អាជ្ញាធរខេត្ត តុលាការ និងអយ្យការខេត្តព្រះវិហារ បានពិនិត្យ និងបិទកញ្ចប់គ្រឿងញៀនមានទម្ងន់ជាង ២០គីឡូក្រាម ដែលកម្លាំងសមត្ថកិច្ចរួមគ្នាបង្រាបបាន ក្នុងរយះពេល១ឆ្នាំកន្លងមកនេះ ដើម្បីនាំយកទៅដុតកម្ទេចចោល នៅខេត្តស្ទឹងត្រែង ភាគឥសាន្តកម្ពុជា !

ខេត្តព្រះវិហារ៖ គ្រឿងញៀនមានទម្ងន់ជាង ២០គីឡូក្រាម និងមានតម្លៃជាង ១លានដុល្លារអាមេរិក ដែលបានមកពីការបង្ក្រាប ពីកម្លាំងសមត្ថកិច្ចខេត្តព្រះវិហារ នារយះពេល១ឆ្នាំ២០១៩ កន្លងមកនេះ ត្រូវបានធ្វើការត្រួតពិនិត្យ និងវេចខ្ចប់នោះហើយ ដើម្បីត្រៀមនាំយកទៅដុតបំផ្លាញចោល នាបំណាច់ខែមិថុនានេះ នៅក្នុងខេត្តស្ទឹងត្រែង ។

ការត្រួតពិនិត្យលើការវេចខ្ចប់គ្រឿងញៀន ទាំងជាង២០គីឡូក្រាមនោះ បានធ្វើឡើងកាលពីថ្ងៃទី២៦មិថុនាឆ្នាំ២០២០ ក្រោមវត្តមាន អភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សិរី ដែលជាតំណាង អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ,ប្រធានសាលាដំបូងខេត្ត លោក អៀង គឹមថុល ,ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិនថាល់ និងមានការចូលរួម ពីតំណាងស្នងការដ្ឋាននគរបាលខេត្ត ,មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមនឹងមន្រ្តីជាច្រើនរូបទៀត នៅក្នុងសាលាដំបូងខេត្តព្រះវិហារ ។

អភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សិរី បានមានប្រសាសន៍ អោយដឹងនៅថ្ងៃទី២៧មិថុនានេះថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការយុទ្ធសាស្ត្រលើកទី៥ ដោយតម្រូវអោយអនុវត្ត យុទ្ធនាការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេស ហើយរដ្ឋបាលខេត្តព្រះវិហារ បានដាក់ចេញនូវបទបញ្ជា ចំពោះកម្លាំងសមត្ថកិច្ចខេត្ត អោយសហការរួមគ្នា អនុវត្តយុទ្ធនាការ ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនខុសច្បាប់នេះ យ៉ាងម៉ឺងម៉ាត់បំផុត។ លោកមានប្រសាសន៍ទៀតថា កម្លាំងសមត្ថកិច្ចខេត្ត នៅក្នុងរយះពេល១ឆ្នាំ២០១៩ កន្លងមកនេះ បានខិតខំអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ហើយបានរួមគ្នាអនុវត្ត លើយុទ្ធនាការ ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនខុសច្បាប់ ដោយសម្រេចបានលទ្ធផល ធ្វើការបង្ក្រាបបានចំនួន ២៦ករណី រឹបអូសបានគ្រឿងញៀន ២ប្រភេទ គឺប្រភេទមេតំហ្វេតាមីនគ្រាប់ និងមេតំហ្វេតាមីន ice ម៉ាទឹកកក មានចំនួនសរុប ២០,១០២.៩៤ក្រាម «២ម៉ឺន ១០២.៩៤ក្រាម» ស្មើ ២០គីឡូក្រាម ១០២.៩៤ក្រាម។ លោកអភិបាលរងខេត្ត មានប្រសាសន៍ទៀតថា ថ្នាំញៀនដែលមានទម្ងន់ ២០គីឡូក្រាម ១០២.៩៤ក្រាម ដែលបានមកពីការបង្ក្រាប របស់កម្លាំងសមត្ថកិច្ចខេត្តនោះ បើតាមការប៉ាន់ប្រមាណជាទឹកប្រាក់ មានមិនក្រោមពី ១លានដុល្លារអាមេរិកនោះឡើយ។ ចំពោះការវេចខ្ចប់នៅក្នុងពេលនេះ គឺយើងបានធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចង់ និងត្រឹមត្រូវបំផុត ដើម្បីត្រៀមនាំយកទៅដាក់ដុតបំផ្លាញចោល នៅថ្ងៃទី៣០មិថុនាឆ្នាំ២០២០ ខាងមុខនេះ នៅខេត្តស្ទឹងត្រែង ដែលមានការចូលរួមពីខេត្តចំនួន៥ គឺខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌល់គិរី និងខេត្តក្រចេះ ស្ថិតនៅភាគឥសាន្ត នៃប្រទេសកម្ពុជា៕

Loading...