អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជម្រុញមន្ត្រីនគរបាលយុត្តិធម៌ក្នុងខេត្តព្រះវិហារ ត្រូវបន្តរួមគ្នាទប់ ស្កាត់ បង្ក្រាបការជួញដូរ ចែកចាយ និងការប្រើប្រាស់គ្រឿងញៀន ឲ្យបានខ្លាំងក្លាជាងនេះថែមទៀត !

ខេត្តព្រះវិហារ៖ ប្រសាសន៍ជម្រុញរបស់ អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ថោង សុគន្ធា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ ស្ដីពី លទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆមាសទី១ និងលើកទិសដៅការងារ សម្រាប់ឆមាសទី២ ឆ្នាំ២០២០នេះ ។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ថោង សុគន្ធា, អភិបាលរងខេត្ត និងជាអនុប្រធានគណកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្ត ព្រះវិហារ លោក ស៊ូ សិរី ដោយមានការអញ្ជើញចូលរួមពី គណៈប្រតិភូអមដំណើរ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត ស្នងការរងនគរបាលខេត្ត អភិបាលក្រុង-ស្រុក អធិការនគរបាលក្រុង-ស្រុក មេប៉ុស្ដិ៍នគរបាល រដ្ឋបាល និងមេឃុំ-ចៅសង្កាត់ មកពីក្រុង-ស្រុកទាំង៨ កាលពីថ្ងៃទី១កញ្ញាឆ្នាំ២០២០ នៅសាលាខេត្ត ព្រះវិហារ ។

យោងរបាយការណ៍របស់ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានបង្ហាញនៅក្នុងកិច្ចប្រជុំនោះ ឲ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២០នេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ចុះបង្ក្រាបការចរាចរ គ្រឿងញៀនបាន ២៣ករណី ឃាត់ខ្លួនជនសង្ស័យ ៥០នាក់ ស្រី ៨នាក់ ព្រមទាំងរឹបអូសគ្រឿងញៀន បាន ១ប្រភេទ គឺថ្នាំញៀនក្រាមពណ៌សថ្លា ប្រភេទមេតំហ្វេតាមីន (ICE) ម៉ាទឹកកក ចំនួន ១៥១,៤៧ក្រាម រួមទាំងវត្ថុតាងជាច្រើនទៀត ផងដែរ។

ដោយឡែក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រាប់ឆមាសទី១ ឆ្នាំ២០២០នេះ បង្ក្រាបបទ ល្មើសគ្រឿងញៀនបាន ៥ពាន់ ៤៦៣ករណី កើនលើសឆ្នាំ២០១៩ ចំនួន ១ពាន់ ២៨៨ករណី ក្នុងនោះការ បង្ក្រាប ការជួញដូរ ការរក្សាទុក មានចំនួន ៣ពាន់ ៤៤៨ករណី ការប្រើប្រាស់ ១ពាន់ ៩៧៩ករណី ការដាំដុះ ៣៣ ករណី ការកែច្នៃគ្រឿងញៀន ៣ករណី និងបានឃាត់ខ្លួនជនសង្ស័យ ១០ពាន់ ៨៧៧នាក់ ក្នុងនោះស្ត្រី ៦៨៧ នាក់ ។

អភិបាលរងខេត្ត និងជាអនុប្រធានគណកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះវិហារ លោក ស៊ូ សិរី បានថ្លែងកោតសរសើរ ពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីនគរបាលយុត្តិធម៌ និងគណៈកម្មាធិការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខេត្ត ក្នុងការទប់ស្កាត់ និងបង្ក្រាបការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿង ញៀន នៅក្នុងខេត្តព្រះវិហារនេះ ។ លោក ស៊ូ សិរី បានជម្រុញមន្ត្រី នៃសមាជិកគណៈកម្មាធិការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនថ្នាក់ខេត្ត ព្រមទាំងថ្នាក់ដឹកនាំនៅតាមបណ្តាមន្ទីរ អង្គភាព អាជ្ញាធរក្រុង-ស្រុក និងនៅ គ្រប់ឃុំ-សង្កាត់ទាំងអស់ក្នុងខេត្ត ជាពិសេស ស្រុកដែលមានព្រំប្រទល់ជាប់នឹង ប្រទេសថៃ និងឡាវ គឺស្រុកជាំក្សាន្ត និងស្រុកឆែប ត្រូវបន្តយកចិត្តទុកដាក់រួមគ្នា ទប់ស្កាត់ការជួញដូរ ការចែកចាយ និងការ ប្រើប្រាស់គ្រឿងញៀន និងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសជាប់ព្រំដែន ដើម្បីទប់ស្កាត់ការហូរចូលគ្រឿងញៀនពីក្រៅប្រទេស នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ ប្រកបដោយប្រសិទ្ធភាព ។

អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ថោង សុគន្ធា បានសម្តែង មោទនភាព ចំពោះគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះវិហារ ដែលបានខិតខំបំពេញភារកិច្ច របស់ខ្លួន នៅក្នុងការបង្រ្កាប និងទប់ស្កាត់នូវបទល្មើសគ្រឿងញៀន នាកន្លងមក ។ លោកបានថ្លែងថា ការចុះទប់ស្កាត់ និងបង្ក្រាបការចរាចរគ្រឿងញៀនកាន់តែខ្លាំង តែសកម្មភាពការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន នៅតែកើនឡើងជាលំដាប់។

លោក ថោង សុគន្ធា បានដាក់ចេញទិសដៅការងារត្រួតពិនិត្យគ្រឿងញៀន សម្រាប់ការអនុវត្តន៍ នៅក្នុងឆមាសទី២ ឆ្នាំ២០២០ ដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្នាក់ខេត្ត និងមន្ត្រីនគរបាល យុត្តិធម៌ទាំងអស់ ត្រូវបន្តអប់រំ និងផ្សព្វផ្សាយ ពីការបង្ការទប់ស្កាត់ការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ឲ្យបានខ្លាំងក្លាជាងនេះថែមទៀត ហើយត្រូវពង្រឹងសមត្ថភាព ឆន្ទៈ គុណធម៌ ភាពស្មោះត្រង់ និងវិជ្ជាជីវៈ របស់មន្ត្រីអនុវត្តច្បាប់ តាមទិសស្លោក កុំ ៣ គឺ «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ និងកុំលើកលែង» ដោយត្រូវ រាយការណ៍ គ្រប់ករណីបទល្មើសគ្រឿងញៀនមកអាជ្ញាធរ ត្រូវផ្តល់ការកោតសរសើរ និងការលើកទឹកចិត្ត ដល់មន្ត្រីអនុវត្តច្បាប់ ដែលមានស្នាដៃក្នុងការបំពេញការងារ ដើម្បីនាំមកនូវលទ្ធផលកាន់តែល្អប្រសើរ ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ថែរក្សាបាននូវសុខមាលភាព ការអភិវឌ្ឍន៍សង្គម និងការ កសាងបាននូវធនធានមនុស្ស ប្រកបដោយសក្តានុពលភាព សម្រាប់ប្រទេសជាតិ ទាំងមូល ៕

Loading...