អាជ្ញាធរគ្រោងចុះបង្ក្រាបការធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់

ខេត្តរតនគិរី៖មន្រ្តី ជំនាញ និងស្ថាប័នពាក់ព័ន្ធគ្រោងនឹងបង្រ្កាបអាជីវកម្មរ៉ែខុសច្បាប់នៅ សប្តាហ៍នេះបន្ទាប់ពីស្រាវជ្រាវរកឃើញអាជីវកម្មរ៉ែមាសជាច្រើនកន្លែង ក្នុងស្រុកអូរយ៉ាដាវដែលមានជនជាតិវៀតណាម និងខ្មែរប្រមាណ ២០០ នាក់កំពុងប្រើប្រាស់ឧបករណ៍ និងសារធាតុគីមីបំពុលបរិស្ថានយ៉ាងអនាធិបតេយ្យអស់រយៈពេលជិត ១០ ឆ្នាំមកហើយ។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាសហគមន៍ អង្គការសិទ្ធិមនុស្សអាដហុកខេត្តរតនគិរីបានចុះធ្វើការស្រាវជ្រាវ កាលពីចុងសប្តាហ៍មុន និងឃើញកន្លែងជីក និងកិនរ៉ែមាសខុសច្បាប់ជាច្រើនកន្លែងនៅតំបន់ព្រៃមាសដែលស្ថិត ក្នុងឃុំបរខាំ ស្រុកអូរយ៉ាដាវ។
អ្នកសម្របសម្រួលអង្គការអាដហុក លោក ឆាយ ធី បានបញ្ជាក់កាលពីម្សិលមិញថា៖ «យើងឃើញមានម៉ាស៊ីនពី ២០ ទៅ ៣០ គ្រឿងនៅកន្លែងផ្សេងៗគ្នាហើយអ្នកជីកប្រហែលជា ២០០ នាក់មានខ្មែរ និងជនជាតិវៀតណាមកំពុងតែជីក និងកិនយកមាសដោយគ្មានការទប់ស្កាត់»។
ឧបករណ៍ដែលប្រើប្រាស់នៅ តាមទីតាំងទាំងនោះរួមមានម៉ាស៊ីនភ្លើង ឌីណាម៉ូភ្លើង ម៉ាស៊ីនកិនមាស ប្រដាប់រែងមាស ត្បាល់កិនភ្ជាប់ទៅនឹងម៉ាស៊ីនគោយន្តសារធាតុគីមីបារ៉តអាងស្តុកទឹក សម្រាប់លាង និងរំលាយយកមាសជាដើមដែលស្ថិតនៅរាយប៉ាយលើផ្ទៃដីប្រមាណជា ៣ គីឡូម៉ែត្រ ៤ ជ្រុងទៅតាមខ្សែមាសដែលគេរកឃើញ។
លោកបន្តថា ក្នុងម៉ាស៊ីនមួយមានអ្នកជីកពី ៣ ទៅ ៥ នាក់ហើយពួកគេបានគេចចេញបាត់អស់មិនឲ្យជួប និងថតរូបនោះទេនៅពេលដែលលោកចុះទៅដល់។
លោក ឆាយ ធី សង្កេតឃើញថា៖ «កន្លែងហ្នុងជីកធ្វើខ្លាំងបំផុតកាលពីអំឡុងឆ្នាំ ២០០៦ ដែលថៅកែមានម៉ាស៊ីន ១២ គ្រឿងអាចរកមាសបានរហូតដល់ទៅ ៣០ តម្លឹង ១ ថ្ងៃក៏មានហើយចេះតែបន្តរហូតមកដល់សព្វថ្ងៃនេះគ្មានខ្លាចរអា ឬផ្អាកនោះទេ»។
លោកថា គ្រប់ម៉ាស៊ីនទាំងអស់គឺសុទ្ធតែមានប្រើប្រាស់សារធាតុគីមីដូចជា បារ៉ត និងអាស៊ីតខ្លាំងសម្រាប់ចាប់ និងរំលាយដីឲ្យក្លាយទៅជាទឹករ៉ែមាសក្នុងរយៈពេល ១ អាទិត្យ។ បន្ទាប់មកគឺគេបង្ហូរទឹកនោះចោលទៅតាមអូរ និងទឹកភ្លៀងពាសវាលពាសកាលតាមអំពើចិត្តដែលអាចនឹងបង្កផលប៉ះពាល់ ដល់បរិស្ថាន។
លោក ឆាយ ធី ជឿជាក់ថាការធ្វើអាជីវកម្មនេះគឺមានអ្នកមានអំណាចនៅពីក្រោយខ្នង និងការឃុបឃិតគ្នា និងសូកប៉ាន់បើមិនដូច្នេះទេគឺមិនអាចដំណើរការបានច្រើនឆ្នាំបែប នេះនោះទេ។
