អាជ្ញាធរអញ្ជើញ លោក គង់ រ៉ៃយ៉ា និងភរិយាទៅធ្វើចត្តាឡីស័កនៅមណ្ឌលសុខភាពចាក់អង្រែ ក្រោយគេចវេសមិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល

(ភ្នំពេញ) ៖ អនុវត្តតាមការណែនាំផ្ទាល់ពីឯ.ឧ អភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌពោធិសែនជ័យ បានអញ្ជើញបុរសនិងស្ត្រី២នាក់ប្តីប្រពន្ធ ទៅធ្វើចត្តាឡីស័កនៅមណ្ឌលចាក់អង្រែ ដើម្បីរកមេរោគកូវីត-១៩ ។ ជៀសវាងការចម្លងចូលមកក្នុងសហគមន៍ក្រោយពីអ្នកទាំង២ បានត្រឡប់មកពីប្រទេសថៃ តាមច្រកសំពៅលូនខេត្តបាត់ដំបង ដោយមិនបានធ្វើតេស្តរកវីរុសកូវីដ-១៩ឲ្យបានត្រឹមត្រូវ និងមិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយតម្រូវឲ្យពួកគេចត្តាឡីស័ករយៈពេលថ្ងៃនោះទេ ។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីនៃសាលាខណ្ឌពោធិ៍សែនជ័យកាលពីល្ងាចថ្ងៃអាទិត្យទី២០ខែធ្នូឆ្នាំ២០២០ ។

អភិបាលរងខណ្ឌពោធិ៍សែនជ័យ លោក ប៉ាង លីដា បានឲ្យដឹងថា ប្រជជាពលរដ្ឋទាំង២នាក់ប្តីប្រពន្ធ រស់នៅក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ដោយពួកគេបានត្រឡប់មកពីប្រទេសថៃ មកដល់ផ្ទះនៅក្នុងមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែមិនបានអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលទេ ក្នុងការធ្វើតេស្តរកវីរុសកូវីដ-១៩ និងអនុវត្តដាក់ខ្លួននៅដាច់ដោយឡែក (ចត្តាឡីស័ក) ឱ្យបានត្រឹមត្រូវនោះឡើយ។ ក្រោយពីទទួលបានការណែនាំ ពីឯ.ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចុះទៅអញ្ជើញ បុរសឈ្មោះ គង់ រ៉ៃយ៉ា និងភរិយាទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចាក់អង្រែ ឲ្យបានត្រឹមត្រូវ ដើម្បី ធ្វេតេស្តរកមេរោគកូវីត-១៩ ជៀសវាងការចម្លងចូលក្នុងសហគមន៍ ។

លោកប៉ាង លីដា បន្តថា មិនមែនតែពេលនេះទេ ជាទូទៅឲ្យតែទទួលបានព័ត៌មានថា មានប្រជាពលរដ្ឋ ដែលត្រឡប់មកពី ក្រៅប្រទេស ដោយមិនបានធ្វើ ចត្តាឡីស័កត្រឹមត្រូវនោះ អាជ្ញាធរ និង មន្ត្រីជំនាញរបស់យើងតែងតែមកអញ្ជើញពួកគាត់ឲ្យទៅធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ពោលគឺធ្វើតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេស ក្រសួងសុខាភិបាល និង រដ្ឋាបាលរាជធានីភ្នំពេញ ។

នាឱកាកាសនោះដែរលោកអផិបាលរងខណ្ឌពោធិ៍សែនជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យទាំងអស់ ក៏ដូចជានៅរាជធានីភ្នំពេញផងដែរ មេត្តាផ្តល់ព័ត៌មានទៅអាជ្ញាធរ សង្កាត់ ភូមិ បានដឹង ប្រសិនមាន អ្នកទើបត្រឡប់មកពីបរទេសហើយមិនបានអនុវ តាមការណែនាំរបស់ក្រសួងសុខាភិបាល បានត្រឹមត្រូវនោះទេ ហើយពួកគេ បានមកស្នាក់នៅក្នុងភូមិរបស់យើង ឬ ហៅទៅកាន់លេខ១១៥ ។ ធ្វើយ៉ាងនេះយើងអាចចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់ការចម្លង មេរោគកូវីដ១៩ចូលក្នុងសហគមន៍ ។

សូមជម្រាថា លោកគង់ រ៉ៃយ៉ា អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទើបតែត្រឡប់មកពីប្រទេសថៃ តាមច្រកសំពៅលូនខេត្តបាត់ដំបង ហើយបានមករាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៩ ខែធ្នូ ដោយមិនបានធ្វើតេស្តរកវីរុស្តកូវីដ-១៩ និងមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវ ទើបក្រុមការងារ ចុះអញ្ជើញពួកគាត់ឲ្យទៅមណ្ឌលសុខភាពចាក់អង្រែ ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ និងអនុវត្តចត្តាឡីស័កអោយបានត្រឹមត្រូវ ក្រុមការងារសុខាភិបាល និងអាជ្ញាធរខណ្ឌ សង្កាត់ ក៏បានបាញ់ថ្នាំសម្លាប់មេរោគ តាមខ្នងផ្ទះ ដល់ផ្ទះដែលនៅជំវិញ ផ្ទះលោករ៉ៃយ៉ាផងដែរ ។

ក្នុងឱកាសនោះដែរបងប្អូនប្រជាពលរដ្ឋដែលរស់ នៅភូមិថ្មគោល២ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានសម្ដែងនូវក្តីត្រេកអរឥតឧបមា ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ សង្កាត់ ដែលបានការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខនិងសុវត្ថិភាពរបស់ពួកគាត់ លើការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ស្របពេលដែលជំងឺនេះកំពុងតែរាតត្បាតលើពិភពលោក ក៏ដូចជាកម្ពុជា ៕

Loading...