អាជ្ញាធរជាតិសំបូរព្រៃគុក បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យចូលរួមគោរព និងអនុវត្តក្នុងការប្រើប្រាស់ដីធ្លី និងការគ្រប់គ្រងសំណង់បុរាណរបស់អាជ្ញាធរជាតិ ស្របតាមច្បាប់ភូមិបាលដែលបានកំណត់ ដើម្បីជាប្រយោជន៍ដល់សង្គមជាតិទាំងមូល !

ខេត្តកំពង់ធំ៖ ប្រធាននាយកដ្ឋានរៀបចំដែនដីលំនៅដ្ឋាន និងប្រជាសាស្រ្ត នៃអាជ្ញាធរជាតិសំបូរ ព្រៃគុក លោក ឯម គឹមស្រៀង បានថ្លែងបែបនេះ នៅក្នុងពិធីបើកការដ្ឋាន សាងសង់ផ្លូវលំក្រាលគ្រួស ក្រហម១ខ្សែ មានទំហំទទឹង៥ម៉ែត្រ និងបណ្តោយប្រវែង ៤ពាន់ម៉ែត្រ ក្រោមគម្រោងមូលនិធិឃុំ នៃការ ប្រើប្រាស់ដីធ្លី និងការគ្រប់គ្រងសំណង់ នៃតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដែលរៀបចំដោយ នាយកដ្ឋានរៀបចំដែនដីលំនៅដ្ឋាន និងប្រជាសាស្រ្ត នៃអាជ្ញាធរជាតិសំបូរព្រៃគុក ដោយសហការជាមួយ រដ្ឋបាលស្រុកប្រាសាទសំបូរ បានធ្វើឡើងនៅថ្ងៃទី២៤សីហាឆ្នាំ២០២០ ស្ថិតនៅភូមិអាត់ស៊ូ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ដែលមានទំហំទទឹង ៥ម៉ែត្រ និងបណ្តោយប្រ វែង ៤ពាន់ម៉ែត្រ « ៤គីឡូម៉ែត្រ »នាពេលនោះ ដោយមានការបង្ហាញវត្តមាន ពីប្រធាននាយកដ្ឋានរៀបចំ ដែនដីលំនៅដ្ឋាន និងប្រជាសាស្រ្ត នៃអាជ្ញាធរជាតិសំបូរព្រៃគុក លោក ឯម គឹមស្រៀង អាជ្ញាធរ និងមន្ត្រី ពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក ផងនោះដែរ។
តាមការគ្រោងទុក ផ្លូវ១ខ្សែនេះនឹងបញ្ចប់ការស្ថាបនានៅក្នុងរយះពេល២ខែ ដោយចាប់ដំណើរការ ស្ថាបនា ពីថ្ងៃទី២៤សីហាឆ្នាំ២០២០ តទៅ និងក្រោយបញ្ចប់ការស្ថាបនា ផ្លូវ១ខ្សែនេះនឹងបម្រើដល់វិស័យ សាធារណៈ ជាពិសេស ប្រជាពលរដ្ឋនៅក្នុងតំបន់ បានយ៉ាងល្អប្រសើរ ក្នុងការធ្វើដំណើរ និងការដឹកជញ្ជូន កសិផលនានា ទៅកាន់ទីប្រជុំជន ។

