អាជ្ញាធរនិងសហគមន៍ទេសចរ បានស្នើដល់ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ជួយរៀបចំបង្កើតឲ្យមានប្រព័ន្ធទឹកស្អាត សំរាប់ផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់ គ្រាដែលទឹកទន្លេមេគង្គហាក់មានភាពកង្វក់នៅក្នុងរដូវវស្សានេះ!

ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋជាង៦ពាន់នាក់ ដែលកំពុងរស់នៅក្នុងតំបន់ដាច់ស្រយា លមួយ ប្របដងទន្លេមេគង្គ ជាប់នឹងតំបន់អេកូទេសចរអន្លង់ឈើទាល កំពុងត្រូវការជាចាំបាច់នូវទឹកស្អាតសំរាប់ប្រើប្រាស់ប្រចាំថ្ងៃ។ រីឯអាជ្ញាធរឃុំ និងប្រជាសហគមន៍ទេសចរ នៅក្នុងឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ បានស្នើដល់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ជួយធ្វើអន្តរាគមន៍ដោះស្រាយជូនពួកគាត់ ដើម្បីទទួលបានទឹកស្អាតប្រើប្រាស់ និងស្នើឲ្យជួយអភិវឌ្ឍន៍តំបន់អេកូទេសចរនេះ ឲ្យមានសណ្តាប់ធ្នាប់ល្អ ជាការទាក់ទាញដល់អ្នកទេសចរ ចូលមកកំសាន្តបានកាន់តែច្រើនថែមទៀត។

ការទទូចស្នើសុំឲ្យបង្កើតប្រព័ន្ធទឹកស្អាត និងជួយអភិវឌ្ឍន៍តំបន់អេកូទេសចរនោះ បានធ្វើឡើងកាលពីថ្ងៃចុងសប្តាហ៍មុននេះ នៅគ្រាដែលអ្នកយកព័ត៌មានមួយក្រុម ប្រមាណជាង២០នាក់ បានចុះទៅធ្វើកម្មសិក្សា ស្តីពីការយកព័ត៌មាន អំពីការសម្របសម្រួលខ្លួនទៅនឹងបរិស្ថានសង្គម របស់«វិទ្យាស្ថានកម្ពុជា សំរាប់ការសិក្សា ផ្នែកសារព័ត៌មាន» ស្ថិតនៅក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ជំទុបទី២ និងជាសមាជិកក្រុមប្រឹក្សា ឃុំព្រះរំកិល លោក សួស ចាន់ថន លោកបានថ្លែងដោយស្នើដល់មន្ត្រីស្រុក និងថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ ជួយរៀបចំបង្កើតឲ្យមានប្រព័ន្ធទឹកស្អាត សំរាប់ផ្តល់ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ដាច់ស្រាយាលនេះ មានទឹកស្អាតប្រើប្រាស់ ដូចនៅទីនានាឯទៀតនោះផង។ លោកថា ទឹកស្អាតគឺជាឧិសថម្យ៉ាង ដែលអាចជួយការពារសុខភាពប្រជាពលរដ្ឋ ហើយអាចបញ្ជៀសបានពីការឆ្លងរាលដាលជម្ងឺនានា ពីការប្រើប្រាស់ទឹកទន្លេដែលមិនស្អាតនោះបានទៀតផង ព្រោះត្បិតនៅក្នុងឃុំព្រះរំកិលនេះ មានភូមិចំនួន៨ ក្នុងនោះ៥ភូមិនៅត្រើយខាងលិច និង៣ភូមិទៀតនៅត្រើយខាងកើតទន្លេមេគង្គ មានប្រជាពលរដ្ឋរស់នៅ រហូតដល់ទៅជាង៦ពាន់នាក់ សុទ្ធសឹងតែជាអ្នកប្រើប្រាស់ទឹកទន្លេ។ លោកបន្តទៀតថា នៅក្នុងរដូវវស្សាជារៀងរាល់ឆ្នាំ ទឹកទន្លេមេគង្គមានការហក់ឡើង ហើយបាននាំភាពកង្វក់ជាច្រើនមកជាមួយ ឯប្រជាពលរដ្ឋដែលកំពុងរស់នៅជុំវិញ តំបន់អេកូទេសចរអន្លង់ផ្សោតកោះឈើទាលនេះ តែងព្រួយបារម្ភពីការប្រើប្រាស់ទឹកមិនស្អាតនោះ ហើយពួកគាត់បានស្នើដល់អាជ្ញាធរភូមិឃុំ ជួយរៀបចំបង្កើតប្រព័ន្ធទឹកស្អាតប្រើប្រាស់ ដើម្បីបញ្ជៀសបានពីការកើតជម្ងឺនានាជាយថាហេតុ។

លោក សួស ចាន់ថន ក៏បានស្នើដល់អាជ្ញាធរស្រុក និងខេត្ត ជួយរៀបចំអភិវឌ្ឍន៍តំបន់អេកូទេចរអន្លង់ផ្សោតកោះឈើទាល ស្ថិតនៅក្នុងឃុំព្រះរំកិលនេះ ដូចជាការរៀបចំដាក់ស្លាកសញ្ញាចង្អុរបង្ហាញ ពីតំបន់ទេសចរឲ្យបានត្រឹមត្រូវ ការស្ថាបនាផ្លូវចូលតំបន់កំសាន្ត រៀបចំផ្សារ សណ្តាប់ធ្នាប់សាធារណៈ បង្កើតឲ្យមានផ្ទះស្នាក់នៅសំរាប់អ្នកទេសចរ និងការរៀបចំបរិស្ថានឲ្យបានល្អជាងនេះ ដើម្បីទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនាកំសាន្ត តំបន់អេកូទេសចរធម្មជាតិនេះកាន់តែច្រើន រីឯប្រជាពលរដ្ឋក៏ទទួលបានប្រាក់ចំណូលច្រើន ពីវិស័យឧស្សាហកម្មគ្មានផ្សែងនេះ។

ប្រធានសហគមន៍អេកូទេសចរព្រះរំកិល លោក សាន សុវណ្ណា និងអ្នកលក់ចំណីអាហារនៅតំបន់ទេសចរ លោកស្រី កែវ ចន្តា បានសម្តែងការគាំទ្រចំពោះការលើកឡើង របស់ជំទប់ទី២ និងជាសមាជិកក្រុមប្រឹក្សា ឃុំព្រះរំកិល លោក សួស ចាន់ថន នូវការស្នើសុំបង្កើតឲ្យមានប្រព័ន្ធទឹកស្អាតប្រើប្រាស់ អភិវឌ្ឍន៍តំបន់រមណីដ្ឋានអេកូទេសចរធម្មជាតិ រៀបចំប្រព័ន្ធផ្លូវ ការដាក់តាំងស្លាកសញ្ញាចង្អុរបង្ហាញទីតាំងតំបន់ទេសចរ ការស្ថាបនាផ្ទះស្នាក់នៅរបស់ភ្ញៀវ រៀបចំសណ្តាប់ធ្នាប់ និងការរៀបចំបរិស្ថាន ឲ្យបានល្អប្រសើរ ទុកជាការទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកកំសាន្តរមណីដ្ឋានអន្លង់ផ្សោតកោះឈើទាលនេះ ដើម្បីគយគន់មើលសត្វផ្សោត ជាប្រភេទសត្វកម្រ ដែលកំពុងរស់នៅបម្លាស់ទីចុះឡើង នៅក្នុងទន្លេមេគង្គលើ ជាប់នឹងព្រំដែនទឹករបស់ប្រទេសឡាវ។ ប្រធានសហគមន៍អេកូទេសចរ បានបញ្ជាក់ថា ពីសត្វផ្សោតដែលរស់នៅក្នុងអន្លង់កោះឈើទាលនេះមាន១៤ក្បាល និងនៅគ្រាបច្ចុប្បន្ន មាននៅតែ៤ក្បាលប៉ុណ្ណោះ បន្ទាប់ពីអ្នកនេសាទប្រទះឃើញសត្វផ្សោតនេះ បានស្លាប់២ក្បាលរួចមកហើយ គឺនៅក្នុងឆ្នាំ២០១២ ស្លាប់១ក្បាល និងនៅឆ្នាំ២០១៨នេះ បានកើត១ក្បាល ហើយស្លាប់ទៅវិញ៕




Loading...