អាជីវករផ្សារគីឡូម៉ែត្រលេខ២ខេត្តស្ទឹងត្រែង បានត្អូញត្អែពីការលំបាករកប្រាក់ចំណូលប្រចាំថ្ងៃ ដោយសារលក់ដូរទំនិញ ម្ហូបចំណីត្រីសាច់ និងបន្លែបង្ការគ្រប់មុខមិនសូវដាច់

ខេត្តស្ទឹងត្រែង៖ ក្រុមអាជីវករដែលមានតូបលក់ដូរទំនិញ ផលកសិកម្ម និងផលនេសាទ នៅក្នុងផ្សារគីឡូម៉ែត្រលេខ២ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បានត្អូញត្អែពីការលំបាកក្នុងការទទួលបានប្រាក់ចំណូល ដោយរកបាន១ថ្ងៃស្ទើរតែទប់ទល់១ថ្ងៃមិនបាន កាន់តែធ្វើឲ្យជីវភាពពួកគាត់ហាក់មានការថយចុះ ព្រោះគ្មានមនុស្សចូលទិញទំនិញ បន្លែត្រីសាច់ធំៗ និងសំបូរបែប ដូចផ្សារពីរទៀតក្នុងក្រុងនោះឡើយ ។

អាជីវករដែលលក់ជី បន្លែ ត្រីសាច់ ផ្អក និងប្រហុកគ្រប់មុខ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានថា សព្វថ្ងៃនេះពួកគាត់លក់ដូរទំនិញ និងគ្រឿងបរិភោគប្រចាំថ្ងៃ មិនសូវដាច់នោះទេ ព្រោះអ្នកដែលចូលទិញទំនិញនៅទីនេះ គឺជាប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន រស់នៅជិតផ្សារគីឡូម៉ែត្រលេខ២នេះតែប៉ុណ្ណោះ។ ពួកគាត់បានបន្តថា ផ្សារមួយនេះកម្រនឹងមានភ្ញៀវចូលទិញទំនិញធំៗណាស់ ដូចពេលនេះអញ្ចឹង ពួកគាត់ជាអ្នកលក់ដូរ ជី បន្លែ ត្រី សាច់គោ ក្របី សាច់ជ្រូក មាន់ទារ គឺលក់មិនសូវដាច់ធំដុំទេ ពីព្រោះគ្មានអ្នកដែលមានតម្រូវការធំ ចូលមកទិញនោះឡើយ។ ហើយបើគេចង់ទិញដូរទំនិញធំៗ ភាគច្រើនភ្ញៀវបានហួសទៅទិញនៅផ្សារពីរទៀត គឺផ្សារអូរឬស្សី ពិសេស គេចូលទៅទិញនៅក្នុងផ្សារសាមគ្គីស្ទឹងត្រែង ព្រោះត្បិតអ្នកលក់ដូរនៅទីនោះមានទំនិញធំៗ ឯអ្នកទិញវិញ គឺគេមានលុយច្រើន និងតម្រូវការខ្ពស់។

ក្រុមអាជីវករថា ការលក់ដូរមិនសូវដាច់នេះ ធ្វើឲ្យពួកគាត់រកប្រាក់ចំណូលប្រចាំថ្ងៃ បានមកដោយលំបាក សំរាប់យកទៅផ្គត់ផ្គង់ជីវភាពគ្រួសារ។ ហើយមូលហេតុដែលគ្មានភ្ញៀវចូលទិញនេះ មកពីផ្សារមួយនេះទើបបង្កើតឡើងថ្មី បានប្រហែលមួយឆ្នាំប៉ុណ្ណោះ ម្យ៉ាងខេត្តដ៏តូចមួយមានផ្សាររហូតដល់ទៅ៣កន្លែង អ្នកលក់ដូរចង់ច្រើនជាងអ្នកទិញនោះទៅទៀត។

គួរបញ្ជាក់ថា ខេត្តស្ទឹងត្រែង គឺជាខេត្តមួយនៅចុងកាត់មាត់ញក នៃតំបន់ភូមិភាគឥសាន្ត ជាប់ព្រំដែនកម្ពុជា-ឡាវ ហើយមានក្រុង១ និងស្រុក៥ ខេត្តនេះមានផ្សារលក់ដូរដល់ទៅ៣កន្លែង ផ្សារសាមគ្គីស្ទឹងត្រែង គឺជាផ្សារចាស់ ទើបសាងសង់ថ្មី និងមានពីរទៀតដែលទើបវិនិយោគ គឺផ្សារអូរឬស្សី សាងសង់ដោយឧកញ៉ា សា លាង និងផ្សារគីឡូម៉ែត្រលេខ២ វិនិយោយោគដោយក្រុមហ៊ុន ហេង តារា ទើបបង្កើតបានប្រហែល១ឆ្នាំកន្លងមកនេះប៉ុណ្ណោះ៕

Loading...