អាជីវករ និង​អ្នក​ប្រក​បរបរ ក្នុង​ផ្សារ​ធំថ្មី ដែលមាន​ជីវភាព​ខ្វះខាត ជិត​២០០​នាក់ ទទួលបាន អំណោយ​អង្ករ សម្ដេច​តេ​ជោ ហ៊ុនសែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​

ភ្នំពេញៈ អាជីវករ បុគ្គលិក​អនាម័យ កម្មករ​លីសែង ម៉ូតូឌុប និង​អ្នកធាក់ស៊ីក្លូ ដែលមាន​ជីវភាព​ខ្វះខាត និង​កំពុង​ប្រក​បរបរ រកស៊ី​នៅក្នុង​ផ្សារ​ធំថ្មី ចំនួន ១៩៨ នាក់ ទទួលបាន​អំណោយ ជា​អង្ករ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។ ពិធី​ប្រគល់​និង​ទទួល​អំណោយ​នេះ បានធ្វើ​ឡើង​នៅ ក្នុង​បរិវេណ​ផ្សារ​ធំថ្មី នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមីនា​នេះ ក្រោម​អធិបតីភាព លោកស្រី នូ ថាវ​រី អភិបាលរង ខណ្ឌដូនពេញ លោកស្រី ប៉ុន ដា​នី អភិបាល​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំថ្មី រួមជាមួយ មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​។​

​ក្នុងឱកាស​អញ្ជើញ ផ្តល់​អំណោយ​នោះ លោកស្រី ប៉ុន ដា​នី អភិបាល​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំថ្មី បានបញ្ជាក់​ថាៈ អំណោយ​ជា​អង្ករ​នេះ ជា​អំណោយ​របស់ សម្ដេច​តេ​ជោ ហ៊ុនសែន នាយក រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានប្រគល់​មក ដើម្បី​ឲ្យ​ចែកជូន​ដល់​បងប្អូន អាជីវករ បុគ្គលិក​អនាម័យ កម្មករ​លីសែង ម៉ូតូឌុប និង​អ្នកធាក់ស៊ីក្លូ ដែលមាន​ជីវភាព​ខ្វះខាត និង​កំពុង​ប្រក​បរបរ រកស៊ី​នៅក្នុង​ផ្សារ​ធំថ្មី ដើម្បី​ដោះស្រាយ ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។​

​លោកស្រី ប៉ុន ដា​នី បាន​បន្តថាៈ សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​យកចិត្ត ទុកដាក់ ចំពោះ​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប ដោយ​មិន​ទុកឱ្យ​ប្រជាពលរដ្ឋ ណា​ម្នាក់ ត្រូវស្លាប់​ដោយសារ​គ្មាន​ស្បៀងអាហារ​នោះឡើយ​។ ហើយ​ថ្វីត្បិតតែ​នេះ ជា​អំណោយ​បន្តិចបន្តួច ក៏ពិតមែន ប៉ុន្តែ​អំណោយ​នេះ អាចជួយ​រំលែក​ទុក្ខលំបាក របស់​បងប្អូន​បាន​មួយចំណែក​ដែរ​។​

​ជាមួយគ្នា​នោះ លោកស្រី នូ ថាវ​រី អភិបាលរង​ខណ្ឌដូនពេញ​ក៏​អំពាវនាវ​អោយ​ង្កើ​ន​ការ ប្រុងប្រយ័ត្ន អនុវត្ត​វិធាន​របស់​ក្រសួងសុខាភិបាល ដោយ​ត្រូវ​ពាក់​ម៉ាស​ឧស្សាហ៍​លាងដៃ នឹង​អាកុល ឬ​សាប៊ូ សម្អាត​អនាម័យ​ខ្លួនប្រាណ និង​រក្សា​គម្លាត​សុវត្ថិភាព ដើម្បី​បន្ត​ទប់ស្កាត់ នូវ​ការឆ្លង​រាលដាល​នូវ​ជំងឺ​កូ​វីដ ១៩ នៅក្នុង​ប្រទេស​កម្ពុជា ៕

Loading...