អាជ្ញាធរខេត្តព្រះវិហារបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នគ្រាដែលកម្ពស់ទឹកស្ទឹងសែនបានហក់ឡើងហួសពីកម្រិតប្រកាសអាសន្ន

ខេត្តព្រះវិហារ៖ ភ្លៀងនៅតែបន្តធ្លាក់រាយនៅគ្រប់ទិសទី ហូរទម្លាក់ចុះពីលើកំពូលភ្នំដង រែក កំពូលភ្នំត្បែង និង ហូរធ្លាក់ពីខ្ពង់រាបនានាជាច្រើនទៀត បានស្រោចស្រពលើដែនដីរដ្ឋបាលខេត្តព្រះវិហារទាំងមូល បានបណ្តាលលំនៅដ្ឋាន ដីស្រែចំការ និងសត្វពាហនៈមួយចំនួន របស់ប្រជាពលរដ្ឋ បូករួមទាំងកំណាត់ផ្លូវជាតិ១ខ្សែនោះផងដែរ បានរងការខូចខាត និងជន់លិចដោយសារជំនន់ទឹកភ្លៀងនោះ។

កំពស់ទឹកស្ទឹងសែន ក្នុងខេត្តព្រះវិហារ ត្រូវគេកត់សម្គាល់ឃើញថា នៅតែបន្តហក់ឡើងហួសពីកម្រិតប្រកាសអាសន្ននោះហើយ។ ស្រប់ពេលជាមួយគ្នានោះផងដែរ អាជ្ញាធរខេត្តព្រះវិហារ បានប្រាប់ទៅអភិបាលក្រុង និងស្រុកទាំង៨របស់ខេត្ត ត្រូវបន្តចុះពិនិត្យ និងកំណត់ទីតាំងទួលសុវត្ថិភាព ត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋ បញ្ជៀសបានពីការគ្រោះថ្នាក់ជាយថាហេតុ។

នៅថ្ងៃ២៦ កក្កដានេះ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា រួមសហការជាមួយបញ្ជាការដ្ឋានអង្គរក្ស អាជ្ញាធរជាតិប្រាសាទព្រះវិហារ និងកងពលធំអន្តរាគមន៍លេខ៣ របស់លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានចុះជួបប្រជាពលរដ្ឋ នៅចំណុចក្រោមទំនប់ទឹកអូរស្វាយ ស្ថិតក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ធ្វើការអំពាវនាវដល់ពួកគាត់ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់ ហើយបានរៀបចំយន្តការ ក្នុងការចាត់វិធានការឲ្យបានទាន់ពេលវេលា ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីទឹកជំនន់នោះ មកកាន់ទីទូលសុវត្ថិភាព។

សេចក្តីរាយការណ៍ ពីជិតជើងភ្នំប្រាសាទព្រះវិហារ បានឲ្យដឹងថា នៅម៉ោងជាង២រសៀលថ្ងៃនេះ អាជ្ញាធរខេត្តកំពុងជម្លៀសប្រជាពលរដ្ឋចំនួន៤៨គ្រួសារ ដែលរងការលិចលង់ពីជំនន់ទឹកភ្លៀងនោះ ទៅកាន់ទីទួលសុវត្ថិភាពនោះហើយ។ ខណៈនេះ ទឹកបាន និងកំពុងជន់លិចផ្ទះប្រជាពលរដ្ឋ ដីស្រែកសិកម្ម ហូរកាត់ផ្តាច់ផ្លូវលំ ហូរកាត់ទំនប់ទឹកអូរស្វាយ និងផ្នែកមួយចំនួន នៅក្នុងតំបន់អភិរក្ស របស់អាជ្ញាធរប្រាសាទព្រះវិហារ នោះថែមទៀត។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា នៅខណៈនេះ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បាន និងកំពុងស្ថិតនៅតំបន់លិចទឹកក្នុងស្រុកជាំក្សាន្ត ហើយបានសហការជាមួយ កម្លាំងយោធា កងអង្គរក្ស អាជ្ញាធរប្រាសាទព្រះវិហារ ធ្វើការកាយទំនប់រំដោះទឹកអូរស្វាយ និងទប់ខ្នងទំនប់បារាយខាងលិច កុំឲ្យទឹកហូរកាត់កាន់តែខ្លាំងតទៅទៀត។

