អភិបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងចុះតាមដាននិងដោះស្រាយជំនន់ទឹកភ្លៀង នៅកំណាត់ផ្លូវជាតិលេខ៤ 

ភ្នំពេញ៖ ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃ ជាប់គ្នាមក ធ្វើឲ្យភូមិសាស្ត្រមួយចំនួននៃរាជធានីភ្នំពេញបានរងនូវការជនលិច ជាក់ ស្តែងកំណាត់ផ្លូវជាតិលេខ៤ ក្នុងដឹកដីខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ ចំណុចសាលាក្តីខ្មែរក្រហម ត្រូវបានលិចលង់យ៉ាងធ្ងន់ធ្ងូរ ។

បញ្ហាជនលិច ដោយសារភ្លៀងធ្លាក់ខ្លាំង ប៉ុន្មានថ្ងៃជាប់គ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តតាមដាន និងពិនិត្យស្ថានភាព ទឹកភ្លៀងជាច្រើនម៉ែត្រគូប ត្រូវបានហូរឆ្លងកាត់ រាជធានីភ្នំពេញ ពីតំបន់មួយចំនួននៃខេត្តកំពង់ស្ពឺ ធ្លាក់ទៅខេត្តកណ្តាល ពោលហូរចុះមក តាមបណ្តាលផ្លូវជាតិលេខ៤តែម្តង ។

សូមរំលឹកថា កាលពីយប់ថ្ងៃទី២ ក៏ដូចជាថ្ងៃបន្ទាប់ រហូតមកដល់ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះអន្តរាគមន៍ បានដាក់ចេញវិធានការនានា ដល់កម្លាំងជំនាញ ចុះពិនិត្យនិងតាមដាន ស្ថានភាព ចរន្តនៃការបង្ហូរទឹក ក៏ដូចជាប្រឡាយ ដែលមានលទ្ធភាព ក្នុងការដោះស្រាយបានភ្លាមៗ និងបញ្ជៀសនូវជំនន់ទឹកភ្លៀង នៅលើកំណាត់ ផ្លូវជាតិលេខ៤ ត្រង់ចំណុចសាលាក្តីខ្មែរក្រហម ឲ្យបានទាន់ពេលវេលា ។

លោកអភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការកកស្ទះ នៃលំហូរទឹកនេះ មកពីកត្តាជាច្រើន គួបផ្សំគ្នារដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាអភិបាលខណ្ឌ បាននឹងកំពុងដោះស្រាយបានទាន់ពេលវេលា តាមរយៈការកាយប្រឡាយ អោយមានមុខធំ បន្ទាប់ពីចំណុចមួយចំនួន នៅបណ្តោយមហាវិថីឈ្នះ ឈ្នះ ត្រូវបានប្រជាពលរដ្ឋ ដែលសាងសងលំនៅដ្ឋាន តាមបណ្តោយផ្លូវនេះ បិទមុខ ឬបន្សល់ទុកមុខលូតូចៗ ដែលរះស្ទះដល់ការ ហូរច្រោះរបស់ទឹកភ្លៀង ក៏ដូចជាកក់ស្ទះ ដល់លំហូរទឹកនេះតែម្តង ។

