អាជ្ញាធរព្រមានបិទអាជីវកម្ម និងដាក់ទោសទៅលើម្ចាស់អាជីវកម្មណា ដែលលាក់បំពួនជនបរទេស គេចវេសមិនព្រមទៅបំពេញបែបបទធ្វើប័ណ្ណការងារ និងសៀវភៅការងារ ស្របតាមច្បាប់របស់កម្ពុជា 

ខេត្តស្ទឹងត្រែង៖ ការព្រមានបិទ និងដាក់ទោសទៅលើម្ចាស់អាជីវកម្ម មានក្រុមហ៊ុន សហគ្រាស គ្រឹះសា្ថន កាស៊ីណូ និងក្លឹបកំសាន្តនានា ដែលមានជនបរទេសធ្វើវិនិយោគ ឬប្រកបមុខរបរផ្សេងៗនោះ ហើយនៅមិនទាន់បំពេញល័ក្ខខ័ណ្ឌការងារ ស្របតាមច្បាប់កម្ពុជានោះ គឺបានធ្វើឡើងក្នុងពិធី ប្រជុំផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្តីពី ការពង្រឹងការងារអធិការកិច្ច ហត្ថពលកម្មបរទេស ក្នុងព្រះរាជាណាចក្រម្ពុជា នៅព្រឹកថ្ងៃទី២មេសា២០១៨នេះ នៅសាលាខេត្តស្ទឹងត្រែង។

នៅក្នុងពិធីផ្សព្វផ្សាយប្រកាសអន្តរក្រសួងនេះផងដែរ បានធ្វើឡើងក្រោមវត្តមាន អគ្គនាយករងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ឯក ពិន ពិសិដ្ឋ អភិបាលរងខេត្តស្ទឹងត្រែង លោកស្រី កែវ សារឿន ដែលមានការចូលរួមពី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តស្ទឹងត្រែង លោក បួរ វិរុន មន្ត្រីខេត្ត ក្រុង ស្រុក កងកម្លាំងទាំង៣ និងតំណាងម្ចាស់អាជីវកម្មនិមួយៗ ប្រមានប្រមាណ១៥០នាក់។
ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តស្ទឹងត្រែង លោក បួរ វិរុន បានថ្លែងថា ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងកម្លាំងពលកម្មក្នុងប្រទេស មន្ទីរបានអនុវត្តភារកិច្ចរបស់ខ្លួន ក្នុងឆ្នាំ២០១៧កន្លងមក ដោយបានគ្រប់គ្រងទិន្នន័យក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន និងសេវានានា សរុបចំនួន១០៩សហគ្រាស ដែលមានកម្មករនិយោជិត ៣ពាន់ ៥៧៥នាក់ ក្នុងនោះស្រី៩៨៧នាក់ ហើយមន្ទីរបានផ្តល់សៀវភៅការងារ ជូនដល់កម្មករនិយោជិតខ្មែរ១០៤នាក់ ផ្តល់ប័ណ្ណ និងសៀវភៅការងារជនបរទេសថ្មី ៣៦៤នាក់ និងពន្យាសុពលភាពលើប័ណ្ណការងារ និងសៀវភៅការងារជនបរទេស « ០០ »នាក់ ប្រមូលបានអាករសរុប ១៤៧លាន ៣៥០ពាន់រៀល ក្នុងនោះអាករចំនួន១៤២លាន ១៦០ពាន់រៀល បានមកពីការធ្វើប័ណ្ណការងារ និងសៀវភៅការងារជនបរទេស។ លោកប្រធានមន្ទីរបានបន្តថា ក្នុងឆ្នាំ២០១៧កន្លងមក មន្ទីរបានសហការជាមួយនគរបាលជំនាញខេត្តស្ទឹងត្រែង ចុះធ្វើអធិការកិច្ចហត្ថពលកម្មជនបរទេស បានចំនួន ៣២លើក ស្មើនឹង ៣២ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន នឹងពិនិត្យឃើញមានជនបរទេស ចំនួន៣៥៥នាក់ ក្នុងនោះជនបរទេសដែលមានប័ណ្ណ និងសៀវភៅការងារ ៣២១នាក់ និងអ្នកគ្មានប័ណ្ណ និងសៀវភៅការងារ៣៤នាក់។ លោកបានជម្រុញដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថាន ដែលមានទីតាំងនៅក្នុងទឹកដីខេត្តស្ទឹងត្រែងទាំងអស់ សូមចូលរួមអនុវត្តប្រកាសអន្តរក្រសួង ដើម្បីលើកកំពស់ និងពង្រឹងវ័សយការងារនៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត។

អគ្គនាយករងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ឯក ពិន ពិសិដ្ឋ រួមជាមួយ អភិបាលរងខេត្តស្ទឹងត្រែង លោកស្រី កែវ សារឿន បានមានប្រសាសន៍ ដោយធ្វើការព្រមានទៅដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន អង្គការ សមាគមន៍ ការដ្ឋាន សំណង់ កាស៊ីណូ ក្លឹបកំសាន្ត អាជីវកម្មរណប អាជីវកម្មតាមប្រព័ន្ធOnline អាជីវកម្មពេលរាត្រី អាជីវកម្មលើផ្ទៃទឹក និងអាជីវកម្មផ្សេងៗទៀត និងជនបរទេសដែលមកវិនិយោគ ឬប្រកបរបរណាមួយ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា នៅតែបន្តគេចវេសលួចលាក់ប្រើប្រាស់ពលករបរទេសខុសច្បាប់ និងជនបរទេសខកខាន មិនបានអនុវត្តតាមប្រកាស របស់អន្តរក្រសួង ក្រោមកិច្ចសហការណ៍ រវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនោះទេ នោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានការងារ នឹងធ្វើការផាកពិន័យ និងផ្តន្ទាទោស តាមទោសប្បញ្ញត្តិ ជំពូកទី១៦ នៃច្បាប់ ស្តីពី ការងារ និងផ្តន្ទាទោស តាមទោសប្បញ្ញត្តិ នៃច្បាប់ ស្តីពី អន្តោប្រវេសន៍។ អាជ្ញាធរបានជម្រុញទៅដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ដែលមានប្រើប្រាស់ពលករបរទេស និងជនបរទេស ដែលប្រកបមុខរបរណាមួយ នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងនេះ ត្រូវចូលរួមអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់បំណាច់ខែមេសា២០១៨នេះ។

សូមជម្រាបថា បច្ចុប្បន្ន ខេត្តស្ទឹងត្រែង មានក្រុមហ៊ុនចំនួន១១ និងជនបរទេសមានចំនួន២៧៨នាក់ ស្រី២៨នាក់ និងមាន៣សញ្ជាតិ អាជីវកម្មឯកជនមាន៥ទីតាំង មានជនបរទេស៦២នាក់ ស្រី២នាក់ និងមានអង្កការ សមាគមន៍ចំនួន៦ មានជនបរទេស១៥នាក់ ស្រី៨នាក់ សរុប ៣៥៥នាក់ ស្រី៣៨នាក់ ក្រុមហ៊ុន អាជីវកម្មឯកជន និងអង្គការ សមាគមន៍និមួយៗ មាន៣សញ្ញាតិ ដែលបំរើការងារនៅទីនោះ នេះបើយោងតាមការបង្ហាញរបាយការណ៍ របស់ផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង៕

Loading...