អាជ្ញាធរខេត្តព្រះវិហារ ក្រើនរំលឹកមន្ត្រីឧទ្យានុរក្ស ថែរក្សាធនធាន ព្រៃឈើ និងសត្វព្រៃដែលសេសសល់ នៅដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្ថិតក្នុងសមត្ថកិច្ច មន្ទីរបរិស្ថានខេត្តគ្រប់គ្រង !

ខេត្តព្រះវិហារ៖ អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ លោក ស៊ូ សិរី បានដឹកនាំមន្ត្រីនៃមន្ទីរ បរិស្ថានខេត្ត ប្រធានដែនជម្រកសត្វព្រៃ ព្រៃឡង់ មន្ត្រីឧទ្យានុរក្ស ប្រធានសហគមន៍តំបន់ការពារធម្មជាតិ ប្រធានគម្រោង USAID ព្រៃឡង់បៃតង ប្រធានតំបន់ទេសភាព នៃគម្រោង USAID ព្រៃឡង់បៃតង ប្រចាំ ខេត្តព្រះវិហារ និងមន្ត្រីជាច្រើនរូបទៀត នៃមន្ទីរបរិស្ថានខេត្ត រួមទាំងមន្ត្រី នៃអង្គការដៃគូ « USAID » ប្រចាំនៅកម្ពុជា ចុះទៅកាន់ដែនជម្រកសត្វព្រៃ-ព្រៃឡង់ កាលពីថ្ងៃទី៣១សីហាឆ្នាំ២០២០ នៅក្នុងដែនជម្រក សត្វព្រៃ-ព្រៃឡង់ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

អភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សិរី បានថ្លែងឲ្យដឹងថា ដំណើរចុះទៅកាន់ដែនជម្រកសត្វព្រៃ-ព្រៃឡង់ នៅថ្ងៃ៣១សីហាម្សិលមិញនោះ គឺបានធ្វើឡើងក្រោមការអនុញ្ញាត ពីអភិបាល នៃគណៈអភិបាល ខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ដើម្បីចុះពិនិត្យស្ថានភាពទីតាំង សម្រាប់រៀបចំទីស្នាក់ការចល័ត របស់មន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃ-ព្រៃឡង់ និងរួមគ្នាកំណត់ទីតាំង ព្រមទាំងកំណត់ផែនការ សម្រាប់ការេអនុវត្តន៍ នាពេលខាងមុខនេះ និងក៏ដើម្បីជួបជាមួយមន្ត្រីឧទ្យានុរក្ស ព្រមទាំងតំណាង សហគមន៍ ដើម្បីស្វែងយល់អំពីស្ថានភាព រួមកិច្ចសហការល្បាត រវាងសហគមន៍ និងមន្ត្រីឧទ្យានុរក្ស ។

លោក ស៊ូ សិរី បានថ្លែងឲ្យដឹងទៀតថា នៅក្នុងដំណើរចុះបំពេញបេសកកម្ម នៅក្នុងដែនជម្រក សត្វព្រៃ-ព្រៃឡង់ ក្នុងរយះពេល១ថ្ងៃពេញនេះ ក្រុមការងារកំណត់បានលទ្ធផល ដោយកំណត់បាន នូវទីតាំងសម្រាប់រៀបចំដាក់ស្នាក់ការល្បាតចល័ត របស់មន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃ-ព្រៃឡង់ ចំនួនពីរទីតាំង ដែលត្រូវដាក់នៅប្របនឹងដងផ្លូវ ជាប់នឹងតំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃ-ព្រៃឡង់ ដែលជាច្រករបៀងដ៏សំខាន់មួយ និងបានឯកភាពលើផែនការសកម្មភាព សម្រាប់អនុវត្តដំណើរការ រៀបចំស្នាក់ការចល័ត និងការផ្តួចផ្តើមគំនិតជាយុទ្ធសាស្ត្រ សម្រាប់រៀបចំផែនការសកម្មភាពល្បាតចល័ត ថែមទៀតផង។ លោកថា ក្រោយការកំណត់ទីតាំង ដាក់ស្នាក់ការល្បាតចល័ត នោះរួច ក្រុមការងារបាន ចុះជួបសួរសុខទុក្ខមន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិ ដែលកំពុងបំពេញភារកិច្ចការពារ ព្រៃឈើ និងសត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃ-ព្រៃឡង់។
អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ លោក ស៊ូ សិរី បានក្រើនរំលឹកដល់មន្ត្រីឧទ្យានុរក្ស នៃ មន្ទីរបរិស្ថានខេត្ត និងមន្ត្រីសហគមន៍ការពារតំបន់ធម្មជាតិទាំងអស់ បន្តពង្រឹងស្មារតីប្រុងប្រយ័ត្ន និងបង្កើន ការការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិ សម្បត្តិព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទ ដែលនៅ សេសសល់ចុងក្រោយ និងកំពុងបង្ហាញវត្តមាននៅក្នុងដែនជម្រកសត្វព្រៃ-ព្រៃឡង់នេះ ឲ្យបានគង់វង្ស។ លោកអភិបាលរងខេត្ត បានស្នើដល់អង្គការដៃគូ USAID ជួយឧបត្ថម្ភ គាំទ្រ លើគម្រោងការពារធនធាន ធម្មជាតិ ព្រៃឈើ និងសត្វព្រៃ ដូចជា ការផ្តល់នូវសម្ភារៈប្រើប្រាស់ មធ្យោបាយធ្វើដំណើរ រួមទាំងថវិកា ដើម្បីជម្រុញដល់ដំណើរការគម្រោង ថែរក្សាធនធានធម្មជាតិ និងសត្វព្រៃ នៅដែនជម្រកសត្វព្រៃ-ព្រៃឡង់ ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារនេះ ប្រកបដោយនិរន្តរភាព និងប្រសិទ្ធខ្ពស់ ក្នុងការទប់ស្កាត់ ការបបាញ់សត្វព្រៃ និងការកាប់បំផ្លាញធនធានព្រៃឈើ ។ល។

ប្រធានគម្រោង USAID ព្រៃឡង់បៃតង លោក ម៉ាធ្យូ អែដវុធសិន លោកបានទទួលយកនៅការ ស្នើសុំ ពីថ្នាក់ដឹកនាំខេត្តព្រះវិហារ ដោយលោកនឹងលើកគម្រោងស្នើសុំនេះ ទៅទីស្នាក់ការកណ្តាល នៃគម្រោង USAID ព្រៃឡង់បៃតង ប្រចាំនៅកម្ពុជា ដើម្បីពិនិត្យ សម្រេច និងការរៀបចំផែនការ សម្រាប់ការ អនុវត្តនៅពេលខាងមុខនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ៕

Loading...