អាជ្ញាធររាជធានីភ្នំពេញបន្តចុះយុទ្ធនាការចែកម៉ាសជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញថ្ងៃទី២ដើម្បីពាក់ការពារចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ កុំឱ្យឆ្លងរាលដាល់ចូលដល់សហគមន៍

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបន្តចុះយុទ្ធនាការចែកម៉ាសជូនប្រជាពលរដ្ឋដើម្បីពាក់ការពារចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩កុំឱ្យឆ្លងរាលដាលចូលដល់សហគមន៍។ការចែកម៉ាស របស់អាជ្ញាធររាជធានីភ្នំពេញ ត្រូវគេមើលឃើញថាបានធ្វើឡើងជាទ្រុងទ្រាយធំដែលមានរយៈពេល២ថ្ងៃហើយនោះ ក្នុងការពង្រឹងស្មារតីប្រជាពលរដ្ឋទូទៅមានការភ្ញាក់រលឹកខ្ពស់បំផុតដោយប្រុងប្រយ័ត្នក្នុងការអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាលចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩គ្រាដែលក្រសួងសុខាភិបាលកម្ពុជាក៏បានប្រកាសថាជំងឺឆ្លងកូវីដ១៩ នេះ នៅតែបន្តគំរាមកំហែងនៃការឆ្លងរាលដាលដល់ប្រជាពលរដ្ឋខ្មែរ ដែលរហូតមកដល់ពេលនេះមិនទាន់មានថ្នាំព្យាបាលនិងថ្នាំវ៉ាក់សាំងការពារជំងឺឆ្លងដ៏កាចសាហាវនេះនៅឡើយនោះទេ។

​ការចែកម៉ាសជូនប្រជាពលរដ្ឋពីសំណាក់អាជ្ញាធររាជធានីភ្នំពេញបានធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមវត្តមានផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញដែលបានដឹកនាំមន្រ្តីរាជការកងកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញចែកម៉ាសជូនប្រជាពលរដ្ឋនៅតាមផ្លូវសាធារណៈមួយចំនួនតាមបណ្តាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។ម៉ាសចំនួន២លានម៉ាសជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីដែលបានឧបត្ថម្ភជូនរដ្ឋបាលរាជធានីភ្នំពេញដោយអាជ្ញាធររាជធានីភ្នំពេញ គ្រោងនិងធ្វើការចែកបជូនប្រជាពលរដ្ឋប្រើប្រាស់ ដោយបានធ្វើឡើងមិនត្រឹមតាមផ្លូវសាធារណៈប៉ុណ្ណោះនោះទេ ក៏បានផ្សព្វផ្សាយនិងចែកម៉ាសតាមទីស្នាក់ការភូមិ សង្កាត់នានានៅក្នុងរាជធានីភ្នំពេញនោះផងដែរនិងការបញ្ចៀបឱ្យប្រជាពលរដ្ឋយល់ដឹងជុំវិញជំងឺឆ្លងកូវីដ១៩នេះ។

​ក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញកុំធ្វេសប្រហែសត្រូវតែនាំគ្នាអនុវត្តវិធានរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ចៀសជំងឺឆ្លងកូវីដ១៩ កុំឱ្យឆ្លងរាតត្បាតចូលដល់សហគមន៍។ក្នុងករណីប្រជាពលរដ្ឋមិនបានយកចិត្តទុកដាក់តាមការណែនាំវិធានរបស់ក្រសួងសុខាភិបាលរឺតាមការអំពាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ នោះទេហើយបើជំងឺដ៏កាចសាហាវនេះឆ្លងចូលដល់សហគមន៍វានិងបង្កជាគ្រោះមហន្តរាយធ្ងន់ធ្ងរ។

ជុំវិញបញ្ហាជំងឺឆ្លងកូវីដ១៩ នៅកម្ពុជា បើយោងតាមរបាយការណ៍របស់នាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លងនៃក្រសួងសុខាភិបាលឱ្យដឹងថារហូតមកដល់ពេលនេះកម្ពុជាពុំទាន់មានករណីស្លាប់ដោយជំងឺឆ្លងកូវី១៩នោះទេ។កម្ពុជានៅថ្ងៃនេះក៏មិនបានរកឃើញករណីអ្នកឆ្លងថ្មីនោះឡើយ។អ្នកជំងឺ០១នាក់ជនជាតិបារាំងក៏បានព្យាបាលជាសះស្បើយនោះផងដែរ៕

 

Loading...