អាជ្ញាធរខេត្តស្ទឹងត្រែង បន្តដោះស្រាយកង្វល់ និងបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋនៅស្រុកមួយ ជាប់ដងទន្លេមេគង្គ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នាអាណត្តិទី៣នេះ!

 

ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋច្រើនរយគ្រួសារ ដែលស្ថិតនៅស្រុកមួយជាប់ដងទន្លេមេគង្គ ទទួលបានការដោះស្រាយទុក្ខកង្វល់ និងបញ្ហាប្រឈមមួយចំនួន ដែលបានជួបប្រទះនាពេលកន្លងមក ហើយអាជ្ញាធរមូលដ្ឋានដោះស្រាយមិនចេញ ប៉ុន្តែ ពេលនេះវិបត្តិមួយចំនួនត្រូវបានដោះស្រាយបញ្ចប់ នៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង នាអាណត្តិទី៣ ឆ្នាំ២០២០នេះ។

វេទិកានេះបានធ្វើឡើងក្រោមអធិបតីភាព ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោក ឈាង ឡាក់ ,អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន ,ទីប្រឹក្សារាជរដ្ឋាភិបាល លោក ឈឹម រចនា ដែលមានការចូលរួមពី មន្ទីរ អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរយនាក់ នៅក្នុងបរិវេណវត្តសីហារាម ហៅវត្តកាំងចាម ស្ថិតនៅក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ កាលពីថ្ងៃទី១៧វិច្ឆិកាឆ្នាំ២០២០។

ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោក ឈាង ឡាក់ បានមានប្រសាសន៍ថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដែលបានបង្កើតឡើងនេះ គឺដើម្បីបង្កើននូវវប្បធម៌ពិភាក្សា រវាងក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍នានា សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងសមធម៌ ក្នុងកិច្ចដំណើរការអភិបាលកិច្ចល្អ និងតាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន ពិសេស ដើម្បីឆ្លើយតបនូវក្តីកង្វល់ និងសំណូមនានា របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន មកថ្នាក់ដឹកនាំខេត្ត ក្នុងការដោះស្រាយជូនពួកគាត់ ឲ្យបានសមស្រប និងទាន់ពេលវេលា ។ លោក ឈាង ឡាក់ បានចាត់ទុកវេទិការនេះ គឺពិតជាមានសារៈសំខាន់បំផុត សម្រាប់ការផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ ការកសាងបានសមិទ្ធផលថ្មីៗ របស់រដ្ឋបាលខេត្តក្នុងពេលកន្លងមក និងក៏ជាការផ្តល់ឱកាសដល់ប្រជាពលរដ្ឋ បានបញ្ចេញមតិ យោបល់ លើកពីកង្វល់ និងបញ្ហាប្រឈមនានា ឲ្យថ្នាក់ដឹកនាំខេត្តបានដឹង និងដោះស្រាយជូន ប្រកបដោយសិទ្ធភាព។

អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានមានប្រសាសន៍ថា រាល់បញ្ហាប្រឈម និងសំណូមពរ ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងនៅក្នុងពេលនេះ អាជ្ញាធរខេត្តនឹងធ្វើការដំណោះស្រាយជូន ឲ្យបានទាន់ពេលវេលា និងល្អប្រសើរ។ រីឯបញ្ហាដែលមិនទាន់បានដោះស្រាយជូននៅក្នុងពេលនេះ ថ្នាក់ដឹកនាំខេត្តនឹងយកទៅពិភាក្សា ហើយជំរុញឲ្យមានការដំណោះស្រាយជាបន្តបន្ទាប់ នៅពេលខាងមុខនេះ។ លោក ម៉ុម សារឿន បានបញ្ជាក់ថា ក្រុមប្រឹក្សាខេត្ត រួមនឹងរដ្ឋបាលខេត្ត នឹងខិតខំឲ្យអស់លទ្ធភាព តាមអ្វីដែលអាចធ្វើទៅបាន ដើម្បីឆ្លើយតបនឹងសំណូមពរ និងក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ការពង្រឹងក្នុងការផ្តល់សេវាសាធារណៈ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋមានជំនឿ ទុកចិត្ត និងកសាងបានជីវភាពគ្រួសារ កាន់តែប្រសើរឡើងថែមទៀត។

សូមជម្រាបថា នៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ នាអាណត្តិទី៣នេះ ប្រជាពលរដ្ឋដែលបានចូលរួម បានលើកពីទុក្ខកង្វល់ និងបញ្ហាប្រឈមជាច្រើន ដែលជាអាជ្ញាធរមូលដ្ឋាន ដោះស្រាយមិនចេញ ហើយស្នើដល់អាជ្ញាធរខេត្ត ជួយដោះស្រាយឲ្យបានសមស្របតាមតម្រូវការចាំបាច់ ដូចជាការជួយកសាងផ្លូវដែលរងការខូចខាត ខ្វះប្រព័ន្ធទឹកស្អាត ខ្វះអគ្គីសនីប្រើប្រាស់ ការបម្រើសេវាសាធារណៈនៅមានកម្រិត វិវាទដីធ្លី រួមនឹងបញ្ហាប្រឈមជាច្រើនទៀត ផងដែរ។

ស្របពេលជាមួយគ្នានោះ អាជ្ញាធរខេត្ត បានដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភ្លាមៗ ចំនួន ២៥សំណូមពរ ក្នុងចំណោម ៣៦សំណូមពរ គឺនៅ ១១សំណូមពរទៀត នឹងត្រូវលើកយកមកពិភាក្សា និងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ បន្ទាប់គ្នានាពេលខាងមុខនេះ ៕

 

 

Loading...