អភិបាល​រាជធានី​ប្រគល់​ថេ​ប្លេ​ត​៦៨​គ្រឿង​ជូន​ក្រុមគ្រូពេទ្យ

​ភ្នំពេញ​:​ ឧបករណ៍​ថេ​ប្លេ​ត​ដែលជា​ឧបករណ៍​សម្រាប់​បម្រើកា​រងារ​បញ្ចូល​ទិន្នន័យ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន ៦៨​គ្រឿង​ត្រូវបាន លោក ឃួ​ង ស្រេង អភិបាល រាជធានី​ភ្នំពេញ ប្រគល់ ជូន​ដល់​ក្រុមគ្រូពេទ្យ​សម្រាប់​បម្រើការ​ងារ​លើ​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩ នៅ​រាជធានី​ភ្នំពេញ​។​

​ពិធី​ប្រគល់​និង​ទទួល​នេះ​បាន​ធ្វើឡើង នៅ​រសៀល​ថ្ងៃទី​០៤ ខែមេសា នេះ ក្រោម​វត្តមាន លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា​៖ ថេ​ប្លេ​ត ៦៨​គ្រឿង ដែល​ប្រគល់ជូន​ក្រុមគ្រូពេទ្យ គឺ​សម្រាប់​បម្រើ​ការងារ​បញ្ចូល​ទិន្នន័យ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ ដោយ​ស្ម័គ្រចិត្ត​នៅ​ទីតាំង​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ទាំង​៣៤​កន្លែង​ទូទាំង​រាជធានី​ភ្នំពេញ​។

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់ថា ថេ​ប្លេ​ត ៦៨​គ្រឿង​នេះ គឺ​ប្រគល់ជូន​ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ១៤ គ្រឿង ក្រុមគ្រូពេទ្យ​ស្ម័គ្រ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ១៤​គ្រឿង និង​ក្រុមគ្រូពេទ្យ​របស់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ៤០ គ្រឿង​។​

​គួរ​បញ្ជាក់ថា ៖​ដើម្បី​បង្ការ ទប់ស្កាត់​ជម្ងឺ​កូ​វីដ​-១៩​នេះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី ភ្នំពេញ​បាន​យកចិត្តទុកដាក់​ខ្លាំងណាស់ ដោយបាន​ប្រគល់​ម៉ាស អាកុល ជែ​ល ម៉ាស៊ីន វាស់​កំដៅ ស្បៀងអាហារ ជូនទៅ​ខណ្ឌ​ទាំង​១៤ កងកម្លាំង​មាន​សមត្ថកិច្ច និង​ផ្សា​រទាំង​២៥ នៅក្នុង​រាជធានី ជាច្រើនលើក​ច្រើនសារ​រួចមកហើយ ជាមួយនិង​ការណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ ទាំង​១៤​ធ្វើការ​ផ្សព្វផ្សាយ​អំពី​វិធានការ​បង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ដើម្បីឱ្យ​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ទប់ស្កាត់​ជំងឺ​នេះ​ទាំងអស់គ្នា​ពិសេស​គឺ​ការអនុវត្ត​អោយបាន វិធានការ​៣​កុំ​នឹង​៣​ការពារ​៕​

Loading...