អាជ្ញាធរខេត្តកោះកុងចុះពិនិត្យទីតាំងប្រមូលក្រួសក្រហម និងខ្សាច់សំណង់ បន្ទាប់ពីមានការស្នើសុំដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប

ខេត្តកោះកុង ៖ អាជ្ញាធរខេត្តកោះកុង ដឹកនាំដោ ឯកឧត្តម សុខ សុទ្ធី អភិបាលរង តំណាងលោកជំទាវ មិថុនា ភូថង អភិបាលរងខេត្តកោះ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ បានចុះពិនិត្យទីតាំងប្រមូលក្រួសក្រហម និងខ្សាច់សំណង់ បន្ទាប់ពីមានការស្នើសុំដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប សម្រាប់ធ្វើការស្ថាបនាផ្លូវក្រាលក្រួសក្រហម ១ខ្សែប្រវែង ៣៣.៥៣គីឡូម៉ែត្រ ចាប់ពីចំណុចឃុំទួលគគីរ នៃស្រុកមណ្ឌលកែវសីមា តភ្ជាប់ទៅឃុំព្រែកខ្សាច់ នៃស្រុកគគីរសាគរ ដោយឆ្លងកាត់ឃុំជ្រោយប្រស់ នៃស្រុកកោះកុង ខេត្តកោះកុង។

ជាលទ្ធផលបន្ទាប់ពីបានបើកកិច្ចប្រជុំពិភាក្សាជាមួយមន្ទីរជំនាញ រដ្ឋបាលស្រុក ឃុំពាក់ព័ន្ធនឹងចុះពិនិត្យដល់ទីតាំងរួចមក ជាក់ស្តែងទីតាំងដែលស្នើសុំនេះគឺ ៖

១.ទីតាំងស្នើសុំយកក្រួសក្រហម យោងតាមចំណុចនិយាមកា គឺស្ថិតក្នុងតំបន់អភិរក្ស គ្របដណ្តប់ដោយអនុក្រឹត្យលេខ ១៧៩ ស្តីពីការបង្កើតតំបន់សហគមន៍ដែនជម្រកសត្វព្រៃពាមក្រសោប ក៏ដូចជាព្រះរាជក្រឹត្យ ស្តីពីការបង្កើតដែនជម្រកសត្វព្រៃពាមក្រសោប ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន។ ជានិតីវិធី តម្រូវឲ្យកងវិស្វកម្ម ធ្វើសំណើដើម្បីស្នើសូមគោលការណ៍ឯកភាពពីក្រសួងបរិស្ថាន។

២.ទីតាំងស្នើសុំយកខ្សាច់ តាមការចុះពិនិត្យជាក់ស្តែង គឺមួយផ្នែកស្ថិតក្នុងទីតាំងដីកម្មសិទ្ធិឯកជន និងមួយផ្នែកទៀតស្ថិតក្នុងតំបន់ សហគមន៍ យោងតាមអនុក្រឹត្យលេខ៣០ស្តីពីការឆ្វៀលផ្ទៃដីពីតំបន់ការពារធម្មជាតិ ជីវចម្រុះ និងគម្របព្រៃឈើ ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត។ ដូចនេះទីតាំងស្នើសុំ ដែលប៉ះពាល់កម្មសិទ្ធិឯកជន កងវិស្វកម្ម ត្រូវធ្វើការសម្របសម្រួល ជាមួយសាមីកម្មសិទ្ធិករដោយផ្ទាល់ ឬអាចស្នើសុំការសម្របសម្រួលពីអាជ្ញាធរស្រុក ក៏ដូចជាអាជ្ញាធរខេត្ត។

ជាមួយគ្នានេះ ឯកឧត្តម សុខ សុទ្ធី អភិបាលរងខេត្ត ក៏បានណែនាំបន្ថែម ចំពោះទីតាំងស្នើសុំប្រមូលយកក្រួសក្រហម និងខ្សាច់គឺ មួយផ្នែកស្ថិតក្នុងក្នុងតំបន់សហគមន៍ ចំពោះទីតាំងសម្រាប់ស្តុកសម្ភារការដ្ឋាន គឺក្រុមការងារកងវិស្វកម្ម ត្រូវកំណត់និយាមកា ផ្ទៃក្រឡា និងចំនួនទីតាំងឲ្យបានច្បាស់លាស់ ដើម្បីជូនភ្ជាប់នឹងសំណើទៅក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ត ដើម្បីពិនិត្យលទ្ធភាពផ្តល់ជូនតាមតម្រូវការជាក់ស្តែង៕

Loading...