អាជ្ញាធរខេត្តកំពង់ស្ពឺចាប់ផ្តើមចាត់វិធាន ការរដ្ឋបាលហើយចំពោះករណីមិនបញ្ឈប់ការជួបជុំចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺនោះ

ខេត្តកំពង់ស្ពឺ៖ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ អាជ្ញាធរខេត្តកំពង់ស្ពឺ បានដាក់ចេញនូវវិធានការរដ្ឋបាលដោយផ្អាកលើការជួបជុំ ផ្អាកសកម្មភាពអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័ត ហាងលក់ភេសជ្ជៈ (គ្រឿងស្រវឹង) ដែលបើកបម្រើអតិថិជន ត្រូវផ្អាកទទួលភ្ញៀវជាបណ្ដោះអាសន្ន
ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ។ក្រោយមានដាក់ចេញវិធានការនេះនៅយប់ថ្ងៃទី០៣ខែមេសាឆ្នាំ២០២១ម្សិលមិញ រដ្ឋបាលក្រុងច្បារមនលោក ហុក ម៉ារ៉ាឌី បានដឹកនាំកម្លាំងចំរុះចុះផ្សព្វផ្សាយអប់រំដល់គ្រប់ម្ចាស់ទីតាំងដែលមានការលក់ដូរបង្ករអោយមានការជួបជុំក្នុងភូមិសាស្ត្រក្រុង អោយផ្អាកសកម្មភាពលក់ដូរនិងឈប់ទទួលភ្ញៀវបណ្តោះអាសន្នត្រឹមម៉ោង២០យប់រហូតដល់ម៉ោង៥ព្រឹក។

លោក ហុក ម៉ារ៉ាឌី ប្រធានគណៈបញ្ជាការឯកភាព អភិបាលក្រុងច្បារមនបានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា នេះជាយុទ្ធនាការដំបូងដែលមានលក្ខណៈទ្រង់ទ្រាយធំមានការចូលរួមពីកម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងស្នងការដ្ឋានខេត្តក្នុងការចុះអប់រំផ្សព្វផ្សាយជំហ៊ានដំបូង។

លោក ហុក ម៉ារ៉ាឌី បានប្រាប់បន្ថែមថា យោងតាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ការដាក់ចេញវិធានការរដ្ឋបាលនេះគឺធ្វើឡើងចាប់ពីថ្ងៃទី២ដល់ថ្ងៃទី១៥ ខែមេសាឆ្នាំ២០២១ដែលមានរយៈពេលតែ១៤ថ្ងៃប៉ុណ្ណោះ។ប៉ុន្តែចំពោះរាល់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សត្រូវបានលើកលែងក្នុងករណីចាំបាច់ដូចខាងក្រោម៖
ទី១. សកម្មភាពអាជីវកម្មតាមភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារចល័ត អាចបម្រើសេវាកម្មជាលក្ខណៈវេចខ្ចប់

ទី២. ការជួបជុំលក្ខណៈសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា

ទី៣. ការរៀបចំពិធីបុណ្យសព ដោយគោរពតាមវិធានសុខាភិបាល និងតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច

ទី៤. ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដែលបំពេញការងារថែរក្សាសង្គ្រោះបន្ទាន់ផ្សេងទៀត

ទី៥. ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការបំពេញភារកិច្ច ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

លោកអភិបាលក្រុងច្បារមនក៏បាន
បញ្ជាក់ទៀតដែរថាអាជ្ញាធរនឹងអនុវត្តវិធានការរដ្ឋបាលតាមផ្លូវច្បាប់ដូចបានកំណត់ក្នុងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានចំពោះ គ្រប់ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋទាំងឡាយណា ដែលមិនចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ត។

សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺ ជាខេត្តទី២ហើយ ដែលបានដាក់ចេញនូវវិធានការបណ្ដោះអាសន្ននេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ បន្ទាប់ពីរាជធានីភ្នំពេញ ដែលបានប្រកាសកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១កន្លងទៅ៕

Loading...