អាជ្ញាធរខេត្តព្រះវិហារ បន្តបើកប្រតិបត្តិការ ចាប់ឃាត់រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស នៅតាមគោលដៅនានាទូទាំងខេត្ត បានជិត២ពាន់គ្រឿង ក្នុងរយះពេលជិត១ខែកន្លងមកនេះ

ខេត្តព្រះវិហារ៖ រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសជិត២ពាន់គ្រឿង ត្រូវបានគណៈកម្មការ ក្រុមការងារត្រួតពិតនិត្យ លក្ខណៈបច្ចេកទេសយានយន្តខេត្តព្រះវិហារ ចាប់ឃាត់នៅតាមគោលដៅនានានៅទូទាំងខេត្ត នាំយកមកអនុវត្តតាមច្បាប់ នៅក្នុងប្រតិបត្តិការរយះពេលជិត១ខែកន្លងមក ដោយអនុវត្តទៅតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ សែន នៅពេលថ្មីៗកន្លងទៅនេះ។

ប្រតិបត្តិការដ៏ក្តៅគគុកនោះ គឺបានអនុវត្តជាប្រចាំចាប់ពីថ្ងៃទី១ កុម្ភះ រហូតមកទល់នឹងថ្ងៃទី២៧កុម្ភះ២០១៨នេះ ក៏នៅតែមិនទាន់បានបញ្ចប់នៅឡើយទេ ដរាបណាគណៈកម្មការក្រុមការងារត្រួតពិតនិត្យ លក្ខណៈបច្ចេកទេសយានយន្តខេត្តព្រះវិហារ ឈប់រកឃើញយានយន្តតទ្រុងខុសបច្ចេកទេសទាំងនោះតទៅទៀត។

របាយការណ៍របស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបង្ហាញថា ចាប់ពីថ្ងៃ១កុម្ភះ មកដល់ថ្ងៃ២៥កុម្ភះ២០១៨ អាជ្ញាធរខេត្តព្រះវិហារ បានបើកប្រតិបត្តិការចាប់ឃាត់រថយន្ត តទ្រុងខុសលក្ខណៈបច្ចេកទេស នៅតាមគោលដៅនានាទូទាំងខេត្ត ដោយបានធ្វើការត្រួតពិនិត្យរថយន្ត១ពាន់ ៦៤៥គ្រឿង រថយន្តពិនិត្យឃើញត្រឹមត្រូវ៧៤៨គ្រឿង រថយន្តបានណែនាំដឹកសំពីងសំពោង៣១៥គ្រឿង រថយន្តពុំមានឯកសារគ្រប់គ្រាន់២៦០គ្រឿង រថយន្តត្រូវបានដោះចង្អើរកន្ទុយ១០០គ្រឿង រថយន្តគ្មានស្លាកលេខ៦២គ្រឿង និងរថយន្តគ្មានបណ្ណ័បើកបរ១២៨នាក់ ក្នុងនោះបានរកឃើញ រថយន្តតទ្រុងកែច្នៃខុសបច្ចេកទេស ២៤គ្រឿង ហើយក្រុមការងារ បានកាត់ទ្រុងរថយន្តទាំង២៤គ្រឿងនោះចោលនៅនឹងកន្លែង ព្រមទាំងបានធ្វើការពិន័យរថយន្ត១គ្រឿង ដែលដឹកលើសទម្ងន់នោះផងទៀត។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី ត្រូវគេដកស្រង់សម្តីលោកថា ដោយមានការណែនាំពី អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា នោះមក គណៈកម្មការក្រុមការងារត្រួតពិតនិត្យ លក្ខណៈបច្ចេកទេសយានយន្តខេត្ត បានចុះត្រួតពិនិត្យរថយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស និងដឹកលើសទម្ងន់ នៅក្នុងរយះពេលជិត១ខែនេះ ក្រុមការងារបានឃាត់រថយន្តកែខុសបច្ចេកទេស ២៤គ្រឿង ដោយបានកាត់ទ្រុងចោលនៅនឹងកន្លែងត្រួតពិនិត្យនោះរួចហើយដែរ និងក្នុងចំណោមរថយន្តកែច្នៃខុសបច្ចេកទេស ទាំង២៤គ្រឿងនោះ មាន១គ្រឿងមិនត្រឹមតែកែច្នៃខុសបច្ចេកទេសនោះទេ គឺបានដឹកថ្មលើសទម្ងន់នោះថែមទៀត លើ សរហូតដល់ទៅ១៧តោន ហើយក្រុមការងារបានផាកពិន័យជាប្រាក់ ដោយក្នុង១តោនតម្រូវឲ្យបង់៣០ម៉ឺនរៀល និងថវិកាដែលទទួលបានពីការផាកពិន័យនោះ មានចំនួន៥២សែន ៤ម៉ឺន ៤ពាន់រៀល នាំយកទៅបង់ចូលរដ្ឋ ក្រៅពីនោះបង្គាប់ឲ្យរើទម្ងន់ដែលលើសទម្លាក់ចុះ និងកាត់ទ្រុងដែលកែច្នៃខុសបច្ចេកទេសចេញ ទើបយើងអនុញ្ញាតឲ្យធ្វើចរាចរទៅមុខទៀតបាន ។

លោក សំ លាងទ្រី បានបញ្ជាក់ថា ចំពោះក្រុមហ៊ុនរថយន្តដឹកថ្មនេះ ក្រុមការងារធ្លាប់បានធ្វើការអប់រំជាច្រើនលើករួចមកហើយ និងថែមទាំងបានធ្វើកិច្ចសន្យានោះផងទៀត តែក្រុមហ៊ុនដឹកថ្មនេះ ហាក់ដូចជាមិនអនុវត្តតាមការណែនាំនោះទាល់តែសោះ ហេតុនេះហើយទើបបានជាក្រុមការងារមន្ទីរ ចុះអនុវត្តតាមច្បាប់ ស្របពេលជាមួយនឹងការរឹតបន្តឹង និងចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា នោះផងដែរ។ ចំណែក នៅក្នុងខេត្តព្រះវិហារនេះ គឺគ្មានកន្លែងកែច្នៃរថយន្តខុសលក្ខណៈបច្ចេកទេសនោះទេ មានតែរថយន្តដែលបើកឆ្លងកាត់តែប៉ុណ្ណោះ ហើយមន្ទីរនឹងចុះប្រតិបត្តិការ ចាប់ឃាត់រថយន្តដែលកែច្នៃខុសបច្ចេកទេស និងរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ទាំងនោះជាបន្តទៀត ដរាបណាក្រុមការងារនៅតែរកឃើញរថយន្តទាំងនោះ ចរាចរឆ្លងកាត់ខេត្តព្រះវិហារនោះទៀត៕

 

Loading...