អាជ្ញាធរខេត្តកំពង់ធំ ជម្រុញអ្នកសារព័ត៌មាន ឲ្យចុះបញ្ជីនៅមន្ទីរព័ត៌មានខេត្តឲ្យបានគ្រប់ៗគ្នា ដើម្បីងាយស្រួលក្នុងការចុះបំពេញវិជ្ជាជីវៈ និងពង្រឹងកិច្ចសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្ត ឲ្យបានល្អប្រសើរ !

ខេត្តកំពង់ធំ៖ ប្រសាសន៍ជម្រុញរបស់ អភិបាលរងខេត្តកំពង់ធំ លោក សុក ហៃ បានធ្វើឡើងក្នុងគ្រាដែលលោក បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីជួបពិភាក្សា រវាងអាជ្ញាធរខេត្ត ជាមួយអ្នកសារព័ត៌មាន ដែលបានបំពេញវិជ្ជាជីវៈ នៅលើដែនដីរដ្ឋបាលខេត្តកំពង់ធំ កាលពីថ្ងៃទី១៥មករាឆ្នាំ២០២១។ជំនួបពិភាក្សានោះ មានការចូលរួមពីមន្ត្រីខេត្ត ក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពកងកម្លាំងទាំង៣ និងអ្នកសារព័ត៌មានរាបសិបនាក់ ផងដែរ។
នៅក្នុងកិច្ចពិភាក្សានោះទៀត ថ្នាក់ដឹកនាំខេត្តកំពង់ធំ បានផ្តល់ឱកាសដល់មន្ត្រីខេត្ត ក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពកងកម្លាំង និងអ្នកសារព័ត៌មាន លើកឡើងពីបញ្ហាប្រឈមនានា ក្នុងពេលអនុវត្តការងារ និងការបំពេញវិជ្ជាជីវៈ ក៏ដូចជាបញ្ហាប្រឈមមួយចំនួន នៃការកើតឡើងបទល្មើសព្រៃឈើ ធនធានធម្មជាតិ ធនធានរ៉ែ បទល្មើសនេសាទ បទល្មើសនានា កង្វល់ និងសំណូមពរ ផ្សេងៗទៀត របស់ប្រជាពលរដ្ឋ ដែលកើតឡើងនៅក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ។

ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ លោកស្រី ង៉ែត ណារីន បានរាយការណ៍ ជុំវិញការចុះបំពេញវិជ្ជាជីវៈ របស់អ្នកសារព័ត៌មាននៅលើដែនដីរដ្ឋបាលខេត្ត និងលោកស្រី បានថ្លែងកោតសរសើរដល់អ្នកសារព័ត៌មានអាជីព ដែលបានចុះយកព័ត៌មាន ដើម្បីផ្សព្វផ្សាយប្រកដោយក្រមសីលធម៌វិជ្ជាជីវៈ។ ប៉ុន្តែ លោកស្រី ក៏បានស្តីបន្ទោសទៅដល់អ្នកសារព័ត៌មានមួយចំនួនតូច ដែលតែងបានចុះយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច នៅថ្នាក់មូលដ្ឋាន ថែមទៀតផង។ លោកស្រីប្រធានមន្ទីរព័ត៌មាន បានស្នើដល់អង្គភាពសារព័ត៌មាន ដែលតែងផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងពេលកន្លងមក ក៏ដូចក្នុងពេលបច្ចុប្បន្ន ត្រូវធ្វើការកែប្រែឥរិយាបថ ក្នុងការផ្សព្វផ្សាយឡើងវិញ និងក៏មិនត្រូវធ្វើនូវអ្វីដែលផ្ទុយពីវិជ្ជាជីវៈអ្នកសារព័ត៌មាន នោះដែរ បើពុំនោះទេ អាចប្រឈមនឹងផ្លូវច្បាប់ ជាក់ជាមិនខានឡើយ។

ក្រុមអ្នកសារព័ត៌មាន បានស្នើដល់អាជ្ញាធរខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមបន្តពង្រឹងកិច្ចសហការ ជាមួយអ្នកសារព័ត៌មាន ក្នុងការចុះទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនានា ដែលអ្នកសារព័ណ៌មានបានជួបប្រទះ ហើយការរាយការណ៍ ជូនអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ដើម្បីមានចំណាត់ការ បានទាន់ពេលវេលាផង។

អភិបាលរងខេត្តកំពង់ធំ លោក សុក ហៃ បានជម្រុញឲ្យអ្នកសារព័ត៌មាន បន្តចុះបញ្ជីនៅមន្ទីរព័ត៌មានក្នុងខេត្តកំពង់ធំ ឲ្យបានគ្រប់ៗគ្នា ដើម្បីងាយស្រួលដល់ការផ្តល់ឱកាស ដល់មន្ទីរក្នុងការគ្រប់គ្រង និងការប្រមូលស្រង់ទិន្នន័យអ្នកសារព័ត៌មាន ដែលបានចុះយកព័ត៌មាន និងការបំពេញវិជ្ជាជីវៈ នៅលើដែនដីរដ្ឋបាលខេត្តកំពង់ធំ ។ លោក សុក ហៃ បានដាស់តឿន ដល់អ្នកសារព័ត៌មានទាំងអស់ មុនពេលផ្សព្វផ្សាយព័ត៌មាន ត្រូវរកប្រភពឲ្យបានគ្រប់ជ្រុងជ្រោយ ចាំធ្វើការផ្សព្វផ្សាយ ដើម្បីធ្វើឲ្យព័ត៌មានមានតម្លៃ និងមានការទទួលស្គាល់ថា ព័ត៌មានទាំងនេះពិតជាផ្សព្វផ្សាយ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ហើយមានតម្លៃជាសកល។

លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ បានជម្រុញឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បង្កើនការទំនាក់ទំនង និងបន្តការពង្រឹងកិច្ចសហការល្អ ជាមួយអ្នកសារព័ត៌មាន ដើម្បីរួមគ្នាអភិវឌ្ឍសង្គមជាតិ ឲ្យមានការរីកចម្រើន ព្រោះអ្នកសារព័ត៌មាន គឺជាកញ្ចក់ឆ្លុះបញ្ចាំង នូវតថភាពសង្គម។ លោក សុក ហៃ បានផ្តាំផ្ញើដល់មន្ត្រី និងអ្នកសារព័ត៌មាន ត្រូវរួមគ្នាបន្តអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងការអនុវត្តតាមវិធានការ ក្រសួងសុខាភិបាល ឲ្យបានល្អ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ទាំងអស់គ្នា៕

Loading...