អាជីវករ និងសន្តិសុខនៅផ្សារអូរឬស្សី ចំនួន១៦នាក់ ក្នុងនោះមានអាជីវករ១២នាក់ និងសន្តិសុខ៤នាក់ ត្រូវបានរកឃើញឆ្លង កូវីដជាបន្តបន្ទាប់

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអាជីវករ និងសន្តិសុខដែលកើតជំងឺកូវីដ១៩ទាំងនោះ សូមទៅធ្វើតេស្តរកមេរោគ កូវីដ ១៩ នៅវិទ្យាល័យបាក់ទូក។

អាជីវករ និងសន្តិសុខនៅផ្សារអូរឬស្សី ចំនួន១៦នាក់ ក្នុងនោះមានអាជីវករ១២នាក់ និងសន្តិសុខ៤នាក់ ត្រូវបានរកឃើញឆ្លង កូវីដជាបន្តបន្ទាប់ ហេតុដូច្នេះហើយអាជ្ញាធរសូមអំពាវនាវដល់បងប្អូន អាជីវករទាំងអស់នៅក្នុង ផ្សារអូរឬស្សីទៅយកសំណាកជាបន្ទាន់ ហើយនឹងប្រើផ្លូវច្បាប់បើសិននៅបន្តគេចវេស មិនព្រមទៅយកសំណាក នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ នេះ ។

ជាមួយគ្នានេះគេសង្កេតឃើញថា មានអ្នប៉ះពាល់ទាំងផ្ទាល់ និងប្រយោលបានទៅយកសំណាក ប៉ុន្តែទន្ទឹមគ្នានោះក៏មានអ្នកខ្លះទៀតដែលធ្លាប់ប៉ះពាល់ជាមួយអ្នកជំងឺ មិនបានទៅយកសំណាកនោះទេ។ ជាមួយនឹងបញ្ហានេះ អាជ្ញាធរបានព្រមានប្រើផ្លូវច្បាប់ចំពោះអ្នកគេចវេសទាំងនោះ បើនៅតែមិនព្រមទៅយកសំណាក នៅពេលដែលខ្លួនបានដឹងថា ធ្លាប់មានការប៉ះពាល់ជាមួយអ្នកកើតកូវីដកន្លងមកនោះ។

ដូច្នេះសូមឲ្យបងប្អូនរបស់យើង អញ្ជើញទៅយកសំណាកជាបន្ទាន់ ដើម្បីស្វែងរកកូវីដ១៩ ចៀសវាងការប្រើវិធានការតាមច្បាប់»។

សូមបញ្ជាក់ដែរថា ៖ថ្មីៗនេះសាលារាជធានីភ្នំពេញ បានជូនដំណឹងថា ប្រសិនបើមានរោគសញ្ញា ឬមានបញ្ហាចម្ងល់ផ្សេងៗ អាចទាក់ទងទៅលេខ Hotline និងលេខទូរស័ព្ទ ៣ប្រព័ន្ធទៀត រួមមាន៖

*ទី១៖ Hotline 1299 *ទី២៖ 098 379 777 *ទី៣៖ 077 856 966 *ទី៤៖ 099 429 040 * ប្រជាពលរដ្ឋ ក៏អាចទាក់ទងទៅ Facebook របស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ។

គួរបញ្ជាក់ថា៖រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ បានសម្រេចផ្អាកការចេញចូលផ្សារអូរឫស្សីជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ។ ការផ្អាកនេះ ធ្វើឡើងបន្ទាប់ពីរកឃើញអាជីវករ អនុប្រធានផ្សារ និងសន្តិសុខសរុប ៦នាក់ បានកើតជំងឺកូវីដ១៩។

បើតាមសេចក្តីជូនដំណឹង បានបញ្ជាក់ថា ការផ្អាកនេះធ្វើឡើងចាប់ពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ សេចក្តីជូនដំណឹងបានបន្ថែមថា ការផ្អាកនេះ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ១៩ ទៅដល់អាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋចេញចូលផ្សារ។

រដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា ៖ក្នុងកំលុងពេលផ្អាកនេះ រដ្ឋបាលរាជធានីភ្នំពេញ ធានារ៉ាប់រងលើការងារសន្តិសុខ និងសុវត្ថិភាព ចំពោះសម្ភារៈ និងឥវ៉ាន់គ្រប់ប្រភេទរបស់អាជីវករដែលបានរក្សាក្នុងតូបនីមួយៗមិនឱ្យបាត់បង់ ឬតម្រូវឱ្យបង់ថ្លៃណាមួយនោះឡើយ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ផ្អាកការចេញចូលផ្សារទៅ លោកក៏បានចាត់ចែងឱ្យលាង និងបាញ់ថ្នាំនៅក្នុងផ្សារនេះផងដែរ៕

Loading...