លោកថា អាជ្ញាធរក៏គួរតែមានការទទួលខុសត្រូវលើបញ្ហានេះដែរដោយមិនគួរ បណ្តែតបណ្តោយឲ្យមានការធ្វើអាជីវកម្មបែបនោះទេ។ អាដហុកគ្រោងនឹងស្នើសុំអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធនៅថ្ងៃចន្ទ នេះដើម្បីចាត់វិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព។
ទោះបីយ៉ាង ណាលោក ម៉ា វិចិត្រ អភិបាលស្រុក និងជាអតីតអធិការស្រុកអូរយ៉ាដាវបានអះអាងថាមិនមានការធ្វើ អាជីវកម្មរ៉ែមាសខុសច្បាប់កើតមាននោះទេនៅតំបន់ព្រៃមាសនោះ។
លោក ថា កាលពីមុនការជីករ៉ែមាសបែបអនាធិបតេយ្យគឺកើតមានតិចតួចមែនហើយ អាជ្ញាធរបានចុះទៅទប់ស្កាត់ និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់បានជាង ១០ ម៉ាស៊ីន។
លោក ម៉ា វិចិត្រ បានថ្លែងថា៖ «កន្លងមកគឺមានការរកអនាធិបតេយ្យមែន។ វាធ្វើតាមលក្ខណៈគ្រួសារកំប៉ិកកំប៉ុកប៉ុណ្ណោះ។ តែក្រោយមកខ្ញុំបានប្រើកងកម្លាំងឲ្យទៅធ្វើកិច្ចសន្យាហើយឥឡូវ ស្ងាត់ហើយឈប់ធ្វើអស់ហើយ។ ដូចជាមិនមានបញ្ហាអីទេ»។
ផ្ទុយ ពីការលើកឡើងរបស់អភិបាលស្រុកខាងលើនេះប្រធានមន្ទីររ៉ែ និងថាមពលខេត្តរតនគិរីលោក ហ៊ុន ប៊ុនថាន់ បានមានប្រសាសន៍ថាបទល្មើសជីករ៉ែមាសនៅតំបន់ព្រៃមាសនោះគឺកំពុង តែកើតមានឡើងកាន់តែច្រើនឡើងក្នុងរយៈប៉ុន្មានខែចុងក្រោយនេះ។
លោក បន្តថាមន្ទីរបានទទួលការឯកភាពពីក្រសួងរ៉ែ និងថាមពលរួចហើយ ហើយគ្រោងនឹងចុះចាត់វិធានការច្បាប់នៅសប្តាហ៍នេះ។ លោកថ្លែងថា៖ «នៅតែមាន។ យើងបានស៊ើបដឹងជិត ១ ខែមកហើយ។ សកម្មភាពហ្នឹងកាន់តែខ្លាំងឡើងៗ។ យើងកំពុងរៀបចំចុះបង្រ្កាបជាបន្ទាន់»។
លោកក៏បានឲ្យដឹងផង ដែរថាទីតាំងជីកត្បូងនៅក្នុងភូមិបឡយ ឃុំកិះចុង ស្រុកបកែវត្រូវបានបង្រ្កាបកាលពីថ្ងៃម្សិលមិញដោយរឹបអូសបាន ម៉ាស៊ីនពីរគ្រឿងផងដែរ។ ប៉ុន្តែអ្នកប្រព្រឹត្តបានរត់គេចខ្លួនបាត់អស់ហើយនៅពេលនេះ កម្លាំងជំនាញកំពុងតែស្រាវជ្រាវរកប្រភពពួកគេ។
លោក ម៉េង សក្កិធារ៉ា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលមិនអាចទាក់ទងសុំអធិប្បាយបានទេកាលពីម្សិលមិញ។
ទោះ បីយ៉ាងណា លោកធ្លាប់មានប្រសាសន៍នាពេលកន្លងមកថាជំហានដំបូងអាជ្ញាធរបាន ធ្វើការអប់រំណែនាំទៅអ្នកដែលធ្វើអាជីវកម្មរ៉ែខុសច្បាប់ទាំងនោះ ដោយឲ្យចុះបញ្ជីសុំច្បាប់អនុញ្ញាតត្រឹមត្រូវហើយនៅជំហានបន្ទាប់ នឹងចាត់វិធានការច្បាប់លើពួកគេ៕

d61232

2015_10_26_04_20_59

Loading...

Leave a Reply

Your email address will not be published. Required fields are marked *