ប្រធាននាយកដ្ឋានរៀបចំ ដែនដីលំនៅដ្ឋាន និងប្រជាសាស្រ្ត នៃអាជ្ញាធរជាតិសំបូរព្រៃគុក លោក ឯម គឹមស្រៀង បានថ្លែងថា ការប្រើប្រាស់ដីធ្លី និងការគ្រប់គ្រងលំនៅដ្ឋាន សំណង់សាធារណៈ និងសំណង់ផ្សេងៗ នៅក្នុងតំបន់ការពាររមណីយដ្ឋានសំបូរព្រៃគុកនេះ គឺធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ រួមទាំងអាជ្ញាធរមូលដ្ឋាន ដែលរស់នៅក្នុងតំបន់ការពារនោះ បានដឹង និងយល់ពីបទដ្ឋានគតិយុត្តនានា ក្នុងការរៀបចំដែនដី និងគ្រប់គ្រងសំណង់ នៅក្នុងដែន រមណីយដ្ឋានប្រវត្តិសាស្ត្រនេះ។ លោក ឯម គឹមស្រៀង បានបន្តទៀតថា អាជ្ញាធរជាតិសំបូរព្រៃគុក មានភារកិច្ចការពារ អភិរក្ស និងថែរក្សាស្លាកស្នាមរចនាសម្ព័ន្ធដែនដីក្រុងបុរាណ ប្រាសាទ ទំនៀមទម្លាប់ ប្រពៃណី បែបបទ នៃការរស់នៅរបស់ប្រជាជន និងទម្រង់សំណង់ផ្សេងៗ ដែលស្ថិតនៅក្នុងតំបន់ការពារ រមណីយដ្ឋានសំបូរព្រៃគុកឲ្យបានគង់វង្ស ហើយការការពារ និងអភិវឌ្ឍន៍នៅក្នុងដែនការពាររមណីយដ្ឋាន សំបូរព្រៃគុក គឺធ្វើយ៉ាងណា ផ្អែកលើកត្តាសំខាន់៣យ៉ាង គឺកត្តាមនុស្ស មរតកវប្បធម៌ និងធម្មជាតិ នូវសុខដុមរម្យនា និងតុល្យភាពគ្នា ដើម្បីមានការអភិវឌ្ឍប្រទេសជាតិ។

លោក ឯម គឹមស្រៀង បានបញ្ជាក់ថា ភូមិដ្ឋានរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងតំបន់ប្រាសាទ សំបូរព្រៃគុក មានចំនួន ១៣ភូមិ ក្នុងនោះ ឃុំសំបូរមាន ៨ភូមិ គឺភូមិសំបូរ ភូមិកំពង់ឈើទាល ភូមិសំរិត ភូមិអូរគ្រូកែ ភូមិអាត់ស៊ូ ភូមិពោទ្រេត ភូមិជាយសំពៅ និងភូមិតាធាវ ,ឃុំជ័យ មានភូមិជ័យ ,ឃុំតាំងក្រសៅ មានភូមិកំពង់ឈើទាល និងឃុំសាលាវិស័យ មានភូមិដងអន្ទាក់ ភូមិចំណារ និងភូមិបុសស្រមោច សរុបមាន ៤ឃុំ និង១៣ភូមិ ដែលស្ថិតនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក ។

គួររំលឹកថា ប្រសាទសំបូរព្រៃគុក ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ស្នើដល់អង្គការយូណេស្កូ ដាក់បញ្ចូលជាសម្បត្តិមនុស្សជាតិ ហើយត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចដាក់ បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨កក្កដាឆ្នាំ២០១៧ នៅក្នុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ ។
ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុង ភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានចម្ងាយប្រមាណ ២៥គីឡូម៉ែត្រ ធ្វើដំណើរពីទីរួមខេត្តកំពង់ធំ នៅលើដងផ្លូវជាតិ លេខ៦៤ រួចបត់ស្តាំ ចូលតាមផ្លូវកូនត្នោត។

យោងតាមកំណត់ត្រាប្រវត្តិសាស្ត្រ បានសរសេរថា ប្រាសាទសំបូរព្រៃគុក គឺជារាជធានីបុរាណខ្មែរ ដ៏ល្បីល្បាញមួយ មានឈ្មោះថា « ឥសានបុរៈ »កាលពីសម័យនោះ គឺជាមជ្ឈមណ្ឌល នៃសាសនា សម្រាប់ ឧទ្ទិសថ្វាយដល់ព្រះសិវៈនិយម។ ក្រុមប្រាសាទទាំងនេះ បានសាងសង់ឡើងអំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ៕

Loading...