អាជ្ញាធរខេត្តបន្ទាយមានជ័យប្រជុំដោះស្រាយផលប៉ះពាល់ពីគម្រោងសាងសង់ផ្លូវរថភ្លើង

ខេត្តបន្ទាយមានជ័យ ៖អាជ្ញាធរខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១០ កុម្ភៈ ប្រជុំដោះស្រាយបញ្ហាប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងសាងសង់ ផ្លូវរថភ្លើងនៅក្រុងប៉ោយប៉ែត។ ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ដែលបានចូលរួមក្នុងកិច្ចប្រជុំនៅសាលាក្រុងប៉ោយប៉ែត ភាគច្រើនសាទរនឹងការដោះស្រាយនេះ ប៉ុន្តែការប្រជុំនេះពុំទាន់ទទួលបានលទ្ធផលនៅឡើយ។
ប្រជាពលរដ្ឋ និងមន្ត្រីការពារសិទ្ធិមនុស្ស លើកឡើងស្រដៀងគ្នាថា បន្ទាប់ពីការប្រជុំនេះទៅ ពួកគេនឹងរង់ចាំមើលការដោះស្រាយរបស់អាជ្ញាធរបន្តទៀត ពីព្រោះកន្លងមក អាជ្ញាធរបានត្រឹមតែសន្យាខ្យល់ជាមួយប្រជាពលរដ្ឋទេ។
តំណាងពលរដ្ឋដែលរងការប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ផ្លូវ រថភ្លើងនៅក្រុងប៉ោយប៉ែត គឺលោកស្រី លី ណា ថ្លែងថា លោកស្រីទន្ទឹងរង់ចាំឲ្យអាជ្ញាធរដោះស្រាយសំណងប៉ះពាល់ផ្លូវដែកជូន ពួកគាត់ជាង ៤ឆ្នាំមកហើយ តែពុំមានច្រកចេញនោះទេ។ លោកស្រីអះអាងថា អាជ្ញាធរខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញពាក់ព័ន្ធ បានសន្យាជាមួយពួកគាត់ថា នឹងចុះសិក្សាពីការប៉ះពាល់ដល់ទីកន្លែងរស់នៅរបស់ប្រជាពលរដ្ឋ និងផ្ដល់សំណងទៅតាមការជាក់ស្ដែង។ លោកស្រីរំពឹងថា អាជ្ញាធរនឹងដោះស្រាយជូនពួកគាត់បានឆាប់រហ័សតាមការសន្យា៖ «ពួកយើងខ្ញុំនឹងរង់ចាំមើលការដោះស្រាយរបស់អាជ្ញាធរនេះ ថាតើមានភាពយុត្តិធម៌ ឬយ៉ាងណា? បើសិនជាពុំយុត្តិធម៌ទេ នោះពួកខ្ញុំនឹងមានតវ៉ាសាជាថ្មីទៀត»។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលរងខេត្តបន្ទាយមានជ័យ ទទួលបន្ទុកដោះស្រាយដីធ្លី លោក លី សារី មានប្រសាសន៍ថា ការប្រជុំដោះស្រាយនេះ អាជ្ញាធរនឹងផ្ដល់សំណងទៅប្រជាពលរដ្ឋដែលរស់នៅពីអ័ក្សផ្លូវរថភ្លើង ម្ខាង ៣ម៉ែត្រកន្លះ។ លោកអះអាងថា ពលរដ្ឋដែលមានបញ្ហាមិនទាន់ដោះស្រាយនៅសល់មិនដល់ ១០គ្រួសារនោះទេ។ ទោះជាយ៉ាងណាក៏ដោយ លោកពុំបានបញ្ជាក់ពីចំនួនសំណងដែលពលរដ្ឋនឹងទទួលបាន ថាចំនួនប៉ុន្មាននៅឡើយ៖ «ការទទួលសំណងនេះ បងប្អូនប្រជាពលរដ្ឋមួយគាត់មិនស្មោះត្រង់ជាមួយអាជ្ញាធរដែរ មានន័យថា នៅពេលពួកគាត់ទទួលបានសំណងហើយ គឺគាត់ឲ្យពលរដ្ឋផ្សេងចូលទៅរស់នៅទីតាំងនោះបន្តទៀត។ បញ្ហានេះទើបធ្វើអាជ្ញាធរពិបាកដោះស្រាយនោះ»។
ផ្ទុយពីការអះអាងរបស់អាជ្ញាធរ អ្នកស្រុកអះអាងថា ចំនួនពលរដ្ឋរងផលប៉ះពាល់ពីគម្រោងសាងសង់ផ្លូវរថភ្លើងនៅក្រុង ប៉ោយប៉ែត មិនទាន់ដោះស្រាយមានជិត ១០០គ្រួសារ។ ពួកគាត់លើកឡើងថា កន្លងទៅ អាជ្ញាធរពុំបានដោះស្រាយទៅលើគ្រួសារដែលប៉ះពាល់ពិតប្រាកដនោះទេ។
មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ខេត្ត បន្ទាយមានជ័យ លោក ភួន ឈិន សាទរចំពោះការប្រជុំដោះស្រាយរបស់អាជ្ញាធរនេះ ប៉ុន្តែលោកសំណូមពរទៅអាជ្ញាធរពាក់ព័ន្ធ ធ្វើយ៉ាងណាកុំឲ្យសន្យាខ្យល់ជាមួយប្រជាពលរដ្ឋដូចពេលមុនៗទៀត៖ «បញ្ហា សំខាន់ គឺអាជ្ញាធរមិនបានប្រាប់ពលរដ្ឋឲ្យយល់ច្បាស់អំពីការដោះស្រាយនោះ ទើបធ្វើឲ្យពួកគាត់មិនសប្បាយចិត្ត ហើយនាំគ្នាតវ៉ាជាបន្តបន្ទាប់មក»។
គម្រោងសាងសង់ផ្លូវរថភ្លើងនៅកម្ពុជា ឧបត្ថម្ភថវិកាដោយធនាគារអភិវឌ្ឍន៍អាស៊ី អេ.ឌី.ប៊ី (ADB) សាងសង់ ផ្លូវដែកចំនួន ២ខ្សែ គឺពីភ្នំពេញទៅក្រុងព្រះសីហនុ និងពីភ្នំពេញទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គម្រោងនេះ បានធ្វើឲ្យប៉ះពាល់ពលរដ្ឋនៅក្រុងប៉ោយប៉ែត ជិត ៧០០គ្រួសារ។ កន្លងទៅ ប្រជាពលរដ្ឋធ្លាប់នាំគ្នាតវ៉ាឲ្យអាជ្ញាធរក្រុងប៉ោយប៉ែត ដោះស្រាយសំណងប៉ះពាល់ជូនពួកគាត់ចំនួន ១៤លើកមកហើយ។ បន្ទាប់ពីការតវ៉ារបស់ពលរដ្ឋ ជាទូទៅអាជ្ញាធរបានកោះប្រជុំដោះស្រាយភ្លាមៗដែរ តែពុំទទួលបានលទ្ធផល។
អង្គការសង្គមស៊ីវិលមើលឃើញថា ការកោះប្រជុំរបស់អាជ្ញាធរ គ្រាន់តែជាការផ្គាប់ចិត្តពលរដ្ឋមិនឲ្យតវ៉ាមួយគ្រាប៉ុណ្ណោះ៕

IMG-05

Loading...

Leave a Reply

Your email address will not be published. Required fields are marked *