អាជ្ញាធរបាត់ដំបងដុតបំផ្លាញសាច់មាន់ខូចគុណភាពជិត០១ពាន់គីឡូក្រាម

ខេត្តបាត់ដំបង៖ ទំនិញជាសាច់មាន់ខូចគុណភាពចំនួន ៧០៨គីឡូក្រាម ត្រូវបានអាជ្ញាធរខេត្តបាត់ដំបងធ្វើពិធីដុតបំផ្លាញចោល ក្រោយពីមន្ត្រីជំនាញចុះចាប់យកបានពីឈ្មួញទុច្ចរិតលួចនាំចូលពីទឹកដីប្រទេសថៃ។

លោក ឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងទទួលផែនការិយាល័យនគរបាលសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអោយដឹងថា
ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងគិតគូរពីសុខភាពប្រជាពលរដ្ឋ របស់ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ក៏ដូចជាការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ២០២០​នេះ កម្លាំងនគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសហការជាមួយមន្ត្រីកាំកុងត្រូលខេត្ត ចុះបង្រ្កាបនិងដកហូតបានសាច់មាន់ខូចគុណភាពចំនួន៧០៨គីឡូក្រាមពីក្រុមឈ្មួញដែលបានលួចនាំចូលពីប្រទេសថៃដោយខុសច្បាប់។

លោកបន្តថា ក្រោយពីបង្ក្រាបដកហូតបានវត្ថុតាងសាច់មាន់ខូចគុណភាពទាំងអស់នោះត្រូវបានអាជ្ញាធរធ្វើពិធីដុតកំទេចចោលនៅទីលានចាក់សម្រាម ស្ថិតនៅក្នុងភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ក្រោមការចូលរួមពី លោកឧត្តមសេនីយ៍ត្រី ចេង ឡេង
ស្នងការរង លោក គឹម រំដោះ មន្ត្រីកាំកុងត្រូលខេត្ត និងសហការី លោក ផេង សិទ្ធី អភិបាលក្រុង រួមនឹងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀតបានចូលរួមផងដែរ។

ជាមួយគ្នានេះអាជ្ញាធររដ្ឋបាលក្រុង លោក ផេង សិទ្ធីក៏បានចូលរួមសូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំពិសារ
អាហារណាដែលខូចគុណភាព ព្រោះវាអាចនាំឱ្យប៉ះពាល់ដល់សុខភាពរបស់បង
ប្អូូន និងត្រូវរាយការណ៍បន្ទាន់ទៅកាន់អាជ្ញាធរមូលដ្ឋានដែលនៅជិតអ្នក នៅពេលណាដែលប្រទះឃើញមានការសង្ស័យទៅលើមុខទំនិញណាមួយដែលមានការសង្ស័យថាខូចគុណភាព និងហួសសុពលភាពប្រើប្រាស់៕

Loading...