លោកអភិបាលរាជធានីភ្នំបានជំរុញ មន្ត្រីគ្រប់គ្រងគ្រឿងចក្រ ធ្វើយ៉ាងណាបន្ថែមគ្រឿងចក្រឲ្យច្រើន សម្រុក ស្តាប្រឡាយ កុំអោយមានការរាំងខ្ទប់ ដោយរុក្ខជាតិដែលដុះតាមប្រឡាយមេ ជាពិសេស កំណកដីល្បាប់ និងសំរាម ដែលហូរអណ្តែតចូល មកក្នុងប្រឡាយតែម្តង ធ្វើយ៉ាងណា ឲ្យដំណើរការ នៃការហូរចេញ នូវជំនន់ទឹកភ្លៀង ត្រូវបានដោះស្រាយភ្លាមៗ មិនឲ្យបង្កផល់ប៉ះពាល់ យូរនិងច្រើនជាងនេះ ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ មិនថាអ្នកទីក្រុងភ្នំពេញ និងបណ្តាលខេត្តនានា ដែលត្រូវឆ្លងកាត់ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ភូមិសាស្ត្រ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា “ក្រោយមានការអភិវឌ្ឍ ប្រទេសជាតិមានការរីកចម្រើន នៅអមសងខាងផ្លូវជាតិលេខ៤ វាក្លាយទៅជាតំបន់ ឧស្សាហកម្ម និងតំបន់សិប្បកម្ម ដែលយើងឃើញស្រាប់ហើយថា ចាប់ពីកំពង់ស្ពឺមក ចាប់ទាំងពីគីរីរម្យមក រហូតដល់រាជធានីភ្នំពេញ អមសងខាងផ្លូវក្លាយទៅជា តំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម និងតំបន់សិប្បកម្ម និងមានកន្លែងខ្លះ លុបស្រែអស់នេះ ប្រែក្លាយទៅជាលំនៅដ្ឋាន ដូច្នេះទឹកទាំងអស់នេះ ភ្លៀងខ្លាំងបុកមកទីក្រុងភ្នំពេញ ដោយហេតុអ្វី? ដោយហេតុថា ភូមិសាស្ត្រ ទីក្រុងភ្នំពេញ វាស្ថិតនៅតាមដងទន្លេចតុមុខ ហើយទឹកជំនន់ទឹកភ្លៀង ទឹកស្ទឹង ទឹកភ្នំ តែងតែហូរប្រសប ចាក់មកទន្លេ នេះជាក្រឹតក្រមធម្មជាតិ” ។

លោក បន្ថែមថា “ទឹកហូរភ្លាមបុកខ្លាំង មកទីក្រុងភ្នំពេញ គួបផ្សំ ជាមួយនឹងប្រជាពលរដ្ឋ នៅក្នុងទីក្រុងភ្នំពេញ ក៏ធ្វើការអភិវឌ្ឍ ដីរបស់គាត់ទៅជាលំនៅដ្ឋាន ទៅជាឧស្សាហកម្ម ហើយមិនបានសហការ ជាមួយរដ្ឋបាល រាជធានីភ្នំពេញយើង ក៏ដូចជារដ្ឋបាលខណ្ឌយើង អោយបានពេញលេញ កន្លែងខ្លះ គាត់ដាក់លូតូចៗ ដូចយើងឃើញហើយថា កំពុងតែកាយនេះ គឺគាត់ដាក់លូមួយម៉ែត្រ ប៉ុន្តែចំណុចនេះ (បណ្តោយមហាវិថី ឈ្នះ ឈ្នះ) ត្រូវទុកប្រឡាយ ៨ ទៅ១០ម៉ែត្រ ដើម្បីទទួលទឹក ពីផ្លូវជាតិលេខ៤មក ។

ជាទូទៅទីក្រុងកំពុងអភិវឌ្ឍន៍ តែងតែជួប នូវបញ្ហាខ្លះហើយ ប៉ុន្តែសំខាន់ អាជ្ញាធរគ្រប់គ្រង់ នៅតែបន្តការអភិវឌ្ឍផង និងកែតម្រូវផង ធ្វើយ៉ាងណា ដើម្បីអោយប្រជាពលរដ្ឋយើង ទទួលបានផល ចេញពីការអភិវឌ្ឍ ឬទទួលបាននូវផល វិជ្ជមាន ក្រោមម្លប់សន្ថិភាព ក្រោមការដឹកនាំ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នេះជាគោលការណ៍ របស់រដ្ឋបាលគ្រប់ជាន់ថ្នាក់របស់ខ្ញុំ កំពុងខិតខំធ្វើកិច្ចការងារនេះ” ។

សូមបញ្ជាក់ដែរថា គិតមកដល់ពេលបច្ចុប្បន្នេះ បញ្ហាជនលិច ដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រ សាលាក្តីខ្មែរក្រហម លើកំណាត់ផ្លូវជាតិលេខ៤ ក៏មានការថមថយ ជាខ្លាំងមកវិញហើយ នៅឡើយចំណុចខ្លះ ដែលរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដោះស្រាយ ដាក់ចេញយុទ្ធវិធីផ្សេងៗ ក្នុងការរំដោះទឹកទាំងនេះផងដែរ៕

 

Loading...