អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះវិហារ កំពុងបើកការស្រាវជ្រាវរកមុខជនល្មើស ដែលបានធ្វើសកម្មភាព ទន្ទ្រានកាប់រុករាន និងបញ្ជាគ្រឿងចក្រ ឈូសឆាយដីព្រៃរដ្ឋជាច្រើនហិចតា យកមកធ្វើជាកម្មសិទ្ធ ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់នោះហើយ

ខេត្តព្រះវិហារ៖ ដីព្រៃរដ្ឋជាច្រើនហិចតា បានរងការចូលទន្ទ្រានកាប់រុករាន និងឈូសឆាយយកមក ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ពីជនខិលខូចមួយក្រុម ដែលគេសង្ស័យថា ជនមួយក្រុមនោះ មានខ្នងបង្អែកជាអ្នក មានអំណាចធំនៅពីក្រោយ ទើបហ៊ានប្រព្រឹត្តសកម្មភាពរំលោភយកដីរដ្ឋបែបនេះ។ ហើយនៅគ្រាបច្ចុប្បន្ន អាជ្ញធរមានសមត្ថកិច្ចថ្នាក់ខេត្ត និងស្រុក បាន និងកំពុងបើកការស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យ ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់។

សកម្មភាពនាំគ្រឿងចក្រ ចូលឈូសឆាយដីព្រៃរដ្ឋជាកម្មសិទ្ធ ទាំងបំពានច្បាប់នោះ គឺបានកើតឡើង នាច្រើនថ្ងៃកាលពីចុងសប្តាហ៍មុននេះ មានមូលដ្ឋាននៅជាប់ព្រំប្រទល់ស្រុកជ័យសែន នៃចំណុចទួលអូរ សុក្រម ស្ថិតនៅក្នុងភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។
អភិបាលស្រុកឆែប លោក សុខ សាន្តតារ៉ា បានប្រាប់អោយដឹងថា នៅច្រើនថ្ងៃកាលពីចុងសប្តាហ៍ កន្លងទៅនេះ មានដែនដីព្រៃអចិន្ត្រៃយ៍របស់រដ្ឋជាច្រើនហិចតា ត្រូវបានក្រុមជនឧិកាសនិយម បាននាំយក គ្រឿងចក្រចូលមកឈូសឆាយ និងទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ហើយអាជ្ញាធរ កងកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញព្រៃឈើប្រចាំមូលដ្ឋាន មិនបានដឹងនោះទេ ប៉ុន្តែ សកម្មភាពប្រព្រឹត្តបទល្មើស ពីជនឈ្លាត ឧិកាសមួយក្រុមនេះ នៅតែមិនអាចបិទបាំងសមត្ថកិច្ចបានឡើយ។

លោក សុខ សាន្តតារ៉ា បានបន្តទៀតថា ក្រោយពីដឹងរឿងនេះភ្លាម លោកបានរាយការណ៍ជូន គណៈអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ដើម្បីទទួលបានបទបញ្ជា និងមានចំណាត់ការទៅលើ សកម្មភាពឈូសឆាយដីព្រៃរដ្ឋល្មើសច្បាប់នោះ និងបន្ទាប់ពីមានការសម្រេចពី លោកអភិបាលខេត្តរួច ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានសហការជាមួយ អាជ្ញាធរស្រុកឆែប កម្លាំងយោធាស្រុក កម្លាំងនគរបាល ស្រុក អាជ្ញាធរភូមិ ឃុំ និងមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋាន បានចុះទៅដល់ទីតាំង ដីព្រៃក្នុងដែន ព្រៃអចិន្ត្រៃយ៍របស់រដ្ឋនោះ ហើយបានពិនិត្យឃើញថា ដីព្រៃជាច្រើនហិចតាបានរងការកាប់ រុករានទន្ទ្រាន ឈូសឆាយ និងនៅក្នុងពេលនេះ ដីព្រៃដែលរងការឈូសឆាយទាំងនោះ ត្រូវបានអាជ្ញាធរថ្នាក់ខេត្ត សម្រេច ដកយកមកទុកជាកម្មសិទ្ធដីរដ្ឋវិញហើយ។

