អាជ្ញាធរបាត់ដំបងចុះអនុវត្តរុះរើតូបខាងមុខអប្សរាផ្សារលើ ដើម្បីរៀបចំកែសម្រួលច្រាំងស្ទឹងដែលកំពុងបាក់ស្រុត

(ខេត្តបាត់ដំបង)៖ ក្នុងន័យលើកម្ពស់សោភ័ណភាពទីក្រុង រដ្ឋបាលក្រុងបាត់ដំបង ចុះអនុវត្តរុះរើតូបខាងមុខអប្សរាផ្សារលើ ដើម្បីរៀបចំកែសម្រួលច្រាំងស្ទឹងដែលកំពុងបាក់ស្រុត ដោយទឹកជំនន់កន្លងមក។ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ អាជ្ញាធរបាត់ដំបង មានលោក សេក ឆុន ចៅសង្កាត់ស្តីទី (សង្កាត់ស្វាយប៉ោ) បានដឹកនាំក្រុមការងារ ដោយមានការសហការពីម្ចាស់គ្រប់គ្រង(អប្សរាផ្សារលើ)ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ការអនុវត្តការុះរើតូបខាងលើនេះដែរ គេសង្កេតឃើញមានអាជីវករជាច្រើនបានយល់ដឹងនិងចូលរួមសហការជាមួយអាជ្ញាធរនិងម្ចាស់ផ្សារ ដោយបានធ្វើការរុះរើដោយខ្លួនឯង និងមានអាជីវករមួយចំនួនតូចមិនព្រមចូលរួមសហការជញ្ជូនសម្ភារ:ចេញទេ ដោយទុកអោយមានការរាំងស្ទះដល់ក្រុមការងារដែលកំពុងចុះអនុវត្តការងារនេះផងដែរ។

លោក សេង សិរីរតន: ជាអ្នកគ្រប់គ្រង(អប្សរាផ្សារលើ) បានបញ្ជាក់នូវគោលជំហររបស់ខ្លួនថា លោកធ្វើនេះមិនធ្វើដោយចិត្តឯងទេ គឺធ្វើទៅតាមចំណារយោងតាមលិខិតរដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ជម្រាបមកលោកអគ្គនាយកក្រុមហ៊ុន តារ៉ា អុីមផត ខូ.អិលធីឌី(អប្សារាផ្សារលើ) កម្មវត្ថុ ករណីស្នើសុំជួសជុលការបាក់ច្រាំងស្ទឹងនៅខាងកើតផ្សារលើស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់បង យោងលិខិតលេខ ៦៥៦សក.បប ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០របស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ។

តបតាមកម្មវត្ថុ និងយោងខាងលើ សូមជម្រាបមកលោកអគ្គនាយកក្រុមហ៊ុនតារ៉ា អុីមផត ខូ.អិលធីឌី(អប្សារាផ្សារលើ)ជ្រាបថា ករណីការបាក់ច្រាំងស្ទឹងនៅខាងកើតផ្សារលើស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង រដ្ឋបាលខេត្តសម្រេចផ្អាកការធ្វើចរាចរណ៍សម្រាប់ឡានធំនិងការលក់ដូរនៅទីនោះជាបណ្ដោះអាសន្នដើម្បីការពារការបាក់ច្រាំងស្ទឹងបន្ថែម ព្រមទាំងសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងការធ្វើចរាចរណ៍ទៅមកនិងអាជីវករលក់ដូរនៅទីនោះដែលអាចកើតឡើងជាយថាហេតុដោយសារខ្លាចប៉ះពាល់បាក់ច្រាំងស្ទឹង ដូច្នេះទើបគាត់សុំធ្វើម៉ិចផ្អាកការលក់ដូរនៅទីនេះ លុះត្រាតែជួសជុលជ្រាំងស្ទឹងហើយទើបគិតតាមហ្នឹងទៀត ៕

Loading...