អាជ្ញាធរ៖ បញ្ជាក់ថា ត្រឹមម៉ោង១០ព្រឹកថ្ងៃទី៣គ្រប់ទីតាំង កន្លែងប្រារព្វពិធីបានសម្អាត់រួចហើយ

ភ្នំពេញ៖ អាជ្ញាធររាជធានីបានបញ្ជាក់ថា ការប្រមូលសំរាមនិងការបាញ់ទឹកលាងសំអាត នៅគ្រប់ទីតាំងប្រារព្វពិធី បានសម្អាត់រួចរាល់ គ្រប់ទីកន្លែង ដោយមាន ការសហការណ៍គ្នាបានយ៉ាងល្អរវាងអាជ្ញាធររាជធានី មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី ក្រុមហ៊ុនប្រមូលសម្រាមរបស់ក្រុមហ៊ុនស៊ីន ទ្រី រួមនិងការចូលរួមយ៉ាងល្អពីប្រជាពលរដ្ឋ ។ នេះបើតាមការបញ្ជាក់របស់ លោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី បានឲ្យដឹងកាលពីព្រឹកថ្ងៃទី០៣ វិច្ឆិកានេះថា ក្នុងថ្ងៃទី១នៃព្រះពិធីបុណ្យអំទូក បណ្តែតប្រទីប អកអុំបុកនិង សំពះព្រះខែនេះ ក្រុមការងាររបស់លោកបានប្រតិបត្តិការណ៍បោសសំអាតសំរាមនិងកាកសំណល់នៅគ្រប់ទីតាំងនៃកន្លែងប្រារព្វពិធី ដោយចាប់ផ្តើមពីម៉ោង១២យប់រហូតដល់ម៉ោង៧ព្រឹក ហើយការងារនេះបានបញ្ចប់ទៅបានយ៉ាងល្អទៅនឹងផែនការដែលអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានដាក់ចុះ ។

លោកបានបញ្ជាក់ថា ព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអុំបុក នាថ្ងៃទី១បានបញ្ចប់ ជាមួយនឹងប្រតិបត្តិការប្រមូលសំរាមនិងការបាញ់ទឹកលាងសំអាតបានយ៉ាងល្អនៅគ្រប់ទីតាំងប្រារព្វពិធី។ទាំងនេះបានមកពីការសហការណ៍គ្នាល្អ រវាងអាជ្ញាធររាជធានី មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី ក្រុមហ៊ុនប្រមូលសម្រាម ស៊ីន ទ្រី រួមនិងការចូលរួមយ៉ាងល្អពីប្រជាពលរដ្ឋផងដែរ។

ដោយឡែកលោកដួង ចាន់សារ៉ាត ប្រធានអង្គភាពលូទឹក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏បានដឹកនាំក្រុមការងាររបស់លោក ចុះប្រតិបត្តិការ បាញ់ទឹកលាងសំអាត នៅគ្រប់ទីតាំង ប្រារព្វពិធី ដោយចាប់ផ្តើមពីម៉ោង៥ព្រឹករហូតដល់ម៉ោង១០ព្រឹក ដែលការងារទាំង២ខាងលើនេះដឹកនាំបញ្ជាពីលោក នៅ សារឿនអនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា អាជ្ញាធររាជធានី និងក្រុមហ៊ុនស៊ីនទ្រី បានត្រៀមកម្លាំង៦០០នាក់ រថយន្ត៦៥គ្រឿង រទេសអូសសំរាម៥០គ្រឿង ធុងសំរាមនិងកញ្ឆេរចំនួន១៣០០ ដើម្បីធានាបាននូវការប្រមូលសំរាមឲ្យបានទាន់ពេលវេលា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអុំបុក និង សំពះព្រះខែក្នុងរយៈពេល៣ថ្ងៃនេះ ។

មន្ត្រី្រគ្រប់គ្រង កាកសំណល់រាជធានីភ្នំពេញបានអោយដឹងថា សំរាប់ព្រះរាជពិធីបុណ្យអុំទូក ក្នុងរយៈពេល៣ថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ និងផ្នែកពាក់ព័ន្ធ មានកម្លាំង ប្រមូលសំរាមក្នុងតំបន់ព្រះរាជពិធីនេះមានចំនួន៥៨០នាក់ រថយន្ត៦៥គ្រឿងនិងរទេះអូស៥០គ្រឿង ដោយចែកចេញជាពីរវេន គឺវេនទី១ពេលថ្ងៃ ចាប់អនុវត្តពីម៉ោង៥ព្រឹក រហូតដល់ម៉ោង៤ល្ងាច និងវេនទី២ពេលយប់ ចាប់ពីម៉ោង១១យប់រហូតដល់ម៉ោង៧ព្រឹក ហើយវេននីមួយៗមានមេការ ត្រួតពិនិត្យការប្រមូលសំរាមនៅជុំវិញតំបន់ព្រះរាជពិធីទាំងពីរវេនសរុបជិតជិត២០នាក់ថែមទៀត។ក្រៅពីអ្នកចុះប្រមូលទាំងពីរវេននេះ សាលារាជធានីនិងក្រុមហ៊ុនស៊ីនទ្រី បានពង្រាយធុងសំរាម និងកញ្ឆេរនៅតាមដងផ្លូវជុំវិញព្រះរាជពិធីបុណ្យរាប់ពាន់ធុងនិងកញ្ឆេរបន្ថែមទៀត៕

Loading...