លោកថា នៅក្នុងពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ ក្រុមជន ល្មើសបានដកគ្រឿងចក្រ និងរត់គេចខ្លួនបាត់អស់ ប៉ុន្តែ បានបន្សល់ទុកនូវរណាយន្ត១គ្រឿង ហើយសមត្ថ កិច្ចបានដកហូតយមករក្សាទុក ចំណែក ទំហំដីព្រៃដែលរងការឈូសឆាយ ពីក្រុមជនល្មើសនោះ នៅមិន ទាន់ដឹងថា មានផ្ទៃដីប៉ុន្មានហិចតានៅឡើយទេ ព្រោះមន្ត្រីព្រៃឈើ កំពុងកសាងផែនទី វាស់វែងលើផ្ទៃដី នោះ។
លោក សុខ សាន្តតារ៉ា បានបញ្ជាក់ថា នៅក្នុងពេលនេះ អាជ្ញាធរមានសមត្ថកិច្ច រួមជាមួយកម្លាំង សមត្ថកិច្ចជំនាញមូលដ្ឋាន កំពុងបន្តបើកការស្រាវជ្រាវ កំណត់រកមុខសញ្ញាជនប្រព្រឹត្តបទល្មើស ឈូស ឆាយដីព្រៃរដ្ឋជាកម្មសិទ្ធ ដើម្បីនាំខ្លួនមកផ្តន្ទាទោស តាមច្បាប់នោះហើយ។

គួររំលឹកថា ការកាប់រុករានទន្ទ្រានដីរដ្ឋជាកម្មសិទ្ធនេះ គេបានសង្កេតឃើញថា គឺតែងកើតមានឡើង ជាបន្តបន្ទាប់ ទាំងមុន និងក្រោយពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាអោយក្រសួង ជំនាញចំនួន៣ គឺក្រសួងបរិស្ថាន ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ និងក្រសួងរៀបចំដែនដី នគររូបនីកម្ម និងសំណង់ ត្រូវកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅអាស្រ័យផល ក្នុងតំបន់ អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារ ផ្សេងៗរបស់រដ្ឋ ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ សែន បានមានប្រសាសន៍បែបនេះ នៅក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៣កក្កដាឆ្នាំ២០២0 នៅទីស្តីការគណៈរដ្ឋមន្ត្រី។ នៅក្នុងពេលនោះ សម្តេចតេជោ បានបញ្ជាក់ សង្កត់ធ្ងន់ច្បាស់ៗ ចំនួន ៣ចំណុច គឺ៖
១- ចំពោះពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែង ក្នុងតំបន់ដីរដ្ឋ ដូចបញ្ជាក់ខាងលើ គឺហាមកាប់ឆ្ការ ទន្រ្ទានវាតទីយកដីបន្ថែម គឺមិនអនុញ្ញាត្តិជាដាច់ខាត។ កន្លងមក សម្តេចតេជោ បានសង្កេត ឃើញ មានតែអ្នកមានអំណាច និងអ្នកមានទ្រព្យច្រើន ប្រើអ្នកតូចតាចអោយទៅកាប់រុករាន ទន្រ្ទានយកដី អោយខ្លួន។ រីឯ ចំពោះក្រុមជនខិលខូច ដែលទៅទន្រ្ទានយកដីរដ្ឋ ក្នុងមួយយប់ធ្វើបានខ្ទមពី១០ ទៅ២០ ក៏សម្តេចតេជោ បានដឹង និងកំណត់អត្តសញ្ញាណ និងមុខសញ្ញារួចអស់ហើយដែរ។ បើរកឃើញថា អ្នកទាំង នោះបានប្រព្រឹត្តមែននោះ គឺនឹងត្រូវចាប់ខ្លួន។

២- ចំពោះការបែងចែកដីជូនប្រជាពលរដ្ឋ គឺក្រសួងពាក់ព័ន្ធ និងអាជ្ញាធរ ត្រូវធ្វើអោយបានហ្មត់ចត់ ត្រឹមត្រូវ ហាមដាច់ខាត ឆ្លៀតកេងចំណេញយកចំណែកខ្លួន ពីការបែងចែកដីជូនពលរដ្ឋ គឺនឹងត្រូវទទួល ទោសជាកំហិត។
៣- ក្រៅពីកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ទៅតាមទំហំរស់នៅជាក់ស្តែង គឺរដ្ឋនឹងបន្ថែមជូនផ្ទៃដី១០% ជាប្រយោជន៍រួម សម្រាប់សហគមន៍ប្រើប្រាស់ជាព្រៃរកឱស និងជាជម្រកសត្វគោក្របីស៊ីស្មៅជាដើម។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់សារជាថ្មី ដល់មន្រ្តី អ្នកមានអំណាច និងអ្នកមានទ្រព្យធន ស្តុកស្តម្ភទាំងឡាយ ល្មមចេះឆ្អែត និងចេះគ្រប់គ្រាន់ហើយ ហើយឈប់ធ្វើបាបប្រជាពលរដ្ឋតទៅទៀត៕

Loading...