អាជ្ញាធររាជធានីភ្នំពេញដាស់តឿនដដែលៗលើក្រុមហ៊ុនកាយផ្លូវដាក់លូ តែគ្មានចំណាត់ការជាក់ស្តែងឲ្យប្រជាពលរដ្ឋបានឃើញ

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ជាពិសេសអ្នកធ្វើដំណើរ និងអ្នកដែលមានលំនៅឋាន ឬប្រកបមុខរបររកទទួលទានលក់ដូរចិញ្ចឹមថ្នល់រកប្រាក់ជីវិតប្រចាំថ្ងៃតាមដងផ្លូវទំនប់កប់ស្រូវ ផ្លូវ៣៧១ ផ្លូវ២០០៤ ឬផ្លូវចំការដូងជាដើមនោះ បានរអ៊ូរទាំអំពីបញ្ហាក្រុមហ៊ុនកាយផ្លូវដាក់លូ ដាក់លូរួចធ្វើផ្លូវ ខួបប្រាំង ខួបវស្សាមិនចេះចប់ មិនចេះហើយ ប៉ះពាល់ដល់ដំណើរប្រកបរបររកទទួលទានចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគាត់ ហើយអាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ប៉ា សុជាតិវង្ស មិនទាន់បានចាត់វិធានការណាមួយទៅលើបញ្ហាខាងលើនេះឲ្យមានប្រសិទ្ធភាព ដើម្បីឲ្យប្រជាពលរដ្ឋធូរស្បើយក្នុងទ្រុងនៅឡើយទេ គឺបានត្រឹមតែចេញព្រមានចាត់វិធានការដដែលជាដដែលប៉ុណ្ណោះ ។

ប្រជាពលរដ្ឋបានលើកឡើងថា ការលក់ដូររបស់ពួកគាត់នៅតាមដងផ្លូវដែលក្រុមហ៊ុនកាយផ្លូវដាក់លូ ដាក់ខ្សែក្លាប្លិ៍កំពុងធ្វើសកម្មភាពនោះកំពុងប្រឈមនឹងការបិទទ្វារជាបន្តបន្ទាប់ មិនថាហាងតូច ឬហាងធំ គឺគ្មានអ្នកចូលទិញនោះទេ ដោយសារតែដីហុយខ្លាំងពេក ។ ដូច្នេះ ប្រជាពលរដ្ឋទាំងនោះបានស្នើអាជ្ញាធររាជធានីភ្នំពេញមេត្តាក្រឡេកមើល និងចាត់វិធានការចំពោះបញ្ហានេះឲ្យមានប្រសិទ្ធភាព កុំបានគ្រាន់តែព្រមាន ឬគំរាមប៉ុណ្ណោះ មិនចាត់វិធានការម្តងណានោះ ។

កាលពីថ្ងៃទី១៤ ខែមិថុនា លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានព្រមានដដែលទៀតទៅកាន់ ក្រុមហ៊ុនឯកជន ធ្វើផ្លូវ ដាក់ប្រព័ន្ធលូ ឬកាត់ថ្នល់ ដើម្បីដាក់លូ ខ្សែកាប្លិ៍ តភ្ជាប់បណ្តាញទឹក ភ្លើង ជាដើម ក្នុងរាជធានីភ្នំពេញ ដែលមិនមានដាក់បង្ហាញឈ្មោះ និងស្លាកសញ្ញាសំគាល់ក្រុមហ៊ុនរបស់ខ្លួននៅតាមការដ្ឋានឲ្យមហាជនបានដឹងនោះ គឺប្រឈមទោសស្មើនិងលួច ដោយអាជ្ញាធរមូលដ្ឋាន ព្រមទាំងកម្លាំងសមត្ថកិច្ចត្រូវតែឃាត់ខ្លួន ដើម្បីដោះស្រាយតាមច្បាប់ ។

