អាជ្ញាធរអំពាវនាវដល់ប្រជាពលរដ្ឋ មានការប្រុងប្រយត្នខ្ពស់ខណៈដែលលំនៅឋានជាង ២.៥០០ខ្នង នៅខណ្ឌដង្កោ កំពុងរងផលប៉ះពាល់ពីជំនន់ទឹកស្ទឹងព្រែកត្នោត

ភ្នំពេញ៖ យ៉ាងហោចណាស់លំនៅឋានប្រជាពលរដ្ឋចំនួន ២.៥៩៨ខ្នងផ្ទះ ស្ថិតនៅក្នុងភូមិចំនួន ៣៣ នៃសង្កាត់ចំនួន ១១ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បាន និងកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត។ បច្ចុប្បន្ន អាជ្ញាធររាជធានីភ្នំពេញ កំពុងជួយជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះទៅកាន់ទីទួលសុវត្ថិភាព។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ គិតត្រឹមព្រឹកថ្ងៃទី ១៥ខែតុលា ឆ្នាំ ២០២០។

តាមសេចក្តីរាយការណ៍ រហូតមកដល់ពេលនេះ នៅចំណុចកំណាត់ផ្លូវ ២១៧ ខណ្ឌដង្កោពីរង្វង់មូលគួរស្រូវរហូតទៅដល់ស្ពានព្រែកជ្រៃបានទទួលរងនូវការលិចលង់ ដោយជំនន់ទឹកភ្លៀងពីស្ទឹងព្រែកត្នោតយ៉ាងខ្លាំងក្លា នៅមិនទាន់អន់ថយទេ ទឹកនៅតែហូរយ៉ាងគំហុគឆ្លងកាត់មូលដ្ឋានមួយចំនួនក្នុងរាជធានីភ្នំពេញ ដោយហូរបោកយ៉ាងខ្លាំង ដែលមិនអាចឱ្យរថយន្តធ្វើចរាចរណ៍ទៅមកបានទេ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដឹកនាំកម្លាំងចម្រុះបញ្ជាផ្ទាល់នៅទីតាំងនោះ បានឲ្យដឹងថា ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ បានប្រើប្រាស់កម្លាំងជំនាញគ្រប់ប្រភេទទាំង នគរបាលជាតិ កងរាជអាវុធហត្ថ កម្លាំងកងទ័ពជើងទឹក និងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ។ កម្លាំងសង្គ្រោះ ទាំងអស់មានគ្រប់គ្រាន់ក្នុងការចេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។

បើទោះបី ស្ថានភាពទឹកមិនទាន់ ថមថយចុះ ប៉ុន្តែអាជ្ញាធរអះអាងថា គ្មានពលរដ្ឋណាម្នាក់ បាត់បង់អាយុជីវិត ក្នុងករណីគ្រោះធម្មជាតិនេះឡើយ។

ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋដែលនៅក្នុងសង្កាត់ និងខណ្ឌផ្សេងៗកុំមានការព្រួយបារម្ភពីជំនន់ទឹកភ្លៀងនេះ សម្រាប់រាជធានីភ្នំពេញគឺការលិចលង់មានតែនៅក្នុង៥សង្កាត់ នៃខណ្ឌដង្កោតែប៉ុណ្ណោះ។

ជុំវិញបញ្ហាទឹកជំនន់នេះ អាជ្ញាធរនៅតែបារម្ភអំពីផលប៉ះពាល់ខណៈការព្យាការ របស់ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងនៅថ្ងៃនេះថា ប្រព័ន្ធសម្ភាធទាបនៅបន្តលាតសន្ធឹងលើកម្ពុជានៅលើសមុទ្រចិនខាងត្បូងបានកើតព្យុះទី១៦ (tropical storm និងព្យុះណាងកា និងបន្តរងសម្ពាធទាបព្យុះទី ១៧ឈ្មោះ សូដែល ឆ្លងកាត់ប្រទេសវៀតណាមភាគខាងជើងដោយបន្តឆ្លងកាត់ចូលកម្ពុជាតាមខេត្តរតនគីរី នាថ្ងៃទី ១៨ និងទី១៩ខាងមុខ ក្នុងកម្លាំងជាវិសម្ពោធ និងសម្ពាធទាប ដែលនឹងធ្វើឲ្យ រាជធានី-ខេត្តចំនួន៩ របស់កម្ពុជា នឹងប្រឈមភ្លៀងធ្លាក់កម្រិតច្រើន ៣ថ្ងៃជាប់គ្នា ដោយសារឥទ្ធិពលព្យុះនេះ៕

Loading...