យោងរបាយការណ៍រដ្ឋាបាលខេត្តព្រះវិហារ បានបង្ហាញថា នៅក្នុងរយះពេល នៃការជន់លិច ដោយជំនន់ទឹកភ្លៀងនាច្រើនថ្ងៃកន្លងមកនេះ គឺមានស្រុកចំនួន៣ ដែលរងផលប៉ះពាល់ គឺស្រុកឆែប ទឹកបានហូរកាត់ផ្លូវជាតិលេខ៦២ ប្រមាណ១៥០ម៉ែត្រ ធ្វើឲ្យខូចខាតសម្ភារៈ ប៉ះពាល់សត្វពាហនៈ និងស្រូវពូជរបស់ប្រជាពលរដ្ឋ ចំនួន៣០គ្រួសារ រួមទាំងលិចស្រូវក្នុងស្រែប្រមាណ ២ពាន់៨៨១ហិចតា។ ស្រុកគូលែន ទឹកហូរកាត់ផ្លូវជាតិលេខ៦២ ប្រមាណ៥០ម៉ែត្រ ធ្វើឲ្យប៉ះពាល់សត្វពាហនៈ និងស្រូវក្នុងជង្រុកចំនួន ២៥គ្រួសារ និងស្រុកជាំក្សាន្ត ទឹកហូរកាត់ផ្លូវលំប្រវែង៣០០ម៉ែត្រ ហើយបានកាត់ផ្តាច់ផ្លូវជាអន្លើៗ និងលិចផលដំណាំរួចផ្សំចំនួន៧០គ្រួសារ។ ស្រុកទាំង៣នេះ បាន និងកំពុងរងការគំរាមគំហែងពីជំនន់ទឹកភ្លៀង ដែលហូរចាក់ពីជួរភ្នំដងរែក។ ហើយបើគិតត្រឹមថ្ងៃ២៦កក្កដាននេះ កំពស់ទឹកស្ទឹងសែន បានហក់ឡើងជាលំដាប់ ក្នុងកម្រិតកំពស់១២,៨៤ម៉ែត្រ គឺលើសពីកម្រិតប្រកាសអាសន្ន ដែលមានកំពស់ត្រឹមតែ១១,៥០ម៉ែត្រនោះ។

រដ្ឋបាលខេត្តព្រះវិហារ នៅពីរថ្ងៃនេះ គឺនៅល្ងាចថ្ងៃ២៥ កក្កដា និងនៅព្រឹកថ្ងៃ២៦កក្កដា២០១៧ បានចេញលិខិតពីរបន្តបន្ទាប់គ្នា គឺ១ ប្រាប់ទៅអភិបាលស្រុក និងក្រុងទាំង៨ ក្នុងសេចក្តីណែនាំ៣ចំណុចសំខាន់ៗ ឲ្យពិនិត្យទៅលើចំនួនទីតាំងទួលសុវត្ថិភាព ដែលបានត្រៀម និងទីទួលបានជម្លៀសប្រជាពលរដ្ឋចូល ចំនួនគ្រួសារដែលបានជម្លៀសមកកាន់ទួលសុវត្ថិភាព និងចំនួនផលប៉ះពាល់ និងរងការខូចខាតពីការលិចលង់។ ហើយនៅព្រឹកថ្ងៃ២៦កក្កដានេះ រដ្ឋបាលខេត្ត ក៏បានចេញសេចក្តីប្រកាសព័ត៌មាន អំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារទាំងអស់ ជាពិសេស អ្នករស់នៅតាមបណ្តាយដងស្ទឹងសែន មេត្តាប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលសុវត្ថិភាពដែលនៅជិត ដើម្បីបញ្ជៀសបានពីគ្រោះថ្នាក់ផ្សេងៗ ដែលើកើតឡើងជាយថាហេតុ។ ហើយប្រសិនបើប្រជាពលរដ្ឋទាំងអស់ ដែលជួបគ្រោះធម្មជាតិមួយនេះ សូមរាយការណ៍ជូនអាជ្ញាធរ តាំងពីថ្នាក់ឃុំ រហូតដល់ថ្នាក់ខេត្ត ដើម្បីមានវិធានការណ៍ ជួយសង្រ្គោះឲ្យបានទាន់ពេលវេលា។

អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានរងការលិចលង់ដោយទឹកជំនន់នេះ សូមធ្វើការប្រុងប្រយត្ន័ចំពោះកូនចៅតូចៗ កុំឲ្យចុះលេងទឹកផ្តេសផ្តាស ប្រយត្ន័មានគ្រោះថ្នាក់ ហើយអជ្ញាធរខេត្ត បានត្រៀមកាណូតចំនួន៤គ្រឿង ព្រមទាំងស្បៀងអារហារមួយចំនួនទៀតរួចជាស្រេច សំរាប់សង្រ្គោះប្រជាពលរដ្ឋនោះហើយដែរ។

សេចក្តីរាយការណ៍ចុងក្រោយ ពីភូមិធម្មជាតិសម្តេចតេជោ ស្រុកជាំក្សាន្ត បានឲ្យដឹងថា ខណៈនេះប្រជាពលរដ្ឋចំនួន៤៨គ្រួសារ អាជ្ញាធរខេត្តបានជួយជម្លៀសទៅកាន់ទីទួលសុវត្ថិភាពរួចរាល់ហើយ ឯគ្រឿងចក្រជាច្រើនគ្រឿង ក៏កំពុងសម្រុកកាយដី ដើម្បីបង្ហូរទឹកបញ្ចៀសបានពីការជោរជន់ហួសកំណត់៕

Loading...