អាជ្ញាធរជាតិសំបូរព្រៃគុក អំពាវនាវដល់ប្រជាពលរដ្ឋ នៅតំបន់ប្រាសាទសំបូរព្រៃគុក អោយចូលរួមអនុវត្ត ច្បាប់ ដើម្បីតម្កល់ផលប្រយោជន៍ជាតិជាធំ !

ខេត្តកំពង់ធំ៖ អគ្គនាយករងអាជ្ញាធរជាតិសំបូរព្រៃគុក លោក ហេង ថាន បានអំពាវនាវដល់ប្រជា ពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក អោយចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា ដើម្បីធានា ដល់ការតម្កល់ផលប្រយោជន៍ជាតិជាធំ ។

ការអំពាវនាវបែបនេះ បានថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី«ច្បាប់កិច្ចការពារបេតិកភណ្ឌ» នៅតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដែលរៀបចំដោយ នាយកដ្ឋានសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិ សំបូរព្រៃគុក នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ស្ថិតនៅក្នុងស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ ដោយមានការចូលរួមពីអាជ្ញាធរស្រុក នគរបាលបេតិកភណ្ឌ អាជីវករ និងប្រជា ពលរដ្ឋជាង១០០នាក់ ។

អគ្គនាយករងអាជ្ញាធរជាតិសំបូរព្រៃគុក លោក ហេង ថាន បានថ្លែងថា សិក្ខាសាលាដែលធ្វើឡើង រយះពេល១ថ្ងៃនេះ គឺមានគោលបំណងផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដែលរស់នៅក្នុងតំបន់ប្រាសាទ អោយបានយល់ដឹងពីបទដ្ឋានគតិយុត្ត«ច្បាប់»នានា និងស្វែងយល់ពីកិច្ច ការពារ ក្នុងការចូលរួមថែរក្សាបេតិកភណ្ឌវប្បធម៌ ដែលជាកេរ្តិ៍តំណែលរបស់ដូនតា។ លោកបានបន្តថា អាជ្ញាធរជាតិសំបូរព្រៃគុក មានភារកិច្ចការពារ អភិរក្ស និងថែរក្សាស្លាកស្នាមរចនាសម្ព័ន្ធដែនដីក្រុងបុរាណ ប្រាសាទ ទំនៀមទម្លាប់ ប្រពៃណី បែបបទនៃការរស់នៅរបស់ប្រជាជន និងទម្រង់សំណង់ផ្សេងៗ នៅក្នុង តំបន់ការពាររមណីយដ្ឋានសំបូរព្រៃគុក ឲ្យបានគង់វង្ស ការការពារ និងអភិវឌ្ឍន៍ ក្នុងដែនការពាររមណីយ ដ្ឋានសំបូរព្រៃគុក គឺធ្វើយ៉ាងណា ផ្អែកលើកត្តាសំខាន់បី រួមមាន៖ មនុស្ស មរតកវប្បធម៌ និងធម្មជាតិ នូវសុខដុមរម្យនា និងតុល្យភាពគ្នា ដើម្បីមានការអភិវឌ្ឍប្រទេសជាតិ។

ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់នគរបាលបេតិកភណ្ឌ លោកឧត្តមសេនីយ៍ទោ ស៊ុន វុឌ្ឍី បានស្នើ ដល់សិក្ខាកាមទាំងអស់ ក្រោយពីបញ្ចប់វគ្គនេះទៅ ត្រូវយកចំណេះដឹងនេះ ទៅបន្តផ្សព្វផ្សាយ ដើម្បីផ្ដល់ ការយល់ដឹងបន្ថែម ដល់កម្លាំងនគរបាលការពារបេតិកភណ្ឌប្រចាំរមណីយដ្ឋាន ដែលឈរជើងការពារ និងក៏ ដើម្បីបញ្ជ្រាបការយល់ដឹង ដល់ប្រជាពលរដ្ឋ និងអាជីវករ ដែលកំពុងរស់នៅក្នុងតំបន់ទាំងបី នៃប្រាសាទ សំបូរព្រៃគុក ឲ្យយល់ដឹងពីច្បាប់ នៃកិច្ចការពារបេតិកភណ្ឌ ច្បាប់ការពារបេតិកភណ្ឌ ដែលបានតាក់តែង ឡើងរួចមកនេះ។ លោកបានអំពាវនាវដល់អាជីវករ ដែលមានផលប៉ះពាល់នៅក្នុងតំបន់ ប្រាសាទសំបូរ ព្រៃគុក ទាំងអស់ អោយចូលរួមស្តាប់ការផ្សព្វផ្សាយពី«ច្បាប់កិច្ចការពារបេតិកភណ្ឌ» ត្រូវគោរព និងអនុវត្ត ច្បាប់ដែលបានកំណត់ បើពុំមានការចូលរួមពីក្រុមអាជីវករ នៅក្នុងតំបន់នេះទេ គឺមិនអាចទៅរួចឡើយ បើទោះបីជាកម្លាំងនគរបាលបេតិកភណ្ឌ ខិតខំការពារយ៉ាងណាក៏ដោយ។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ភូមិករប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក ទាំងអស់ គឺមានចំនួន ១៣ភូមិ ក្នុងនោះឃុំសំបូរ មានភូមិសំបូរ ភូមិកំពង់ឈើទាល ភូមិសំរិត ភូមិអូគ្រូកែ ភូមិអាត់ស៊ូ ភូមិពោទ្រេត ភូមិជាយសំពៅ ភូមិតាធាវ ,ឃុំជ័យ មានភូមិជ័យ ,ឃុំតាំងក្រសៅ មានភូមិកំពង់ ឈើទាល ,ឃុំសាលាវិស័យ មាន៣ភូមិ គឺភូមិដងអន្ទាក់ ភូមិចំណារ និងភូមិបុស្សស្រមោច។

គួរបញ្ជាក់ថា ប្រាសាទសម្បូរព្រៃគុក ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សំរេចបញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ នាថ្ងៃទី៨ ខែ កក្កដា ឆ្នាំ២០១៧។ ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ប្រាសាទសំបូរព្រៃគុក មានចម្ងាយ ២៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ ដោយធ្វើដំណើរ តាមផ្លូវជាតិលេខ៦២ រួចបត់ស្តាំចូលតាមផ្លូវកូនត្នោត។ ប្រាសាទសំបូរព្រៃគុក គឺជារាជធានីបុរាណ ឈ្មោះថា«ឥសានបុរៈ» កាលពីក្នុងសម័យនោះ គឺជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទទាំងនេះ សាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ជាដើម៕

 

 

 

Loading...