អាជ្ញាធរឃុំនៅខេត្តរតនគិរីអំពាវនាវជួយទប់ស្កាត់ការលួចកាប់ឈើក្នុងព្រៃសហគមន៍

ខេត្តរតនគិរី ៖អាជ្ញាធរឃុំកុកឡាក់ ស្រុកវ៉ឺនសៃ ខេត្តរតនគិរី អំពាវនាវសុំឲ្យអាជ្ញាធរខេត្ត ប្រញាប់ចាត់វិធានការបង្ក្រាបបទល្មើសលួចកាប់ឈើក្នុងព្រៃសហគមន៍ ការពារ ដែលកំពុងរងការកាប់យកឈើមានតម្លៃដោយអនាធិបតេយ្យ។ ព្រៃឈើសហគមន៍កុកឡាក់ គឺជាព្រៃសេសសល់ចុងក្រោយនៃតំបន់ព្រៃស្រោង មានទីតាំងក្នុងឧទ្យានជាតិវីរៈជ័យ។
ការអំពាវនាវនេះ ធ្វើឡើងនៅថ្ងៃទី១៣ ខែកុម្ភៈ បន្ទាប់ពីសហគមន៍ការពារព្រៃឈើឃុំកុកឡាក់ រាយការណ៍មកអាជ្ញាធរឃុំថា ក្រុមល្បាតសហគមន៍បានប្រទះឃើញឈើមូលរាប់រយដើម ត្រូវគេលួចកាប់ជាបន្តបន្ទាប់នៅក្នុងព្រៃប៉ុន្មានខែកន្លងទៅ ក៏ប៉ុន្តែសហគមន៍គ្មានលទ្ធភាពបង្ក្រាបបាន ដោយសារតែជនល្មើសធ្វើសកម្មភាពនៅពេលយប់ ហើយដឹកជញ្ជូនឈើចេញពីព្រៃតាមច្រករបៀងជាច្រើននៅតំបន់នោះ ដែលសហគមន៍មិនអាចទប់ស្កាត់បាន។
មេឃុំកុកឡាក់ លោក ផុន សឿង ចាត់ទុកការលួចកាប់យកឈើពីក្នុងព្រៃសហគមន៍អភិរក្ស ថាជាសកម្មភាពរបស់ជនល្មើសពីតំបន់ផ្សេងរស់នៅក្បែរព្រៃសហគមន៍ ចូលមកលួចកាប់យកឈើទៅលក់ឲ្យឈ្មួញ ដែលមានទីតាំងប្រមូលទិញនៅស្រុកវ៉ឺនសៃ ខេត្តរតនគិរី។ លោកបន្តថា ប្រសិនអាជ្ញាធរខេត្តមិនជួយចាត់វិធានការទប់ស្កាត់ទាន់ពេលវេលាទេ ឈើមូលនៅតំបន់នោះនឹងត្រូវគេកាប់អស់គ្មានសល់៖ «គេ កាប់គេអារលក់អនាធិបតេយ្យ គេដឹកតាមថៅកែធំៗ គេដឹកចូលវ៉ឺនសៃ ផ្លូវគោយន្តផ្លូវប្រជាពលរដ្ឋទៅកាប់ឈើធ្វើផ្ទះ។ ប្រជាពលរដ្ឋទៅល្បាតកន្លែងណា ឃើញឈើដួលៗ ឈើគគីរ កកោះ ឈើត្រាចណា!»។
ព្រៃសហគមន៍កុកឡាក់ មានទំហំជាង ១ពាន់ហិកតារ ឋិតនៅក្នុងឧទ្យានជាតិវីរៈជ័យ។ ក្រសួងបរិស្ថាន បានកាត់ចេញព្រៃនេះពីតំបន់ឧទ្យានជាតិវីរៈជ័យ ប្រគល់ទៅឲ្យសហគមន៍អភិរក្សតាំងពីឆ្នាំ២០០៩ រហូតមក។
ទាក់ទិនការកាប់បំផ្លាញឈើនៅក្នុងព្រៃសហគមន៍កុកឡាក់ នៅថ្ងៃទី១៣ ខែកុម្ភៈ បានទាក់ទងសុំការបញ្ជាក់ពីប្រធានឧទ្យានជាតិវីរៈជ័យ លោក ព្រិន សំបូរ ក៏ប៉ុន្តែលោកជាប់រវល់ប្រជុំ មិនអាចអធិប្បាយបាន។ ចំណែកនាយផ្នែកនៃខណ្ឌរដ្ឋបាលព្រៃឈើវ៉ឺនសៃ លោក ជា កុលណារ៉ា បញ្ជាក់ថា ព្រៃសហគមន៍កុកឡាក់ ឋិតនៅក្នុងឧទ្យានជាតិវីរៈជ័យ ជាដែនសមត្ថកិច្ចរបស់មន្ត្រីបរិស្ថាន។
យ៉ាងណាក៏ដោយ មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ខេត្ត រតនគិរី លោក ឆាយ ធី កត់សម្គាល់ថា លោកធ្លាប់បានអន្តរាគមន៍ពាក្យប្ដឹងរបស់សហគមន៍ ទៅស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ករណីនេះ កាលពីខែមិថុនា។ លើសពីនេះទៀត លោកថា ករណីលួចកាប់ឈើនាពេលថ្មីៗនេះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ស្ថាប័ន ត្រូវសហការរួមជាសហគមន៍រកមធ្យោបាយជាក់លាក់ណាមួយ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើនេះទុកជាសម្បត្តិធនធានធម្មជាតិឲ្យ បាននៅគង់វង្សទៅថ្ងៃអនាគត៖ «សូមឲ្យស្ថាប័ន ពាក់ព័ន្ធ ដូចជារដ្ឋបាលព្រៃឈើ បរិស្ថាន សមត្ថកិច្ចប៉ូលិស ឬក៏អាជ្ញាធរមូលដ្ឋាន អាជ្ញាធរដែនដីទាល់តែជួយដល់សហគមន៍ការពារតំបន់ព្រៃកុកឡាក់ ផងដែរ ទើបព្រៃហ្នឹងអាចថែរក្សាបាន ព្រោះជាតំបន់ព្រៃការពារចុងក្រោយហើយដែលរដ្ឋាភិបាលបានប្រគល់ឲ្យ សហគមន៍អភិរក្ស»។
របាយការណ៍អង្កេតរបស់សមាគមអាដហុក ឲ្យដឹងថា សហគមន៍ការពារព្រៃឈើឃុំកុកឡាក់ កាលពីខែមិថុនា ឆ្នាំ២០១៥ បានដាក់ពាក្យប្ដឹងមកសមាគមអាដហុក ឲ្យជួយអន្តរាគមន៍ទៅមន្ត្រីជំនាញទប់ស្កាត់ករណីនេះ។ លើសពីនេះទៀត សហគមន៍បង្ហាញការអស់សង្ឃឹម ហើយគ្រោងនឹងប្រគល់ព្រៃទៅឲ្យមន្ត្រីអភិរក្សគ្រប់គ្រងវិញ ដោយសារសកម្មភាពកាប់យកឈើក្នុងព្រៃសហគមន៍កាន់តែកើតមានច្រើនឡើង៕

IMG-12

Loading...

Leave a Reply

Your email address will not be published. Required fields are marked *