អាជ្ញាធរខេត្តព្រះវិហារ នឹងចំណាយថវិកាជាង ១០ម៉ឺនដុល្លារ ក្នុងការជួសជុលជណ្តើរដែលរងការខូចខាត ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងចង់ឡើងទៅទស្សនារមណីដ្ឋានធម្មជាតិ ភ្នំត្បែងមានជ័យ !

ខេត្តព្រះវិហារ៖ ជណ្តើរឡើងទៅកាន់តំបន់រមណីដ្ឋានធម្មជាតិ ដ៏ប្រណិត ដែលស្ថិតនៅលើកំពូលភ្នំត្បែងមានជ័យ មានកម្ពស់ប្រមាណជាង ៤០០ម៉ែត្រ ដែលបានសាងសង់ឡើងមិនតិចជាង ១០កន្លងមកនោះ ខណៈនេះបានរងការខូចខាតដោយអន្លើរ ដោយសារចម្រោះនៃដំណក់ទឹកភ្លៀង ធ្លាក់ចុះមកយ៉ាងជោគជាំ នារដូវវស្សាកន្លងទៅ។

ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស នាយឧត្តមសេនីយ៍ មាស សុភា បានអញ្ជើញបើកពិធីសែនក្រុងពាលី សុំអ្នកតាម្ចាស់ទឹក ម្ចាស់ដី ម្ចាស់ព្រៃភ្នំក្រំថ្ម ដើម្បីជួសជុលជណ្តើរដែលបានរងការបាក់ស្រុតជា ២០០ម៉ែត្រ ដែលជាឧបសគ្គដល់អ្នកទេសចរជាតិ និងអន្តរជាតិ ដែលចង់ឡើងទៅស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ នៅរមណីដ្ឋានដ៏ប្រណិត ដែលស្ថិតនៅលើកំពូលភ្នំត្បែងមានជ័យ។

ពិធីសែនក្រុងពាលី កាលពីថ្ងៃឈប់សម្រាកចុងសប្តាហ៍ម្សិលមិញនោះ ក៏មានការអញ្ជើញចូលរួមពី អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ,ប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុង សុវណ្ណ ,មន្ត្រីខេត្ត ស្រុក ,មន្ទីរ ,អង្គភាព ,កងកម្លាំងទាំង៣ ,យាយជី និងតាជី ដ៏ច្រើនកុះករ ថែមទៀតផង។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា លោកគ្រាន់តែធ្វើជាសេនាធិការឲ្យថ្នាក់ដឹកនាំខេត្ត ក្នុងការទទួលបន្ទុកជួសជុលកាំជណ្តើរ ឡើងទៅកាន់តំបន់រមណីដ្ឋានធម្មជាតិភ្នំត្បែងមានជ័យ ដែលជណ្តើរនោះកាលពីជាង ១០ឆ្នាំមុនបានសាងសង់ពីបេតុង តែជាអកុសល្យបានរងការបាក់ស្រុតខូចខាត នៅក្នុងរដូវវស្សាភ្លៀងធ្លាក់ជោគជាំកន្លងទៅ មានប្រវែងប្រមាណ ២០៣ម៉ែត្រ ដែលស្ថិតនៅលើកំពូលភ្នំត្បែង ហើយកាំជណ្តើរទាំងនោះ នឹងត្រូវធ្វើការជួសជុលឡើងវិញ ចាប់ពីពេលនេះទៅ ធ្វើពីដែកកុម្មង់ទិញពីប្រទេសចិន ដែលនឹងត្រូវចំណាយថវិកាសប្បុរសជន បានមកពីការធ្វើបុណ្យអង្គកឋិនទាន បុណ្យផ្កា បុណ្យទានផ្សេងៗ និងការចូលរួមរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មាណជាង ១០ម៉ឺនដុល្លារអាមេរិក។

