អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់វិធានការពង្រឹងទប់ស្កាត់ និងបង្ក្រាបការនាំចូលគ្រឿងញៀន ខុសច្បាប់ នៅតាមច្រករបៀងនានា នៃខ្សែបន្ទាត់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ !

ខេត្តព្រះវិហារ៖ អគ្គលេខាធិការស្តីទី នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធនា ,អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានលេខា ធិការដ្ឋានគ្រឿងញៀនខេត្ត លោក ស៊ូ សិរី បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី ការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ជួរមុខ នាថ្ងៃទី២០តុលាឆ្នាំ២០២០ នៅសាលាខេត្តព្រះវិហារ។

វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងមានរយះពេល ៣ថ្ងៃ ចាប់ថ្ងៃទី២០តុលា ដល់ថ្ងៃទី២២តុលា ឆ្នាំ២០២០ ដែលមានការចូលរួមពីទីប្រឹក្សាអមស្ថាន ទូតថៃទទួលបន្ទុកគ្រឿងញៀន តំណាងក្រុមប្រឹក្សាត្រួត ពិនិត្យគ្រឿងញៀនថៃ « ONCB » លោក ឆាវ៉ាលុត ថុងជាវ ,ប្រធាន-អនុប្រធាននាយកដ្ឋាន ,ស្នងការរង នគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី ឡុង សំអឿន ,គ្រូឧទ្ទេសនាម និងសិក្ខាកាមមកពី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ មកពីការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀនខេត្ត ,ការិយាល័យ ប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត ,ការិយាល័យអន្តោ ប្រវេសន៍ប្រចាំច្រកទ្វាអន្តរជាតិ ,សាខាគយ និងរដ្ឋាករប្រចាំច្រកទ្វាអន្តរជាតិ ,នគរបាលវរៈព្រំដែនកម្ពុជា-ឡាវ និងកម្ពុជា-ថៃ ,វរៈការពារព្រំដែនយោធា ស្ថិតនៅស្រុកជាប់ព្រំដែន កម្ពុជា-ឡាវ និងកម្ពុជា-ថៃ និងអធិការដ្ឋាននគរបាលតាមបណ្តាក្រុង-ស្រុកជាប់ កម្ពុជា-ឡាវ និងកម្ពុជា-ថៃ មានចំនួនជាង ៥០នាក់។

អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រឿងញៀនខេត្តព្រះវិហារ លោក ស៊ូ សិរី បានមាន ប្រសាសន៍ថា រដ្ឋបាលខេត្តព្រះវិហារ មានវិស័យជាអទិភាពសំខាន់ៗ ចំនួន ៩ ក្នុងនោះ វិស័យកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ វិស័យបរិស្ថាន វិស័យទេសចរណ៍ វិស័យរ៉ែ និងថាមពល វិស័យអប់រំ វិស័យធនធានទឹក និងឧតុនិយម វិស័យសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ ប័ណ្ណសមធម៌ និងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ ដាក់វិធានការ និងណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ជាពិសេសមន្ត្រីចំណុះរដ្ឋបាលខេត្តព្រះវិហារ ត្រូវម្ចាស់ការអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពនូវតួនាទី និង ភារកិច្ចរបស់ខ្លួន ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបនិងដោះស្រាយរាល់បញ្ហា ដែលមានការពាក់ព័ន្ធនឹង គ្រឿងញៀន ត្រូវបន្តនិងបង្កើនសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យកាន់តែខ្លាំងក្លាថែមទៀត ត្រូវយកចិត្ត ទុកដាក់និងអនុវត្តឲ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយការណ៍ គឺ “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ និងកុំលើកលែង ” ត្រូវសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ពិសេស មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្នុងការផ្សព្វផ្សាយ ណែនាំ អំពីបញ្ហាគ្រឿងញៀនឲ្យបានជាប្រចាំ ត្រូវផ្សព្វផ្សាយដល់ អាណាព្យាបាល ពិសេស មាតាបិតាសិស្សានុសិស្ស សូមបន្តចូលរួម គាំទ្រឲ្យបានកាន់ តែសកម្មថែមទៀត ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងដោះស្រាយឲ្យបានទាន់ពេលវេលា ត្រូវត្រងត្រាប់ស្តាប់ ដោយយកចិត្តទុកដាក់ និងលើកឡើងនូវចម្ងល់ សំនួរ បញ្ហាប្រឈមដែលជួបប្រទះ ក្នុងពេលអនុវត្តជាក់ស្តែង ដើម្បីដាក់ជូនលោកគ្រូឧទ្ទេសបកស្រាយជូនឲ្យបានច្បាស់ និងពេលត្រឡប់ទៅបំពេញការងារវិញ អនុវត្ត បានត្រឹមត្រូវ ។
ទីប្រឹក្សាអមស្ថានទូតថៃទទួលបន្ទុកគ្រឿងញៀន តំណាងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ « ONCB » លោក ឆាវ៉ាលុត ថុងជាវ បានថ្លែងថា ប្រទេសកម្ពុជា និងប្រទេសថៃ សុទ្ធតែរងឥទ្ធិពលពីបញ្ហា គ្រឿងញៀន ក៏ដូចប្រទេសដ៏ទៃទៀត លើពិភពលលោកផងដែរ។ លោកបានបន្តថា គ្រឿងញៀនសំខាន់ ត្រូវបានចរាចរណ៍ចេញពីតំបន់ត្រីកោណមាស ចូលមកក្នុងបណ្តាប្រទេស ជាពិសេសនៅក្នុងតំបន់ ជាបទពិ សោធន៍បានបង្ហាញឲ្យឃើញថា គ្មានប្រទេសណាមួយ អាចដោះស្រាយបញ្ហាគ្រឿងញៀនតែឯងបានទេ វាទាមទាចាំបាច់នូវកិច្ចសហប្រតិបត្តិការរួមគ្នា ព្រោះថាឧក្រិដ្ឋជនគ្រឿងញៀនកាន់តែមានកលល្បិច និង ប្រើប្រាស់វិធីសាស្ត្រកាន់តែមានភាពស្មុគស្មាញ ដែលមានការលំបាកសម្រាប់សមត្ថកិច្ចទប់ស្កាត់ និងបង្ក្រាប ។ លោកថា ការបណ្តុះបណ្តាលនេះ គឺជាសកម្មភាពមួយដែលចូលរួម រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន និងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ ដើម្បីធ្វើឲ្យប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការ នៃ យន្តការក្នុងតំបន់។ លោកសង្ឃឹមថា សិក្ខាកាមនឹងទទួលបានបទពិសោធន៍ជំនាញ ពីគ្រូឧទ្ទេសនាម អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ នឹងគាំទ្រលើ ផ្នែកជំនាញ គ្រប់សកម្មភាព និងទទួលបានការសហការ ពីមន្ត្រីអនុវត្តច្បាប់ជួរមុខ ផងដែរ៕

Loading...