អាជីវកម្មផ្លូវភេទប្តូរពីចំហមកជ្រកក្រោមរូបភាពម៉ាស្សា ហាងកាត់សក់ និងខារ៉ាអូខេ

ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ ប្រធាននាយដ្ឋានប្រឆាំងប្រឆាំងការជួញដូរ និងការពារអនីតិជន បានបញ្ជាក់ថា ឆ្លងតាមកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា ជាមួយអង្គការមេត្រីអន្តរជាតិ (AIMSWAT) កន្លងមកពិនិត្យឃើញថា បទល្មើសជួញដូរមនុស្ស ពិសេសអំពើធ្វើអាជីវកម្មផ្លូវភេទលើអនីតិជនមានការប្រែប្រួលពីលក្ខណៈចំហមកជ្រកក្រោមរូបភាព ហាងម៉ាស្សា កោសជប់ ហាងកាត់សក់ និងខារ៉ាអូខេ ។ល។ ចំពោះជនរងគ្រោះជាអនីតិជន ដែលជ្រកក្រោមរូបភាពទាំងនេះត្រូវបាននាយកដ្ឋានសហការជាមួយអង្គការមេត្រីអន្តរជាតិ ធ្វើការស្រាវជ្រាវស៊ើបអង្កេត និងបង្រ្កាបបានជាបន្តបន្ទាប់។

ការថ្លែងបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធវិធីប្រតិបត្តិការ និងការប្រើប្រាស់អាវុធ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នៅនាយកដ្ឋានប្រឆាំងប្រឆាំងការជួញដូរ និងការពារអនីតិជន។

លោកបន្តថា វគ្គបណ្តុះបណ្តាលនេះ ពិតជាបានផ្តល់នូវចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗតាមរយៈនៃការហ្វឹកហាត់ផ្ទាល់សំដៅរកភាពរីកចម្រើន និងកិច្ចសហប្រតិបត្តិការល្អក្នុងការប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្រ្តី និងកុមារ ពិសេសការបង្រ្កាបបទល្មើសចាប់ជនសង្ស័យបញ្ជូនទៅតុលាការ និងជួយសង្រ្គោះជនរងគ្រោះបានទាន់ពេលវេលា ។ ឆ្លងតាមវគ្គបណ្តុះបណ្តាលនេះ បញ្ជាក់ឲ្យឃើញច្បាស់ពីអំពីការរីកចម្រើនលើសមត្ថភាពមន្រ្តីជំនាញ និងការខិតខំប្រឹងប្រែងរបស់នគរបាលជាតិកម្ពុជា ក្នុងការស្រាវជ្រាវស៊ើបអង្កេតបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទលើស្រ្តី និងកុមារ ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការពាក់ព័ន្ធ ជាពិសេសអង្គការមេត្រីអន្តរជាតិ។ វគ្គបណ្តុះបណ្តាលនេះបានគ្រូឧទេ្ទសនាមដែលមានបទពិសោធន៍ខ្ពស់ក្នុងការបំពេញភារកិច្ចកន្លងមកនីសហរដ្ឋអាមេរិក ហើយក៏ជាលើកទី៨ ដែលអង្គការមេត្រីអន្តរជាតិ បានរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ជាពិសេសគឺជាលើកទី១ដែលនគរបាលយើងទទួលបានការហ្វឹកហាត់បាញ់កាំភ្លើងកាំរស្មី។

លោកឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ បានបន្តទៀតថា បច្ចុប្បន្នប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ហើយការប្រើប្រាស់អាវុធត្រូវបានកាត់បន្ថយយ៉ាងច្រើន ប៉ុន្តែចំពោះមន្រ្តីនគរបាលជំនាញដែលបាននឹងកំពុងបំពេញភារកិច្ចរក្សាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋចាំបាច់ត្រូវតែមានការស្វែងយល់បន្ថែមនូវវិធីសាស្រ្តការពារខ្លួនពេលប្រតិបត្តិការបង្រ្កាបបទល្មើស និងការប្រើប្រាស់អាវុធជាក់ស្តែងពេលចាប់ជនសង្ស័យ និងសង្រ្គោះជនរងគ្រោះឲ្យបានទាន់ពេលវេលាប្រកបដោយសុវត្ថិភាព៕

 

Loading...