លោក សំ លាងទ្រី បានបន្តថា ការជួសជុលជណ្តើរឡើងឆ្ពោះទៅ រមណីដ្ឋានភ្នំត្បែងមានជ័យនេះ ក្រុមការងារជួសជុលនឹងខិតខំរូតរះ ក្រែងធ្វើហើយនៅមុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកទេសចរជាតិ និងអន្តរជាតិ ដែលបានចូលមកទស្សនាខេត្តព្រះវិហារ ពិសេស អ្នកដែលមានបំណងចង់មកទស្សនា និងការស្រូបយកបរិយាកាសដ៏បរិសុទ្ធ ពីរមណីដ្ឋានធម្មជាតិភ្នំត្បែងមានជ័យនេះ។ លោកបានបញ្ជាក់ថា នៅក្នុងដំណាក់កាល នៃការបាក់ស្រុតខូចខាតជណ្តើរឡើងភ្នំ គឺជាឧបសគ្គដល់ប្រជាពលរដ្ឋក្នុងតំបន់ អ្នកទេសចរជាតិ និងអន្តរជាតិ មានការលំបាកក្នុងការធ្វើដំណើរឡើងភ្នំ ដោយនឹងត្រូវដើរវាង ឬតោងវ័ល្លិ៍ជាដំណាក់ៗ ទើបឆ្លងផុតទីដែលរងការខូចខាតនោះ និងដោយមើលឃើញការលំបាកបែបនេះ អាជ្ញាធរខេត្តព្រះវិហារ និងប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តព្រះវិហារ នាយឧត្តមសេនីយ៍ មាស សុភា បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់ដល់ទីតាំង និងបានណែនាំឲ្យរៀបចំផ្លូវវាងជាបណ្តោះអាសន្ន និងធ្វើការជួសជុលជណ្តើរនោះឡើងវិញផងដែរ។ លោក សំ លាងទ្រី បានអំពាវនាវដល់សប្បុរសជននានា ដែលមានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា សូមមេត្តាបន្តជួយចូលជាថវិកា ក្នុងការជួសជុលជណ្តើរនេះ ទៅតាមកម្លាំងសទ្ធាជាបន្តទៀតផង។

ប្រវត្តិបានចងក្រងទុកថា តំបន់រមណីដ្ឋានភ្នំត្បែងមានជ័យ បានលាតសន្ធឹងលើផ្ទៃដីប្រមាណជាង ២ម៉ឺន ៥ពាន់ហិចតា គ្រប់ដណ្តប់លើដែនដីរដ្ឋបាលស្រុកចំនួន៥ ភ្នំមានកម្ពស់ជាង ៤០០ម៉ែត្រ និងមានកាំជណ្តើរ ១ពាន់ ៩២កាំ ស្ថិតនៅក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ និងមានចម្ងាយប្រមាណជាង ៣០គីឡូម៉ែត្រ ពីក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ភ្នំត្បែងមានជ័យ គឺជាតំបន់ទេសចរណ៍ធម្មជាតិ ជាឃ្លាំងបង្កប់នូវអាថ៌កំបាំង និងជាទីសក្ការៈបូជា ដ៏ពូកែសក្តិសិទ្ធ មានទេសសភាពស្រស់បំព្រង និងគួរជាទីទាក់ទាញ ព្រោះនៅលើកំពូលភ្នំ មានវត្តថ្ម៣ដុំ ,វត្តដំបូកខ្មៅក្របៅជ្រុំ ,ទឹកជ្រោះ និងតំបន់ទេសភាពជាច្រើនទៀត ដែលទាក់ទងនឹងបារមីលោកតាសួង «លោកឪសួង» និងអ្នកសច្ចាំងភ្នំត្បែង ដ៏ពូកែស័ក្កសិទ្ធរបស់ខ្មែរ ដែលមានតាំងពីបុរាណកាលមក។ តំបន់ភ្នំត្បែងមានជ័យ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌធម្មជាតិ នៅថ្ងៃទី១៣កញ្ញា២០១៦ កន្លងទៅ បើគិតមកដល់គ្រាបច្ចុប្បន្ន គឺមានអាយុកាល ៥ឆ្នាំហើយ នៅក្នុងការបញ្ជីរបស់អង្គការយូណេស្កូ៕

Loading...