អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវ ដើម្បីជួស ជុលរចនាសម្ព័ន្ធស្រះ និងស្តារស្រះត្រពាំងសេះនៅមុខ ប្រាសាទអង្គរវត្តប៉ែកខាងជើង

សៀមរាប ៖ ក្រុមអ្នកជំនាញអាជ្ញាធរ ជាតិអប្សរា បានចាប់ផ្តើមធ្វើកំណាយ ស្រាវជ្រាវ ដែលប្រើរយៈពេល ២ខែ គឺចាប់ផ្តើម ដំណើរការតាំងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ រហូតមកដល់ពេនេះ បន្ទាប់មកក្រុមការងារនឹងធ្វើការជួសជុលរចនាសម្ព័ន្ធស្រះ និងស្តារស្រះត្រពាំងសេះ ដែលមានទីតាំងនៅមុខប្រាសាទអង្គរវត្តប៉ែកខាងជើង ស្រះនេះត្រូវជីកកាយយកល្បាប់ភក់ចេញ ពីបាតស្រះជម្រៅ ១ ម៉ែត្រ ដោយប្រើប្រាស់គ្រឿងចក្រអេស្កាវ៉ាទ័រ ដែលមានទទឹង ១៧៥ ម៉ែត្រ និងបណ្តោយមាន ២៦៦ ម៉ែត្រ វាមានរាងជាចតុកោណកែង មានទំនប់ហុំព័ន្ធជុំវិញ មានផ្លូវបង្ហូរទឹក១ចេញទៅប៉ែកខាងលិចផងដែរ។

លោក ធឿន សាខុន មន្ត្រីបុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាមន្ត្រីគម្រោងជួសជុលរចនាសម្ព័ន្ធស្រះ បានឱ្យដឹងនៅថ្ងៃទី០៧ ខែមេសានេះថា បច្ចុប្បន្ន ក្រុមការងារទាំងនេះ កំពុងបានចាប់ផ្តើមធ្វើកិច្ចការស្រាវជ្រាវតាំងថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ រហុតមកដល់ពេនេះ បាន១ខែជាងហើយ ក្នុងការស្រាវជ្រាវកំណាយនេះយើងសង្កេតឃើញមានរបាយអាចម៍ដីចាស់ៗ ដីខ្សាច់ ឥដ្ឋ និងក្រួសបាយក្រៀមជាដើម គឺជាគំហើញបានបញ្ជាក់ប្រាប់ថា នៅសម័យនោះ គេបានជីកយកអាចម៍ដីមកចាក់ទប់ធ្វើជាទំនប់ហើយ បន្ទាប់មកគេយកខ្សាច់មកដាក់ បានគេចាប់ផ្តើមដាក់ឥដ្ឋ និងក្រួសបាយក្រៀមថែម ដើម្បីទប់ទឹកបានជាប់ល្អប្រសើរ។ លោក បន្តថា យើងធ្វើកំណាយស្រាវជ្រាវជាមុនសិន ដើម្បីចង់ដឹងពីទំហំពិតនៃស្រះត្រពាំងសេះនេះ ថាតើវាមានទទឹងប៉ុន្មាន បណ្តោយប៉ុន្មាន ហើយរាងវាយ៉ាងដូចម្ត៉េច នៅពេលយើងដឹងពីទំហំពិតប្រាកដហើយទើបចាប់ផ្តើមជួសជុល មើលពីស្ថានភាពខូចខាតជាក់ស្តែងតែម្តង ។ ដូច្នេះក្រុមការងារត្រូវការសិក្សាស្រាវជ្រាវពីវិធីសាស្ត្រជីកយកអាចម៍ដី និងស្តារស្រះត្រពាំងសេះ ក្រុមការងារយើងធ្វើយ៉ាងត្រូវខិតខំយកចិត្តទុកដាក់និងការងារនេះឲ្យបានច្បាស់លាស់ជាមុន សិនទើបសម្រេចធ្វើវាបានល្អ។

លោក ធឿន សាខុន បានបញ្ជាក់ទៀតថា ការអភិរក្សសំណង់បុរាណ យើងអត់អាចកំណត់បានដូចសំណង់សម័យទំនើបទេ គឺត្រូវការពេលវេលាដ៏យូរមួយ ដើម្បីកុំឱ្យបាត់បង់នូវទម្រង់ដើមរបស់ស្រះត្រពាំងសេះនេះ។ គឺយើងមិនអាចធ្វើលឿនពេកបានទេ ហើយមិនគិតគូរអំពីកិច្ចការស្រាវជ្រាវបច្ចេកទេសបុរាណនោះទេ។ ជាមួយនោះ វិស្វកម្មបុរាណក៏ចាំបាច់គិតគូរអំពីការប្រើប្រាស់វត្ថុធាតុដើមផងដែរ។ ការជួសជុលពីកន្លែងមួយទៅកន្លែងមួយទៀត ត្រូវយកចិត្តទុកដាក់ធ្វើកំណាយបើកដីមើលឱ្យអស់ពីស្ថានភាពដើមរបស់វា រួចសម្រង់ប្លង់គ្រប់ជ្រុងជ្រោយ ដើម្បីសិក្សាប្លង់ ថាត្រូវរៀបបែបណាឱ្យដូចទម្រង់ដើម ដោយសំខាន់ផ្តោតលើកិច្ចការអភិរក្សទាំងស្រុងមិនអាចកែប្រែវាបាននោះឡើយ ៕

Loading...