អាជ្ញាធរខេត្តព្រះវិហារ នឹងរុះរើស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្ម ប៉ាណូ អាហ្វីស ណាដែលពុំបានចុះបញ្ជីសុំសិទ្ធិផ្សព្វផ្សាយ

ខេត្តព្រះវិហារ៖ អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ លោក គោស៊ុំ ប៊ុនសឿត បានអញ្ជើញដឹកនាំកិច្ចពិភាក្សាមួយ ក្រោយការបង្កើតគណៈកម្មាការអន្តរមន្ទីររបស់ខេត្ត ដើម្បីពិនិត្យ និងរកដំណោះស្រាយលើវិធានការ និងការជម្រុញឲ្យម្ចាស់អាជីវកម្មនានា ដែលបានលើកស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្ម ប៉ាណូ អាហ្វីស ដែលពុំបានមកចុះបញ្ជីសុំសិទ្ធផ្សព្វផ្សាយ ឲ្យចូលមកបង់ពន្ធ និងដើម្បីទទួលបានសិទ្ធផ្សព្វផ្សាយជាបន្តទៀត ដែលត្រូវអនុវត្ត នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

កិច្ចពិភាក្សារនោះ បានធ្វើឡើងនៅរសៀលថ្ងៃទី៤កុម្ភះឆ្នាំ២០២១ នៅអគាររដ្ឋបាលមន្ទីរព័ត៌មានខេត្ត ដែលមានការចូលរួមពី អភិបាលក្រុង-ស្រុកទាំង៨ ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្ត មន្ទីរពាក់ព័ន្ធ អង្គភាពច្រកចេញចូលតែមួយសាលាខេត្ត ទីចាត់ការអន្តរវិស័យសាលាខេត្ត និងប្រធានការិយាល័យប្រជាពលរដ្ឋ សាលាខេត្តព្រះវិហារ ផងដែរ។

ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ លោកស្រី ហែម សុគុណពិសី បានមានប្រសាសន៍ថា កិច្ចប្រជុំអន្តរមន្ទីរ ដែលធ្វើឡើងនៅពេលនេះ មានគោលបំណងក្នុងការពិនិត្យ ទៅលើស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្ម ប៉ាណូ អាហ្វីស និងស្លាកសញ្ញាផ្សេងៗទៀត ដែលបានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម ដោយពុំបានមកចុះបញ្ជីស្នើសុំសិទ្ធផ្សព្វផ្សាយ ឬស្នើសុំលិខិតអនុញ្ញាតអាជ្ញាប័ន បន្តសុពលភាពនៅច្រកចេញចូលតែមួយ របស់សាលាខេត្តព្រះវិហារ។ លោកស្រី ប្រធានមន្ទីរ បានបន្តថា មានម្ចាស់ក្រុមហ៊ុន-សហគ្រាស ឬ ម្ចាស់អាជីវកម្ម ដែលបានធ្វើការផ្សព្វផ្សាយ ដោយស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈ ប៉ាណូ អាហ្វីស និងស្លាកសញ្ញាផ្សេងៗមួយចំនួនទៀត បានផ្តោតការយកចិត្តទុកដាក់ និងអនុវត្តប្រកបដោយភាពត្រឹមត្រូវ និងទទួលខុសត្រូវខ្ពស់ ប៉ុន្តែ ក៏នៅមានម្ចាស់ក្រុមហ៊ុន-សហគ្រាស ឬម្ចាស់អាជីវកម្មមួយចំនួន នៅពុំទាន់បានយកចិត្តទុកដាក់ និងអនុវត្តតាមការណែនាំនោះឡើយ។

អភិបាលរងខេត្តព្រះវិហារ គោស៊ុំ ប៊ុនសឿត បានមានប្រសាសន៍ រកការជំរុញដល់អន្តរមន្ទីរ ដែលជាគណៈកម្មាការចម្រុះខេត្ត មកពីគ្រប់ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ក្នុងការសហការរួមគ្នា ជំរុញដល់ក្រុមហ៊ុន-សហគ្រាស និងម្ចាស់អាជីវកម្ម ដែលបានផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈប៉ាណូ អាហ្វីស ដោយតម្រូវឲ្យទៅបង់សេវាផ្សព្វផ្សាយ នៅច្រកចេញចូលតែមួយសាលាខេត្ត ឲ្យបានគ្រប់ៗគ្នា ដើម្បីប្រមូលថវិកាបង់ចំណូលចូលរដ្ឋ។

លោក គោស៊ុំ ប៊ុនសឿត បានថ្លែង រកការដាក់វិធានការ រុះរើស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្ម ចំពោះម្ចាស់អាជីវកម្មណា ដែលពុំបានគោរពទៅតាមគោលការណ៍កំណត់ ហើយមិនបានចូលមកចុះបញ្ជីស្នើសុំសិទ្ធផ្សព្វផ្សាយ ឬស្នើសុំលិខិតអនុញ្ញាតអាជ្ញាប័ន ដើម្បីបន្តសុពលភាព ផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន នៅច្រកចេញចូលតែមួយសាលាខេត្ត ។ លោកអភិបាលរងខេត្ត បានអំពាវនាវដល់ម្ចាស់អាជីវកម្ម ក្រុមហ៊ុន និងសហគ្រាស ដែលប្រតិបត្តិការបើកមុខរបរ នៅលើដែនដីរដ្ឋបាលខេត្តព្រះវិហារ ទាំងអស់ សូមរុះរាន់ចូលមកចុះបញ្ជីសុំសិទ្ធផ្សព្វផ្សាយ សុំអាជ្ញាប័ន និងបន្តសុពលភាពផ្សព្វផ្សាយ នៅច្រកចេញចូលតែមួយ បើពុំនោះទេ អាជ្ញាធរខេត្ត ក្រុង ស្រុក នឹងមានវិធានការចុះរុះរើស្លាកសញ្ញាពាណិជ្ជកម្មទាំងឡាយណា ដែលមិនបានអនុវត្តតាមច្បាប់ ដែលបានកំណត់៕

Loading...