អភិបាលរាជធានីភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមបន្តរក្សាសន្តិភាពដែលកម្ពុជាកំពុងមានបច្ចុប្បន្ន

ភ្នំពេញ៖ កំណើននៃសំណង់អគាររីកដុះដាលគួរឱ្យកត់សម្គាល់នៅក្នុងរាជធានីភ្នំពេញ ដែលបច្ចុប្បន្នរាជធានីមួយនេះមានអគារខ្ពស់ៗជាង ២.០០០អគារ។ សមិទ្ធិផលទាំងអស់នេះ អាចកើតមានឡើងបានដោយសារកត្តាសន្តិភាព ដូច្នេះប្រជាពលរដ្ឋត្រូវបន្តរក្សាសន្តិភាពដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន។ នេះជាប្រសាសន៍របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ការអំពាវនាវរបស់លោកអភិបាលរាជធានីភ្នំពេញ បានធ្វើឡើង ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្នុងពិធីនោះ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា សន្តិភាពរបស់កម្ពុជានៅពេលនេះគឺ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងយកមកដោយលំបាក កាលពីថ្ងៃទី៧ មករា ១៩៧៩ ហើយមកដល់ឆ្នាំ២០២១គឺ មានអាយុកាល ៤២ឆ្នាំហើយ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ថ្ងៃ៧ មករា ជាថ្ងៃប្រវត្តិសាស្ត្រដែលប្រជាពលរដ្ឋកូនចៅជំនាន់ក្រោយទាំងអស់ត្រូវចងចាំ ព្រោះជាថ្ងៃដែលថ្នាក់ដឹកនាំកម្ពុជាបានរំដោះប្រជាពលរដ្ឋចេញពីការកាប់សម្លាប់ដោយរបបប៉ុលពត។ សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែរំដោះប្រទេសចេញពីការកាប់សម្លាប់ប៉ុណ្ណោះទេ តែសម្ដេចបានកសាងអភិវឌ្ឍន៍ប្រទេសជាតិចេញពីចំណុចសូន្យឱ្យប្រទេសមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យថែមទៀត ដែលបានធ្វើឱ្យកំណើនសេដ្ឋកិច្ចកើនឡើងជាប្រចាំ។

សូមបញ្ជាក់ថា រាជធានីភ្នំពេញមានអគារខ្ពស់ៗ ចាប់ពី៧ជាន់ឡើងទៅចំនួនជាង ២០០០អគារ កំពុងបង្ហាញឱ្យពិភពលោកមើលឃើញថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងក្រោមការដឹកនាំរបស់សម្ដេចតេជោ។ ដូច្នេះយើងកុំរម្លឹកពីការឈឺចាប់ ដែលនាំឱ្យយើងឈឺចាប់ជាថ្មីម្ដងទៀត ប៉ុន្តែសម្រាប់ការរម្លឹកថ្ងៃ៧មករាឆ្នាំ១៩៧៩ យើងត្រូវតែរម្លឹកដើម្បីឱ្យកូនចៅជំនាន់ក្រោយៗបានដឹងពីការឈឺចាប់ ដែលប្រជាពលរដ្ឋកម្ពុជាបានទទួលរងទុក្ខសោកដោយការកាប់សម្លាប់ជាតិសាសន៍ឯងរហូតដល់ជាង៣លាននាក់។

ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតក្នុងការថែរក្សាសន្តិភាព ជៀសវាងធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមជាថ្មីម្ដងទៀត។ នេះជាការលើកឡើងដោយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕

Loading...