អាជ្ញាធរខេត្ត​នៅតែ​បន្ត​រឹតបន្តឹង​ពលរដ្ឋ​ចូលមក​ខេត្តរតនគិរី​ត្រង់ចំណុច ស្រុក​កូន​មុំ ព្រំប្រទល់ រតនគិរី​- ស្ទឹងត្រែង​

​ខេត្តរតនគិរី​៖ លោក ថង សាវុន អភិបាលខេត្ត ដើម្បី​អនុវត្ត​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ចូលមក​កាន់​ក្នុង​សហគមន៍ ឲ្យ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ស្រុក សហការ​ជាមួយ​កម្លាំង​ខេត្ត កំពុង​បន្ត​ការ​រឹតបន្តឹង​ហាមឃាត់​អ្នកធ្វើដំណើរ​ប្រជាពលរដ្ឋ​ដែល​ឆ្លងកាត់​តាមផ្លូវ​ជាតិ​លេខ​៧៨ ជាប់​ព្រំប្រទល់​រវាង​ខេត្តរតនគិរី​-​ស្ទឹងត្រែង បន្ទាប់ពី​ខេត្តស្ទឹងត្រែង​ត្រូវបាន​រកឃើញ​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ជា​លើក​ទី​១​។​

​លោក ម៉ឹង ស៊ី​នាថ អ្នកនាំពាក្យ​សាលាខេត្ត​បាន​ឲ្យ​អ្នកសារព័ត៌មាន​យើង​ដឹង​នៅ​ថ្ងៃទី​៣​ឧសភា​នេះ ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដែល​ឈរជើង​នៅជាប់​ព្រំប្រទល់​ខេត្តរតនគិរី និង​ខេត្តស្ទឹងត្រែង នៅតាម​បណ្ដោយ​ផ្លូវ​លេខ​៧៨ ស្ថិតនៅ​ក្នុងភូមិ​៣ ឃុំ​ស្រែ​អង្ក្រង ស្រុក​កូន​មំ​ុ គឺ​សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ឆ្លងកាត់​បានរ​ថ​យន្ត​ដឹកទំនិញ តែ​អ្នកបើកបរ​ត្រូវ​ចុះ​ដើម្បី​ត្រួតពិនិត្យ​វាស់​កម្ដៅ បាញ់​អាល់កុល បង្ហាញ​លិខិត​សំគាល់ និង​ទុក​លេខ​ទូរ​សព្ទ​ដើម្បី​ទំនាក់ទំនង តែបើ​រកឃើញថា​មាន​ចំណុច​មិន​ប្រក្រតី​ណាមួយ គឺ​ត្រូវយក​រថយន្ត​ផ្សេង​មក​សាង​ទំនិញ ហើយ​មិន​អនុញ្ញាត​ឲ្យ​អ្នកបើកបរ​រូបនោះ​ឆ្លងកាត់​ខេត្ត​នេះ​បានឡើយ​។ ហើយ​ចំពោះ​អ្នកដំណើរ​ដែល​អាច​អនុញ្ញាត​ឲ្យ​ទៅបាន គឺ​ត្រូវ​ស្របទៅតាម​ការ​សេចក្តីសម្រេច​លេខ​៤៤ សសរ របស់​រាជរដ្ឋាភិបាល​។​

​លោក​ថា សមត្ថកិច្ច​ក៏​បន្ត​ឈរជើង​ចាំ​ឃ្លាំមើល​តាម​ច្រក​ផ្លូវលំ​តូចៗ និង​ផ្លូវទឹក​ផងដែរ​។​

​ដោយឡែក​ប៉ុស្តិ៍​ត្រួតពិនិត្យ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ព្រំប្រទល់​ខេត្តរតនគិរី​-​ខេត្តមណ្ឌលគិរី​ត្រង់ចំណុច​អូរ​រ​វាក់ ក៏ត្រូវ​រឹតបន្តឹង​និង​ត្រួតពិនិត្យ​វាស់​កម្ដៅ បាញ់​អាល់កុល និង​ផ្តល់ព័ត៌មាន​ផ្សេងៗ​ពី​ប្រភព​ទីតាំង​ដែល​ធ្វើដំណើរ​ចេញមក ហើយ​ត្រូវ​ទៅ​ស្នាក់នៅ​ទីតាំង ចំណុច​ណា ព្រមទាំង​ទុក​លេខ​ទូរ​សព្ទ​សម្រាប់​ទំនាក់ទំនង​ប្រសិន​ជាមាន​បញ្ហា​នៅពេល​ក្រោយ​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​ខេត្តរតនគិរី​ពុំទាន់​មាន​វិជ្ជមាន​កូ​វីដ​-១៩​នៅឡើយ​ទេ​។ តែ​ទោះជា​យ៉ាងណា​រដ្ឋបាល​ខេត្តរតនគិរី​នៅតែ​បន្ត​ផ្សព្វផ្សាយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​រក្សា​តាម​សេចក្ដីប្រកាស​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក៏​ដូច​ក្រសួងសុខាភិបាល​សូម​ឲ្យ​បងប្អូន​ប្រកាន់ខ្ជាប់​នូវ​វិធានការ ៣​កុំ និង ៣​ការពារ ឲ្យ​បាន​គ្រប់គ្នា​ដើម្បី​ចៀសវាង​និង​កាត់ផ្ដាច់​ការឆ្លង​រីក​រាលដាល​ជំងឺ​កាច​សាហាវ​នេះ​ចូលក្នុង​សហគមន៍ ៕

Loading...