អាជ្ញាធរស្រុកឆែប ខេត្តព្រះវិហារ កំពុងចាត់វិធានការស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យ យកថ្នាំមកបំពុលសត្វគោអ្នកស្រុក និងបង្កឲ្យសត្វស្លាបជាច្រើនប្រភេទស្លាប់ នៅក្នុងទឹកត្រពាំងមួយ កាលពីដើមសប្តាហ៍នេះ!

ខេត្តព្រះវិហារ៖ ការប្រកាសស្វែងរកចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសនោះ គឺបានធ្វើឡើងនៅថ្ងៃទី១៤មីនាម្សិលមិញ នៅក្រោយការចុះពិនិត្យត្រពាំងទឹកមួយ ហៅថា «ត្រពាំងខៀវ» ស្ថិតនៅក្នុងបរិវេណឧទ្យានត្រឹប ជាប់ចំកាអំពៅចិនការដ្ឋានទី៣ ភូមិដងផ្លិត ឃុំឆែប២ ស្រុកឆែប។ និងបន្ទាប់ពីជនមិនស្គាល់មុខ បានយកថ្នាំកណ្តៀរមកបាចពង្រាយ នៅក្នុងទឹកត្រពាំងនោះ បង្កឲ្យសត្វគោជាង១០ក្បាល និងសត្វស្លាបជាច្រើនប្រភេទបានស្លាប់ បន្ទាប់ពីផឹកទឹកនៅក្នុងត្រពាំងនោះរួចមក។

អភិបាលស្រុកឆែប លោក សុខ សានតារា បានថ្លែងប្រាប់ថា កាលពីថ្ងៃទី១២មីនាកន្លងទៅនេះ មានជនមិនស្គាល់មុខបានលបលួចយកថ្នាំបំពុលសត្វកណ្តៀរ មកបាចពង្រាយពេញផ្ទៃទឹកត្រពាំងមួយ ហៅថា «ត្រពាំងខៀវ» ដែលនៅមានសេសសល់ទឹកបន្តិចបន្តួច គ្រាន់សត្វពាហនៈ សត្វចតុបាត និងសត្វស្លាបគ្រប់ប្រភេទចុះមកផឹកទឹកនោះ នៅក្នុងរដូវរាំងស្ងួតនេះ។ លោកថា សត្វគោដែលបានស្លាប់នៅក្រោយពេលផឹកទឹកត្រពាំងនោះ មានចំនួន១២ក្បាល ៤ក្បាលជារបស់ពលរដ្ឋឈ្មោះ ផាត់ រ៉ុង និង៨ក្បាលទៀត ជារបស់ឈ្មោះ ឡុង ធឿន ហើយនៅក្នុងចំណោម៨ក្បាលនោះ ៧ក្បាលបានស្លាប់ និង១ក្បាលទៀត រងការពុលយ៉ាងដំណំ។ ក្រៅពីសត្វគោអ្នកស្រុកទាំង១២ក្បាលនោះ ក៏នៅមានសត្វស្លាបជាច្រើនប្រភេទទៀត បានពុលស្លាប់នៅក្នុងរង្វង់ផ្ទៃដីទឹកត្រពាំងនោះ ស្លាប់តាំងពីសត្វអន្ទង់ ហ៊ីង និងកង្កែបជាដើម។ល។

