អាជ្ញាធរខេត្តព្រះវិហារ បន្តកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត នៅក្នុងវត្តឥន្ទៈមុន្នី សុវណ្ណគិរីខ្នងគោល ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត !

 

ខេត្តព្រះវិហារ៖ វត្តឥន្ទៈមុន្នី សុវណ្ណគិរី ខ្នងគោល ត្រូវគេដឹងថា បានកសាងសមិទ្ធផលនានាជាច្រើនរួចមកហើយ ដែលជាទីសមាទានសិល្បរបស់សាមណេ និងជាទីសក្ការៈបូជា នៃប្រជាពុទ្ធបរិស័ទទូទៅ ប៉ុន្តែ ទន្ទឹមនឹងការលូតលាស់ស្ថាបត្យកម្មនៃសំណង់ទាំងនោះ វត្តក៏នៅមិនទាន់បានសាងសង់ក្លោងទ្វារ ដែលជានិម្មិតសញ្ញាសម្គាល់ទីតាំងចូលវត្តនៅឡើយទេ។

ក្លោងទ្វារវត្តមួយនេះ ត្រូវបានចាប់ដំណើរការសាងសង់ បន្ទាប់ពីធ្វើពិធីក្រុងពាលីរួច នៅរសៀលថ្ងៃទី១វិច្ឆិកាឆ្នាំ២០២០ ក្រោមអធិបតីភាព អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះវិហារ លោក ឈឿន មុនី និងមានការនិមន្តចូលរួមពីព្រះគ្រូចៅអធិការវត្ត គណៈកម្មាការអាចារ្យវត្ត យាយជី តាជី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ ដ៏ច្រើនកុះករ ស្ថិតនៅក្នុងភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន។

អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានសម្តែងសមានចិត្តអរគុណ ចំពោះសប្បុរសជននានា ជាពិសេស លោក ថន សម្បត្តិ និងលោកស្រី សារឿន សុធា ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកា ១ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយលើការសាងសង់ក្លោងទ្វា «វត្តឥន្ទៈមុន្នី សុវណ្ណគិរី ខ្នងគោល»នេះ ដែលជាការបង្ហាញឲ្យឃើញ ពីទឹកចិត្តសប្បុរសធម៌ ដែលបានចូលរួមចំណែកមួយយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ទុកសម្រាប់ជាប្រយោជន៍រួម ក្នុងការកសាង ការថែក្សា ការទ្រទ្រង់ និងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យកាន់តែមានភាពរីកចម្រើន ថែមទៀត។

លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ទៀតថា ចាប់ពីពេលនេះទៅ វត្តនឹងមានសមិទ្ធផលថ្មីមួយទៀត គឺក្លោងទ្វាមួយដ៏ល្អ ដែលជាទីតាំងសម្គាល់ផ្លូវចូលវត្ត ដូច្នេះ អ្នកទទួលបន្ទុកការសាងសង់ក្លោងទ្វានេះ ត្រូវយកចិត្តទុកដាក់ និងពន្លឿនលើការសាងសង់ ប្រកបដោយគុណភាពខ្ពស់ សម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា។ លោកអភិបាលខេត្ត បានថ្លែងរំលឹក កាលពីក្នុងរបបអតីតកាល ដឹកនាំ និងគ្រប់គ្រងអំណាចដោយ មេដឹកនាំខ្មែរក្រហម ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ របបក្អែកខ្មៅនេះ បានបំបាត់ជំនឿ សាសនា និងទីអារ៉ាមរងការវាយកម្ទេច ចាប់ព្រះសង្ឃផ្សឹក និងបណ្តេញចេញពីវត្ត បង្អត់អាហារ និងរងការធ្វើទារុណកម្មដោយឥគណនា។ ប៉ុន្តែ ក្រោយថ្ងៃរំដោះ ៧មករា១៩៧៩នោះមក កម្ពុជា ក្រោមការដឹកនាំពីឥស្សរជនសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា ជាពិសេស ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានស្តារវិស័យព្រះពុទ្ធសាសនា និងទីអារាមជាច្រើនស្ទើររាប់មិនអស់ បានរីកដុះដាលនៅគ្រប់ទីកន្លែង ទន្ទឹមនឹងវិស័យរដ្ឋទាំងអស់ ក៏មានការអភិវឌ្ឍន៍រីកចម្រើន ទន្ទឹមគ្នានោះ ផងដែរ។

លោក ប្រាក់ សុវណ្ណ បានបញ្ជាក់ថា យើងមានពេលកសាងសមិទ្ធផលទាំងអស់នេះទៅបាន គឺអាស្រ័យដោយប្រទេសជាតិ មានសុខសន្តិភាពពេញលេញ បើមានសន្តិភាព នោះទើបប្រទេសជាតិ មានការអភិវឌ្ឍន៍។ ដូច្នេះ យើងទាំងអស់គ្នា ត្រូវចូលរួមការពារម្លប់សន្តិភាពនេះ ឲ្យបានគង់វង្សតរៀងទៅ។

បន្ទាប់មក លោកអភិបាលខេត្ត និងក្រុមការងារកាកបាទក្រហមខេត្ត បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ២០គ្រួសារ ក្នុង១គ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកបរិសុទ្ធ ១យួរ សារ៉ុង ១ ភួយ ១ អាហារបំប៉ន ២០កញ្ចប់ និងថវិកាមួយចំនួន និងលោកអភិបាលខេត្ត បានចំណាយថវិកាផ្ទាល់ខ្លួន ឧបត្ថម្ភយាយជី តាជី ១៥នាក់ ម្នាក់ៗទទួលបាន ២ម៉ឺនរៀល កងកម្លាំងទាំងបី ១លានរៀល និងសិស្សានុសិស្ស ៧៥នាក់ ម្នាក់ៗទទួលបាន សៀវភៅ ១ក្បាល ប៊ិច ១ដើម និងថវិកា ២ពាន់រៀល ពីសប្បុរសជន នាគ្រានោះផងដែរ ៕

 

Loading...