អាចជាទំនាស់ផលប្រយោជន៍ទើបនាំឲ្យមានការបង្រ្កាបឈើ ត្រង់ចំណុចភូមិក្រពើពីរលើ ឃុំក្រពើពីរ

ខេត្តពោធិ៍សាត់ ៖ មន្រ្តីបរិស្ថាន និងរដ្ឋបាលព្រៃឈើស្រុកវាលវែង ខ្មាសគេដូចដើរស្រាតខោកណ្ដាលផ្សារ ខណៈកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រពើពីរ និងប្រជាការពារភូមិ ឃាត់ចាប់រថយន្តធុនធំ១គ្រឿងផ្ទុកឈើអារពេញប្រៀប។

ករណីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រពើពីរ និងប្រជាការពារភូមិ ឃាត់ចាប់រថយន្តធុនធំ១គ្រឿង ដែលកំពុងធ្វើចរាចរណ៍ដឹកជញ្ជូនឈើជាក់ស្ដែងខាងលើ ធ្វើឡើងនៅវេលាម៉ោង១១ និង១៥នាទី កណ្ដាលអាធ្រាត្រថ្ងៃអង្គារ ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិដែលកំពុងសាងសង់ ពីខេត្តបាត់ដំបងឆ្លងស្រុកវាលវែងខេត្តពោធិ៍សាត់ ឆ្ពោះទៅខេត្តកោះកុង ត្រង់ចំណុចច្រកចង្អៀត ស្ថិតនៅភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

មន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា រថយន្ត១គ្រឿងម៉ាក ហុីយ៉ានដាយ ភ្លៅ៣ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 3A 0176 មានផ្ទុកឈើអារចំរុះប្រវែង៥ម៉ែត្រ និង៦ម៉ែត្រ ពេញរថយន្ត សរុបប្រមាណជាងចំនួន១៣ម៉ែត្រត្រីគុណ ក្នុងនោះកម្លាំងឃាត់ខ្លួនជនសង្ស័យជាតៃកុងរថយន្តឈ្មោះ ម៉ុក វាសនា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅចំណុចដូននាគ ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

មន្រ្តីនគរបាលស្រុកដដែលបន្តទៀតថា រថយន្ត១គ្រឿងកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើអារជាក់ស្ដែងត្រូវបង្រ្កាប គឺៈ ដឹកចេញពីចំណុចដូននាគ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង(ម្ដុំភូមិតៃកុង)រស់នៅ ក្នុងគោលបំណងឆ្ពោះទៅខេត្តបាត់ដំបង ប៉ុន្តែត្រូវបានកម្លាំងយើងធ្វើការបង្រ្កាប ដូចបានរាបរបខាងលើ បច្ចុប្បន្ន វត្ថុតាង រថយន្ត១គ្រឿងរួមទាំងឈើទាំងអស់ និងតៃកុង ធ្វើកំណត់ហេតុប្រគល់ឲ្យមន្រ្តីបរិស្ថានចាត់ការបន្ត ។

បញ្ហាអារច្រៀកដឹកជញ្ជូនឈើគ្រប់ប្រភេទ នៅចំណុចច្រកចង្អៀត ស្ថិតនៅភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង ឆ្ពោះទៅស្រុកនានានៃខេត្តបាត់ដំបង បន្តទៅខេត្តផ្សេងៗទៀតនោះ កំពុងល្បីល្បាញពីមជ្ឃដ្ឋានខាងដាក់កុលត្រូលជម្រិតយកលុយ ពីសំណាក់សមត្ថកិច្ចចំរុះ២កន្លែង ទឹកខេត្តពោធិ៍សាត់ក៍ដាក់ ទឹកខេត្តបាត់ដំបងក៍ដាក់ ដូច្នេះ សូមកម្លាំងគណៈបញ្ជាការឯកភាពខេត្ត និងស្រុកវាលវែងតែម្ដង មេតាត្រួតពិនិត្យផងថាតើ! ដូចអ្វីដែលមហាជនលើកឡើងដែរឬទេទាន ។

នៅថ្ងៃដដែលនេះប្រភពព័ត៌មានបានរាយការណ៍ថា ការបង្ក្រាបរថយន្តដឹកឈើខាងលើនេះ អាចបណ្ដាលមកពីទំនាស់ផលប្រយោជន៍គ្នា ។ ជាក់ស្ដែងនៅតាមដងផ្លូវខាងលើនេះ គេបានសង្កេតឃើញមានការដាក់កុងត្រូលជជុះរហូតដល់ទៅពីរកន្លែងដើម្បីជំរិតទារប្រាក់ពីប្រជាពលរដ្ឋដឹកឈើ ។ ក្នុងនោះមួយកន្លែងស្ថិតនៅក្នុងដែនគ្រប់គ្រងរបស់ខេត្តបាត់ដំបង និងមួយកន្លែងទៀត នៅក្នុងទឹកដីខេត្តពោធិ៍សាត់៕

Loading...