លោក សុខ សានតារា បានថ្លែងប្រាប់ទៀតថា ក្រោយពីបានដឹងថា មានជនទុច្ចរិតបានយកថ្នាំបំពពុលសត្វកណ្តៀរ មកបំពុលសត្វចតុបាទ និងសត្វបក្សីនោះមក លោកបានដឹកនាំកម្លាំងជំនាញ ការិយាល័យកសិកម្ម អ្នកដេញថ្លៃភាស៊ី និងកងកម្លាំងពាក់ព័ន្ធរបស់ស្រុក ចុះទៅកាន់ទីតាំងបំពុលសត្វគោនោះ ហើយបានរកឃើញ ការ៉ុងច្រកថ្នាំបំពុលសត្វកណ្តៀរចំនួន២ ដែលជនទុច្ចរិតបានយកមកបាចពង្រាយ នៅក្នុងបរិវេណត្រពាំងទឹកនោះ ធ្វើឲ្យសត្វគោអ្នកស្រុក និងសត្វស្លាបជាច្រើនប្រភេទ បានរងការពុលស្លាប់ជាបន្តបន្ទាប់។ លោកថា នៅក្រោយការពិនិត្យរបស់មន្ត្រីជំនាញនោះមក ឃើញថា ជនសង្ស័យពិតជាបានយកថ្នាំបំពុលសត្វកណ្តៀរប្រភេទលេខ១ មកបំពុលសម្លាប់សត្វស្រុក និងសត្វព្រៃនោះពិតប្រាកដមែន។ សត្វគោទាំង១២ក្បាលនោះ ៩ក្បាលត្រូវបានម្ចាស់សត្វគោលក់ទៅឲ្យឈ្មួញ និង៣ក្បាលទៀត ត្រូវបានដុតកំទេចចោលនោះហើយ។

អភិបាលស្រុកឆែប លោក សុខ សានតារា បានបញ្ជាក់ថា លោកបានបើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពស្រុករួចហើយ ដើម្បីដាក់ចេញនូវវិធានការ ដល់កងកម្លាំងសមត្ថកិច្ច ឲ្យបន្តបើកការស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនល្មើស យកមកផ្តន្ទាទោសឲ្យខាងតែបាន។ ហើយលោកក៏បានអំពាវនាវ ទៅដល់ប្រជាពលរដ្ឋ ជាពិសេស ចំពោះអាជីវករដែលប្រកបរបរកាប់ជ្រូក កាប់គោក្របីលក់នោះ ប្រសិនបើឃើញសត្វគោ ឬក្របីដែលស្លាប់ដោយសារថ្នាំពុលនេះ ហើយត្រូវបានគេនាំយកទៅលក់នោះ សូមកុំទិញលក់ និងសូមកុំនាំគ្នាបរិភោគឲ្យសោះ ព្រោះអាចធ្វើឲ្យមានបញ្ហាដល់សុខភាព។ លោកបានជម្រុញឲ្យមេភូមិ មេឃុំ និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវតែពង្រឹងការទប់ស្កាត់ និងចាត់វិធានការបន្ទាន់ ចំពោះជនខិលខូច ដែលបានលបលួចបំពុលសត្វ ហើយនាំយកទៅលក់ឲ្យឈ្មួញកាប់សាច់លក់ ធ្វើឲ្យប៉ះពាល់ដល់សុខមាល ភាពប្រជាពលរដ្ឋ។

សូមជម្រាបថា កាលពីចន្លោះថ្ងៃទី១៨កុម្ភះ រហូតដល់ថ្ងៃទី២៧កុម្ភះ២០១៨ កន្លងទៅ មានសត្វគោ២២ក្បាលហើយ ដែលបានស្លាប់ដោយសារការលួចដាក់ថ្នាំបំពុល ពីជនមិនស្គាល់មុខ ១៦ក្បាលបំពុលនៅក្នុងភូមិសំបូរ ឃុំសង្កែពីរ ១២ក្បាលបំពុលនៅក្នុងភូមិប្រើសក្អក ឃុំម្លួរព្រៃពីរ និង៤ក្បាលទៀត ត្រូវបានគេលួចដាក់ថ្នាំបំពុល នៅក្នុងទីរួមស្រុកឆែប ខេត្តព្រះវិហារ។ ចំនួនសត្វគោដែលបានស្លាប់ ដោយសារគេលួចដាក់បំពុលថ្នាំទាំង៣លើក មានចំនួន៣៤ក្បាលនោះហើយ។ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន នៅមិនទាន់វែកមុខរកជន ដែលបានលួចដាក់ថ្នាំបំពុលសត្វគោទាំងនោះ ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់នៅឡើយទេ៕

Loading...