិញការទុកដាក់សំរាមនេះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីរាត្រីថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក នៅរមណីដ្ឋានវត្តភ្នំ ក្រោយពិធីសំ ពះព្រះខែ និង អកអំបុក ថា រយៈពេល២ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកនេះ ប្រជាពលរដ្ឋហាក់មានការយល់ច្រើន ចំពោះការទុកដាក់សំរាម ។ ទោះបីបងប្អូនអាជីវករខ្លះ គាត់លក់ចំណីអាហារ រួចមានខ្លាញប្រឡាកឥដ្ឋការ៉ូឡាក៏ពិតមែន ប៉ុន្តែបញ្ហានេះក៏មិនមែនជាបញ្ហាធំដុំឡើយ ។

លោកបានបន្តថា ចំពោះសំរាមដែលបងប្អូនអាជីវករលក់ដូរ ក្នុងព្រះរាជពិធីចំនួន២ថ្ងៃកន្លងមកទាំងពេលថ្ងៃនិងពេលយប់ ពួកគាត់មានការវេចខ្ចប់ទុកដាក់បានត្រឹមត្រូវ រួចហើយយកទៅដាក់ក្នុងធុងសំរាម របស់សាលារាជធានីភ្នំពេញ ដែលដាក់នៅក្បែរៗពួកគាត់លក់ដូរ ។ ទាំងអស់នេះគឺជាមូលហេតុនាំឲ្យកម្លាំងសម្អាត់អនាម័យរបស់សាលារាជធានីភ្នំពេញ ងាយស្រួលប្រមូលសំរាមបានលឿន គឺចាប់ផ្តើមពីម៉ោង៦ព្រឹក ដល់ម៉ោង៩ព្រឹក ការសម្អាត់របស់ពួកគាត់បានរួចរាល់ ហើយការដឹកជញ្ជូនទាន់ពេលវេលាគ្រប់តំបន់គៅលដៅកន្លែងប្រារព្វពិធីនិងតំបន់ជមវិញទាំងអស់តែម្តង។

ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនេះដែរ លោកអភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមកចូលរួមទស្សនាការប្រណាំងទូកនិង មកដើរលេងកម្សាន្តពេលរាត្រីក្នុព្រះរាជពិធី សូមបងប្អូនកុំបោះចោលសំរាមក្រៅធុងសំរាម ។ សូមមេត្តាបងប្អូនចូលរួមបន្ថែម ក្នុងថែរក្សាបរិស្ថាន អនាម័យ ទើបសាកសមជាប្រជាជនដែលរស់នៅក្នុងទីក្រុងស៊ីវីល័យប្រកដដោយភាពស្អា និងប៉ៃតង មានន័យថា ទីក្រុងស៊ីវីល័យ គឺប្រជាពលរដ្ឋក៏ស៊ីវីល័យដែរ ដូច្នេះប្រជាពលរដ្ឋត្រូវចូលរួមទុកដាក់វេចខ្ចប់សំណល់រឹងរាវឲ្យបានត្រឹមត្រូវ ដើរលេងមិនបង្កជំលុះទៅវិញទៅមក មានសណ្តាប់ធ្នប់របៀបរៀបរយល្អ ។ លោកអភិវបាលបានបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋរបស់យើងនឹងឈានឡើងហើយ ត្បិតពួកគាត់អង្គុយពិសារចំណីអាហារក៏ពិតមែន ប៉ុន្តែពួកគាត់ចេះវេចខ្ចប់ទុកដាក់សំរាមបានល្អ ជាស្តែងឆ្នាំនេះ ប្រជាពល រដ្ឋរបស់យើងពួកគាត់មានការយល់ដឹងច្រើន ពីបញ្ហាសំរាមនេះ ៕

Loading...