ការព្រមានរបស់លោក ប៉ា សុជាតិវង្ស បែបនេះ ធ្វើឡើងនៅសាលារាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៤ មិថុនា ២០១៦ ក្នុងកិច្ចប្រជុំស្តីពីការឆ្លើយបំភ្លឺ ចំពោះសំណើរ និងសំណូមពរ ក្នុងវេទិការសាធារណៈ និងក្រុមប្រឹក្សារាជធានីភ្នំពេញអណត្តិទី២ ដែលបានធ្វើតាមខណ្ឌទាំង១២ ក្នុងឆ្នាំ២០១៥កន្លង ។

លោក ប៉ា សុជាតិវង្ស មានប្រសាសន៍ទៀតថា ចាប់ពីពេលនេះតទៅរាល់ការជីក ឬកាត់ផ្លូវតាម ការដ្ឋានទាំងអស់ បើអត់មានដាក់ស្លាក ឬយីហោក្រុមហ៊ុននោះទេ អាជ្ញាធរ និងសមត្ថកិច្ចត្រូវឃាត់ខ្លួន ។ ព្រោះកន្លងមកមានក្រុមហ៊ុនខ្សែកាប្លិ៍ ក្រុមហ៊ុនអគ្គីសនី រដ្ឋាករទឹកលប ជីកកាត់រូងផ្លូវខូចសណ្តាប់ធ្នាប់ និង ធ្វើឲ្យប្រជាពលរដ្ឋ មានថ្នាំងថ្នាក់ជាមួយអាជ្ញាធរ និងថ្នាក់ដឹកនាំផងដែរ ។ ដូច្នេះ គ្រប់អង្គភាពពាក់ព័ន្ធដែលមានកាតព្វកិច្ចត្រូវធ្វើទាំងក្នុងដី និងលើអាកាស ត្រូវដាក់ស្លាកក្រុមហ៊ុន និងអង្គភាពរបស់ខ្លួន ព្រោះការដាក់ស្លាកសញ្ញានេះ ដើម្បីឲ្យប្រជាពលរដ្ឋនិងផ្នែកជំនាញបានដឹងឮងាយត្រួតពិនិត្យ និងកុំឲ្យមន្រ្តីជំនាញ និងអាជ្ញា ធរមូលដ្ឋានឆ្លើយដាក់គ្នាទៅវិញទៅមក ។

ការព្រមានចាត់វិធានការរបស់អាជ្ញាធរសាលារាជធានីភ្នំពេញខាងលើនេះ ប្រជាពលរដ្ឋមួយចំនួនបានសម្តែងការរំពឹងទុក និងអបអរសាទរ ប៉ុន្តែពលរដ្ឋមួយចំនួនទៀតហាក់មិនបានខ្វល់ខ្វាយអ្វីបន្តិចសោះឡើយ ក៏ព្រោះតែពួកគាត់យល់ឃើញថា វាគ្មានប្រសិទ្ធភាព និងមិនអាចធ្វើទៅបានឡើយ ។

ពលរដ្ឋបានលើកឡើងជាឧទាហរណ៍ថា នាពេលកន្លងមក សាលារាជធានីភ្នំពេញ បានព្រមានចាត់វិធានការទៅលើរថយន្តធុនធំដែលបើកចូលក្រុងនៅពេលថ្ងៃជាដើម គឺគ្មានប្រសិទ្ធភាពនោះទេ គឺរថយន្តធុនធំនៅតែបន្តចូលក្រុងភ្នំពេញយ៉ាងព្រោងព្រាត បង្កឲ្យមានការកកស្ទះចរាចរណ៍រាល់ថ្ងៃ ហើយមានពេលខ្លះបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ស្លាប់មនុស្សថែមទៀតផង ។

ប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញថា បើបានជាព្រមានចាត់វិធានការហើយនោះ សូមមេត្តាអនុវត្តជាក់ស្តែងឲ្យមានប្រសិទ្ធភាពខ្លះផង ទើបពួកគាត់ស្ងប់ចិត្ត ៕

PP1

limmengroadconstraction-1

limmengroadconstraction-2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *