អាជ្ញាធរខេត្តស្ទឹងត្រែងបន្តថែរក្សាមរតករបាំវាយកួយរបស់ជនជនជាតិដើមភាគតិចនៅប្រាសាទព្រះគោដើម្បីអបអរនៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឈានចូលមកដល់! ដោយ៖ឡុង សំបូរ

ខេត្តស្ទឹងត្រែង៖ របាំវាយខែល របាំវាយកួយ ឬហៅម្យ៉ាងទៀតថា របាំកួយវាយគ្នា គឺជាសិល្បះបុរាណមួយ ដែលជនជាតិដើមភាគតិច នៅខេត្តភាគឥសាននេះ បានចាត់ទុកថា ជាមរតកវប្បធម៌ដ៏មានតម្លៃ ដែលដូនតាជនជាតិដើមភាគតិចរបស់ពួកគេ បានបន្សល់ទុកឲ្យកូនចៅជំនាន់ៗក្រោយ គោរព ប្រតិបត្តិ និងថែរក្សា។

របាំនេះ ត្រូវគេនិយាយថា មិនត្រឹមតែត្រូវបានថែរក្សា ដោយពលរដ្ឋជនជាតិដើមភាគតិចប៉ុណ្ណោះទេ គឺចាប់ពីអាជ្ញាធរខេត្ត រហូតដល់អាជ្ញាធរមូលដ្ឋាននៅគ្រប់លំដាប់ថ្នាក់ បានខិតខំជួយថែរក្សាសិល្បះ វប្បធម៌ នេះឲ្យនៅគង់វង្ស។

អាជ្ញាធរបានកំណត់យកទីតាំងប្រសាទព្រះគោ ព្រះកែវ នៅស្រុកថាឡានរិវ៉ាត់ មកប្រារព្ធធ្វើឡើងរយះពេល៣ថ្ងៃ ចាប់ពីថ្ងៃ៥មេសា ដល់ថ្ងៃ៧មេសាជារៀងរាល់ឆ្នាំ នៅមុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឈានចូលមកដល់ ប្រមាណជា១សប្តាហ៍។ រីឯការប្រារព្ធពិធីនេះឡើង នៅក្នុងបរិវេណប្រាសាទព្រះគោព្រះកែវនោះ ក៏ព្រោះតែប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅដែនដីខេត្តភាគឥសាននេះ មានជំនឿយ៉ាងមុតមាំ ទៅលើបារមីរូបសំណាកព្រះគោ ជាមរតករបស់ដូនតាខ្មែរ ដែលបានជួយការពារសត្រូវ បញ្ជៀសគ្រោះកាចចង្រៃនានា មិនឲ្យចូលមកយាយី ប្រជាពលរដ្ឋ ទាំងជនជាតិដើមភាគតិច និងប្រជាជាតិខ្មែរ ដែលរស់នៅខេត្តស្ទឹងត្រែងនេះ បានជាដាច់ខាត។

អភិបាលស្រុកថាឡាបរិវ៉ាត់ លោកថោង ស្រាន់ បានប្រាប់ឲ្យដឹងថា ការប្រារព្ធពិធីបុណ្យព្រះគោនេះ គឺមានសម្តែងរបាំវាយខែល របស់ជនជាតិដើមភាគតិចកួយ ជារៀងរាល់ឆ្នាំបានធ្វើឡើងតែ៣ថ្ងៃប៉ុណ្ណោះ ប៉ុន្តែ នៅក្នុងឆ្នាំ២០១៧នេះ គឺប្រារព្ធធ្វើឡើងរហូតដល់ទៅ៤ថ្ងៃ គឺចាប់ពីថ្ងៃ៥មេសា ដល់ថ្ងៃ៨មេសា២០១៧ ការបន្ថែមថ្ងៃបុណ្យនេះ អាជ្ញាធរធ្វើឡើងតាមការស្នើសុំរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

លោកថា ការធ្វើបុណ្យនៅប្រាសាទព្រះគោនេះ គឺជាទម្លាប់របស់ប្រជាពលរដ្ឋ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ហើយទម្លាប់នេះដូនតាខ្មែរយើងបានបន្សល់ទុកឲ្យតាំងពីដើមរៀងមក ដើម្បីបួងសួងសុំសេចក្តីសុខចំរើន បញ្ជៀសរោគាព្យាធិ និងសត្រូវគ្រោះកាចនានា។

លោកថោង ស្រាន់ បានបញ្ជាក់ថា រូបសំណាក និងតួប្រាសាទព្រះគោនេះ គឺបានបន្សល់ពីដូនតាខ្មែរនាសម័យដើម ជាច្រើនទសវត្សន៍មកហើយ អាជ្ញាធរ ព្រះសង្ឃ រួមជាមួយប្រជាពលរដ្ឋ បាននាំគ្នាធ្វើបុណ្យនេះឡើង ដើម្បីអភិរក្សរូបសំណាកព្រះគោ ដែលជាវត្ថុបុរាណហើយមានបារមីសក្តិសិទ្ធ ឲ្យនៅគង់វង្ស។

លោកបញ្ជាក់ទៀតថា នេះគឺជាជំនឿមួយដ៏មុតមាំណាស់ សំរាប់ប្រជាពលរដ្ឋ ខេត្តស្ទឹងត្រែងទាំងមូល និងទុកជាការរំលឹកដល់គុណបុព្វបុរសខ្មែរជាកុលសម្ព័ន្ធ ដែលបានធ្វើការតស៊ូការពារទឹកដី ដណ្តើមទីតាំងគ្នាពីសត្រូវ ដូច្នេះហើយបានជាយើងនាំគ្នាប្រារព្ធធ្វើឡើង និងបាននាំយករបាំប្រកួតកីឡាវាយខែល របស់បងប្អូនជាជាតិដើមភាគតិចកួយនេះ មកបង្ហាញឲ្យកូនចៅជំនាន់ៗក្រោយបានដឹង និងបានស្គាល់។

ពលរដ្ឋជនជាតិដើមភាគតិចកួយ ព្រឹទ្ធាចារ្យ កៅ ជួន ស្ថិតក្នុងវ័យ៦២ឆ្នាំ លោកបានបញ្ជាក់ថា របាំវាយខែលនេះ វាបានបាត់បង់ទៅ នៅក្នុងរបបប៉ុលពត ប៉ុន្តែ ត្រូវបានថែរក្សាឡើងវិញ បន្ទាប់ពីប្រទេសជាតិ និងប្រជាជន ត្រូវបានសង្គ្រោះ នៅក្រោយថ្ងៃរំដោះ៧មករា១៩៧៩នោះមក។

បងប្អូនជនជាតិដើមភាគតិចទាំងអស់ បាននាំគ្នារៀបចំបង្កើតឡើងវិញ ដោយមានការធ្វើបុណ្យ និងភ្ជាប់ជាមួយការសម្តែងរបាំវាយខែល របស់ជនជាតិដើម សំរាប់ឲ្យកូនចៅជំនាន់ក្រោយរួមគ្នារក្សា។ ព្រឹទ្ធាចារ្យ កៅ ជួន បានបញ្ជាក់ទៀតថា របាំដែលយកមកសម្តែង ក្នុងពិធីបុណ្យព្រះគោនេះ គឺមានទម្លាប់តាំងពីដូនតានោះមក របាំនេះមានឈ្មោះថា « របាំវាយខែល ឬរបាំវាយកួយ និងអ្នកខ្លះទៀត និយមហៅថា របាំកួយវាគ្នា » ហើយនៅពេលវាយគ្នា ភាគីទាំងពីរត្រូវបានវាយដោយរំព័ត្រក្រងពីវល្លិ៍ផ្តៅ និងមានខែលធ្វើជារនាំងបាំងមុខ អមដោយអ្នកច្រៀង និងផ្លុំស្លឹក នោះថែមទៀត។

អភិបាលរងខេត្តស្ទឹងត្រែង លោកស្រី គង់ ស៊ីផា លោកស្រីបានចាត់ទុកថា ការរៀបចំឲ្យមានឡើងវិញ នូវប្រពៃណី ទំនៀមទម្លាប់នេះ ពិតជាមានតម្លៃសំរាប់សង្គមជាតិ ធ្វើឲ្យកូនចៅជំនាន់ក្រាយៗ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានឃើញ និងបានស្គាល់ ហើយជនជាតិខ្មែរដើម ក៏ថែរក្សាបាននូវទំនៀមទំលាប់នេះ បាននៅគង់វង្សនោះដែរ។

លោកស្រី បានអំពាវនាវដល់ពលរដ្ឋខ្មែរ កួយ ទាំងអស់ ចូលរួមថែរក្សាវប្បធម៌ ប្រពៃណី ដ៏ល្អផូរផងនេះឲ្យស្ថិតនៅជាដរាបតទៅ៕

Loading...