អាជីវករលក់គ្រឿង​ផ្លាក​ទីន​នៅ​ផ្សារ​បាន​លុង​ត្រូវ​គេលួច​គាស់​

ខេត្តរតនគិរី៖ អាជីវករ​លក់​គ្រឿង​ផ្លាក​ទីន​កណ្ដាល​ផ្សារ​ក្រុងបាន​លុង នាំគ្នា​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង បន្ទាប់​ពី​ទូ​លក់​គ្រឿង​ផ្លាក​ទីន​របស់​ពួកគាត់ ត្រូវបាន​គេ​លួច​គាស់​បំផ្លាញ​ជា​ច្រើនលើក តែ​មិន​បាត់​ទ្រព្យ​នោះ​ទេ​។​

នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧នេះ នៅ​ចំណុ​ច​កណ្ដាល​ផ្សារ​ក្រុង​បាន​លុង ខេត្ត​រតនគិរី មាន​ការភ្ញាក់ផ្អើល​មួយ បាន​កើតឡើង បន្ទាប់ពី​ក្រុម​អាជីវករ ម្ចាស់​ទូ​លក់​គ្រឿង​ផ្លាក​ទីន​ចំនួន​៥នាក់ ចូល​ផ្សារ​ទៅ​លក់​ជាធម្មតា តែ​ទូ​របស់ពួក​គាត់​ត្រូវបាន​គេ​លួច​គាស់​។​

បើ​តាម​ការ​ឲ្យដឹង​ពី​អាជីវករ ជា​ជន​រងគ្រោះបានឲ្យដឹង​ថា ពេល​ព្រឹក​ឡើង​បន្ទាប់​ពី​សន្តិសុខ​ផ្សារ បាន​ចាក់សោរ​បើកទ្វារ​ឲ្យ​ពួក​គាត់​ចូលទៅ​លក់​ជាធម្មតា អ្វី​ដែល​ពួកគាត់​ភ្ញាក់ផ្អើល​នោះ គឺ​ពួកគាត់​ឃើញ​ទូ​របស់​គាត់​ត្រូវរ​បើក​រាយប៉ាយ​អស់ តែ​មិន​មាន​អ្វី​ដែល​ពួកគាត់​ទុករបស់សំខានៗនៅ​ក្នុង​ទូ​នោះ​ទេ​។ ក្រុមអាជីវករ​បាន​បន្តថា បើ​ទោះ​ជា​ពួកគាត់​មិន​មាន​បាត់​ទ្រព្យសម្បត្តិ​របស់​គាត់​យ៉ាងណាក៏ដោយ ពួកគាត់​មក​ប្ដឹង​នេះ គឺ​មាន​គោលបំណង​ចង់​ឲ្យ​សមត្ថកិច្ច​វែក​រក​មុខ​ជន​ប្រព្រឹត្ត តើ​គេ​ធ្វើ​នេះ​ដើម្បី​អ្វីទៅ? និង​កុំឲ្យ​មាន​ហេតុការនេះ​កើតឡើង​ជា​លើក​ទី​៤​បន្តទៀត ពី​ព្រោះ​ការ​គាស់​ទូ​នេះ មិនមែន​ជា​លើក​ទី​១​នោះទេ គឺជា​លើក​ទី​៣​ហើយ តែ​មិន​ដែល​បាត់​អ្វី​ទេ ពីព្រោះ​គ្រឿង​ដែល​ត្រូវ​លក់ដូរ ពួកគាត់​ប្រមូល​ដាក់​កាបូប​យក​ទៅ​ផ្ទះ​អស់ហើយ​។ ក្រុម​អាជីវ​បាន​បន្ថែមទៀតថា ពួកគាត់​មិន​បាន​ចោទប្រកាន់ សង្ស័យ​ទៅលើ​អ្នកណា​ម្នាក់​នោះទេ តែ​កន្លងមក ពួកគាត់​មិន​បាន​បង់​ថ្លៃ​ជួល​តូប​ប្រចាំ​ឆ្នាំ​ទៅឲ្យ​ក្រុមហ៊ុន​វិនិយោគ​ផ្សារ​ទេ ដោយ ​ពួកគាត់​បាន​ធ្វើ​ការតវ៉ា​ថា ក្រុមហ៊ុន​បាន​បង់​ថ្លៃ​ជួល​តូប ពី​ពួកគាត់​លើស​ក្នុង​សៀវភៅ​បន្ទុក​កិច្ចសន្យា ដូច្នេះ​ពួកគាត់​រងចាំ​ការដោះស្រាយ ពី​អាជ្ញាធរ​ថ្នាក់​ខេត្ត​សិន​។​

ជុំវិញ​ករណី​គាស់​ទូ​លក់​គ្រឿង​ផ្លាក​ទីន​ខាងលើនេះ លោក​ឧកញ៉ា សា លាង ម្ចាស់​ក្រុមហ៊ុន​វិនិយោគ​ផ្សារ​ក្រុង​បានលុង បានឲ្យ​អ្នកសារព័ត៌មាន​ដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​១៣ ខែកក្កដា នេះ​ថា ករណី​គាស់​ទូ​ក្នុង​ផ្សារ​នេះ លោក​ត្រូវ​តែ​ឲ្យ​គណ:កម្មការ​ផ្សារ ស្រាវជ្រាវ​ឲ្យបាន​ហ្មត់ចត់ វែកមុខ​រកឲ្យឃើញ ពីព្រោះ​វា​មិន​អាច​មាន​អញ្ចឹងៗ​កើតឡើង​ទេ ដោយហេតុ​ថា យើង​ចាក់សោរ​គ្រប់ពេលវេលា ដូច្នេះ​គណ:កម្មការ​ផ្សារ​ត្រូវតែ​សហកា​រណ៍​ជាមួយ​សមត្ថកិច្ច ស្រាវជ្រាវ​រក​វែកមុខ​ឲ្យឃើញ ឲ្យខានតែបាន​។​

ចំណែក​លោក ជៀម សុផាត ដែល​លោក​ឧកញ៉ា សា លាង អះអាងថា ជា​គណ:កម្មការ​ផ្សារ​នោះអ្នក​សារណ័ត៌មាន​ មិនអាច​សុំ​ការបំភ្លឺ​ណាមួយ​បានទេ ដោយ​ទូរស័ព្ទ​ចូល​ហើយ លោក​ថា ជាប់រវល់​។​

បើទោះជា​យ៉ាងណា ករណី​ខាងលើ​នេះ មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង​ថា មិនមាន​អ្វី​គួរ​ឲ្យ​ពិបាក​ស្រាវជ្រាវ​ទេ ពីព្រោះ​ផ្សារ​មាន​សន្តិសុខ​ការពារ មាន​ម៉ោង មាន​ពេល​បើក​សោរ និង​ម៉ោង​ដែល​ត្រូវ​ចាក់សោរ ហើយ​ម្យ៉ាងវិញទៀតហេតុ​អី​បានជា តូប ដែល​មាន​ទំនិញ ម៉េច​ក៏​គេ​មិន​គាស់ បែរ​ជា​គាស់​ទូកញ្ចក់ ដែល​មើល​ទៅ​មិនមាន​អីវ៉ាន់​សោះ បែរ​ជា​គេ​គាស់​ច្រើនលើក ច្រើន​សារ​ទៅ​វិញ??​៕

Loading...