អាជ្ញាធរខេត្តព្រះសីហនុតម្រូវឲ្យអាជីវករកំណត់ថ្លៃម្ហូបនិងកន្លែងអង្គុយឲ្យបានច្បាស់លាស់

ខេត្តព្រះសីហនុ ៖រដ្ឋបាលខេត្តព្រះសីហនុ បើកយុទ្ធនាការចុះពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ការផ្តល់បដិសណ្ឋារកិច្ច និងការកំណត់តម្លៃសេវាកម្មទេសចរណ៍ឲ្យបានច្បាស់លាស់ ដើម្បីផ្តល់ជម្រើសដល់ភ្ញៀវទេសចរឲ្យចូលមកកម្សាន្តខេត្តនេះបាន កាន់តែច្រើន។
សេចក្តីណែនាំនេះ ឈានដល់ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក នូ សុផល បានអញ្ជើញក្រុមអាជីវករនៅតាមឆ្នេរមួយចំនួនមកពិភាក្សា ដើម្បីឈានដល់កំណត់តម្លៃមុខម្ហូប ឬទីកន្លែងអង្គុយជាដើមឲ្យបានច្បាស់លាស់នៅថ្ងៃមានពិធីបុណ្យ និងថ្ងៃធម្មតា។
សេចក្តីណែនាំចុះថ្ងៃទី២៣ ខែធ្នូ មានចុះហត្ថលេខារបស់ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានដាក់លក្ខខណ្ឌ ៥ចំណុច តម្រូវម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់នាខេត្ត ជាប់សមុទ្រមួយនេះ ឲ្យអនុវត្តនៅមុនពិធីបុណ្យឆ្លងឆ្នាំ២០១៥ ចូលមក។
រដ្ឋបាលខេត្តព្រះសីហនុ ឲ្យដឹងថា គោលបំណងនៃការចេញសេចក្តីណែនាំនេះ ប្រយោជន៍ដើម្បីរួមចំណែកផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ឲ្យបាន ទូលំទូលាយប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ជាពិសេសការចូលរួមចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ។ ជាងនេះទៀត ក៏ជាការបំផុសការចូលរួមទស្សនៈ ភាពស្អាត និងបៃតង ដើម្បីស័ក្តិសមជាឆ្នេរសមុទ្រកម្ពុជា តារារះនាទិសនិរតី សំដៅទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនា និងវិនិយោគឲ្យបានច្រើនថែមទៀត។
ចំណុចណែនាំទាំង ៥នោះ គឺរដ្ឋបាលខេត្តព្រះសីហនុ តម្រូវឲ្យប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវពង្រឹងគុណភាពសេវាកម្មឲ្យបានល្អ ពិសេសត្រូវរក្សាតម្លៃទំនិញ បន្ទប់ស្នាក់នៅ ម្ហូបអាហារ កន្លែងអង្គុយ កន្លែងចតយានយន្ត និងសេវាផ្គត់ផ្គង់ទេសចរណ៍នានាឲ្យបានសមរម្យ ចៀសវាងដំឡើងថ្លៃហួសហេតុលើសពីតម្លៃធម្មតា នៅពេលមានពិធីបុណ្យធំៗម្តងៗ ក្នុងនោះ ត្រូវរៀបចំអនាម័យ និងបរិស្ថានទាំងក្នុង និងក្រៅមូលដ្ឋានរៀងៗខ្លួន ដោយត្រូវសម្អាតបន្ទប់ទឹក និងវេចខ្ចប់សំរាមឲ្យមានរបៀបរៀបរយ ត្រូវចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរ ត្រូវចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការទប់ស្កាត់សកម្មភាពជួញដូរ ការប្រើប្រាស់គ្រឿងញៀន ការជួញដូរភេទលើកុមារ និងទប់ស្កាត់សកម្មភាពក្មេងទំនើង។ បន្ថែមលើនេះ ក៏ត្រូវយកចិត្តទុកដាក់លើកកម្ពស់ការផ្តល់បដិសណ្ឋារកិច្ចឲ្យបាន ល្អ ប្រកបដោយភាពញញឹមរួសរាយរាក់ទាក់ និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរ។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក នូ សុផល បានអញ្ជើញក្រុមប្រតិបត្តិករទេសចរណ៍ជាង ៤០កន្លែងមកជួបពិភាក្សា ដើម្បីកំណត់តម្លៃមុខម្ហូប និងទីកន្លែងអង្គុយជាដើមនៅថ្ងៃធម្មតា និងថ្ងៃមានពិធីបុណ្យធំៗ។ លោកថា កិច្ចពិភាក្សាជាមួយក្រុមអាជីវករកាលពីព្រឹកថ្ងៃសុក្រ ទី២៥ ខែធ្នូ បានឈានដល់កំណត់តម្លៃថ្លៃជួលទីតាំងអង្គុយ តុមួយមានកៅអីចំនួន៦ គឺថ្ងៃធម្មតាមានតម្លៃ ២ម៉ឺនរៀល និងថ្ងៃបុណ្យ តម្លៃ ៦ម៉ឺនរៀល ប៉ុន្តែសម្រាប់តម្លៃមុខម្ហូបវិញ កំពុងពិភាក្សាគ្នាឈានដល់កំណត់តម្លៃរួមមួយនៅថ្ងៃច័ន្ទ សប្ដាហ៍ខាងមុខ។ ចំណែកការប្រើប្រាស់បង្គន់អនាម័យមានតម្លៃ ៥០០រៀល និងងូតទឹកសម្អាតកាយមានតម្លៃ ១ពាន់រៀលសម្រាប់មនុស្សម្នាក់។
លោក នូ សុផល៖ «ឧទាហរណ៍គ្រួសារខ្ញុំមកលេងឆ្នេរសមុទ្រ ប៉ុន្តែមានលុយតែ ១០ម៉ឺនរៀលទេ ហើយបើយើងជាអ្នកលក់មានតារាងតម្លៃមុខម្ហូបកំណត់តម្លៃត្រឹមត្រូវ ភ្ញៀវនឹងដឹងថា ត្រូវញ៉ាំអស់តម្លៃប៉ុន្មាន ហើយពួកគាត់នឹងលៃលកការហូបចុកទៅតាមនោះ ជាដើម។ ប៉ុន្តែរាល់ថ្ងៃនេះនៅតាមឆ្នេរខ្លះនាខេត្តព្រះសីហនុ ទោះបីមានម្ភៃម៉ឺនរៀល ក៏អត់ហ៊ានទៅអង្គុយហូបម្ហូបអាហារដែរ ព្រោះមិនបានកំណត់តម្លៃជាក់លាក់ទាំងអាហារ និងតម្លៃជួលទីកន្លែងអង្គុយ។ បញ្ហានេះ នាំឲ្យភ្ញៀវសម្រេចចិត្តទៅក្រាលកន្ទេលអង្គុយលើវាលខ្សាច់ ដោយសារតែបងប្អូនអាជីវករមិនបានកំណត់តម្លៃមុខម្ហូបឲ្យបាន ជាក់លាក់ និងមានតម្លៃសមរម្យ»។
ទោះជាបែបណាក៏ដោយចុះ លោក នូ សុផល បានអំពាវនាវដល់ក្រុមអាជីវករទាំងអស់ ត្រូវរួមសហការគ្នាជាមួយអាជ្ញាធរ ដើម្បីរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ឲ្យចូលមកកម្សាន្តខេត្តព្រះសីហនុ ឲ្យបានច្រើន។ ជាងនេះ ក៏ត្រូវចូលរួមតុបតែងភ្លើងបំភ្លឺ និងសម្អាតទីតាំងរៀងៗខ្លួនឲ្យមានអនាម័យ និងសោភណភាព។
លើកឡើងនៅក្នុងកិច្ចពិភាក្សាលើការកំណត់តម្លៃមុខម្ហូប និងតម្លៃជួលទីកន្លែងអង្គុយ នាសាលប្រជុំរបស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ថ្ងៃទី២៥ ខែធ្នូ ក្រុមអាជីវករជាង ៤០នាក់មកពីឆ្នេរអូរត្រេះ ឆ្នេរអូរឈើទាល ឆ្នេរលំហែកាយ និងឆ្នេរឯករាជ្យ ជាដើម មិនជំទាស់ការណែនាំរបស់រដ្ឋបាលខេត្តនេះទេ ប៉ុន្តែបានបង្ហាញផលវិបាកមួយចំនួន ដែលភ្ញៀវទេសចរបង្កើតឡើង។ ផលវិបាកទាំងនោះមានដូចជា ភ្ញៀវបានមកអង្គុយផឹកស៊ីអូសបន្លាយពេលយូរ រហូតដល់ពាក់កណ្ដាលអាធ្រាត្រ ឬជិតភ្លឺក៏មាន ទើបពួកគេដំឡើងតម្លៃតុអង្គុយខ្ពស់នៅថ្ងៃចុងសប្ដាហ៍ ឬពេលមានពិធីបុណ្យម្តងៗ។ ក្រុមអាជីវករបន្តទៀតថា ជួនកាលមានភ្ញៀវខ្លះបាននាំយកភេសជ្ជៈ និងម្ហូបអាហារមកពីខាងក្រៅ ដោយមិនកុម្ម៉ង់ម្ហូបនៅក្នុងហាងរបស់ពួកគេដើម្បីទទួលទានទេ ទើបពួកគេយកលុយថ្លៃតុអង្គុយពីភ្ញៀវ៖ «ខ្ញុំទទួលស្គាល់ថា បើអ្នកលក់ទាំងអស់មានតារាងតម្លៃមុខម្ហូបច្បាស់លាស់ គឺមិនមានបញ្ហាអ្វីកើតឡើងជាមួយភ្ញៀវទេ ប៉ុន្តែរាល់ថ្ងៃនេះ មានម្ចាស់ហាងខ្លះបានយកម្ហូបលំដាប់លេខ២ ឬលេខ៣ ទៅលក់ជូនភ្ញៀវក្នុងតម្លៃទាប ហើយមានម្ចាស់ហាងខ្លះទៀត មុខម្ហូបរបស់គាត់ក្នុងលំដាប់លេខ១ បើគាត់លក់ក្នុងតម្លៃខ្ពស់ជាងហាងមួយបន្តិច និងម្ហូបមានគុណភាព ខ្ញុំគិតថា ភ្ញៀវក៏មិនរអ៊ូរទាំដែរ»។
យ៉ាងណាក៏ដោយចុះ លោក នូ សុផល សង្កត់ធ្ងន់ថា ការកំណត់តម្លៃសេវាមុខម្ហូប និងទីកន្លែងអង្គុយឲ្យបានជាក់លាក់ នឹងអាចចូលរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរចូលមកទស្សនាខេត្ត ព្រះសីហនុ បានកាន់តែច្រើននាឆ្នាំខាងមុខ។ ជាងនេះទៀត ក្រុមអាជីវករក៏នឹងកើនចំណូលទៅតាមនោះដែរ។ ដូច្នេះ ស្នើឲ្យក្រុមអាជីវករចូលរួមសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ឲ្យបានទាំងអស់គ្នា៖ «កាលណាយើងរៀបចំអនាម័យបានល្អ ពង្រឹងសន្តិសុខបានល្អ និងអាហារមានគុណភាព ភ្ញៀវមិនគិតពីបញ្ហាតម្លៃនោះទេ គឺភ្ញៀវលែងខ្វល់ហើយ ព្រោះសេវាបម្រើរបស់អ្នកលក់ដូរទទួលបានល្អ និងដល់កម្រិត ហើយចំពោះតម្លៃ បើថ្លៃកើនខ្ពស់បន្តិចបន្តួចក៏ពិតមែន ក៏ពួកគេមិនគិតខ្វល់ដែរ ព្រោះយើងបានបម្រើសេវាបានល្អដល់ពួកគេ»។
ទោះជាបែបនេះក្តី សេចក្តីណែនាំរបស់អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន នឹងបង្កើតក្រុមការងារចម្រុះ ដើម្បីចុះត្រួតពិនិត្យបញ្ហាតម្លៃនៅតាមមូលដ្ឋានអាជីវកម្មទាំងអស់ នាមូលដ្ឋាននេះ ពិសេសអាជីវករលក់ដូរតាមឆ្នេរសមុទ្រ។ ក្នុងករណីពិនិត្យឃើញថា មូលដ្ឋានអាជីវកម្មណានៅតែបន្តឡើងថ្លៃហួសហេតុពេក សាលាខេត្តព្រះសីហនុ នឹងចាត់វិធានការតាមផ្លូវច្បាប់។ បញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានស្នើដល់ម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ត្រូវអនុវត្តតាមសារាចរណែនាំនេះឲ្យបានម៉ឺងម៉ាត់ និងទទួលខុសត្រូវខ្ពស់ចាប់ពីថ្ងៃជូនដំណឹង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ តទៅ៕

2c4f2291-0f00-415c-906b-7793a8c94f7e

Loading...

Leave a Reply

Your email address will not be published. Required fields are marked *