អាជ្ញាធរ​ខេត្តរតនគិរី​បញ្ជូន​ម៉ុង​តា​ញ៉ា​៤​នាក់​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម​

អាជ្ញាធរ​ខេត្តរតនគិរី​ បាន​សម្រេច​បញ្ជូន​ម៉ុង​តា​ញ៉ា​ ៤​នាក់​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម​ វិញ​ បន្ទាប់​ពី​រក​ឃើញ​កន្លែង​លាក់ខ្លួន​ពួក​គេ​ចំនួន​ពីរ​ក្រុម​ នៅ​ស្រុក​លំ​ផាត់​ កាលពី​រសៀល​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​។​ ចំណែក​ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ថ្លែង​ថា​ នេះ​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ និង​រំលោភ​កតិកាសញ្ញា​ស្ដី​ពី​សិទ្ធិ​ជនភៀសខ្លួន​ដែល​ប្រទេស​កម្ពុជា​ ជា​សមាជិក​។​

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បារម្ភ​ពី​សុវត្ថិភាព​ម៉ុង​តា​ញ៉ា​-​វៀតណាម​ ដែល​បាន​រត់​មក​លាក់ខ្លួន​ក្នុង​ព្រៃ​ខេត្តរតនគិរី​ ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​ជា​ជនភៀសខ្លួន​ផ្នែក​នយោបាយ​ ក៏​ប៉ុន្តែ​អ្នក​ភូមិ​ដែល​ជួយ​លាក់​បំពួន​ពួក​គេ​អះអាង​ថា​ សមត្ថកិច្ច​បាន​រក​ឃើញ​កន្លែង​លាក់ខ្លួន​ ហើយ​ចាប់​ពួក​គេ​បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម​ វិញ​។​ ការ​ព្រួយបារម្ភ​នេះ​ កើត​មាន​បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ថា​ ម៉ុង​តា​ញ៉ា​ពីរ​ក្រុម​មាន​មនុស្ស​ ១៤​នាក់​ ត្រូវ​ប៉ូលិស​រក​ឃើញ​កន្លែង​លាក់ខ្លួន​នៅ​ភូមិ​ជ្រី​ ឃុំ​សេ​ដា​ ស្រុក​លំ​ផាត់​ កាលពី​រសៀល​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​។

​ ក្នុង​ប្រតិបត្តិការ​នេះ​ ប៉ូលិស​ចាប់​បាន​ម៉ុង​តា​ញ៉ា​ ៤​នាក់​ ខណៈ​ពួក​គេ​ព្យាយាម​រត់​ចេញពី​កន្លែង​លាក់ខ្លួន​។​ អ្នកនាំពាក្យ​សាលាខេត្ត​រតនគិរី​ លោក​ មឹង​ ស៊ី​នា​ត​ ទទួលស្គាល់​ថា​ ប៉ូលិស​ពិតជា​ចាប់​បាន​ជនជាតិ​វៀតណាម​ លាក់ខ្លួន​ក្នុង​ព្រៃ​ទឹកដី​ស្រុក​លំ​ផាត់​ ហើយ​ពួក​គេ​នឹង​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម​ ក្នុង​នាម​ជា​ជនអន្តោប្រវេសន៍​ឆ្លង​ដែន​ខុសច្បាប់​មក​កម្ពុជា​។​ លោក​មិន​អធិប្បាយ​ពិស្ដារ​ពី​ចំនួន​ជនជាតិ​វៀតណាម​ ដែល​ត្រូវ​ចាប់ខ្លួន​ និង​ពេលវេលា​បញ្ជូន​ពួក​គេ​ឲ្យ​ត្រឡប់​វិញ​នោះ​ទេ​៖​ «​សំឡេង​»​។​ នេះ​ជា​លើក​ទី​២​ហើយ​នៅ​ក្នុង​ខែកុម្ភៈ​ ដែល​មាន​សេចក្តីរាយការណ៍​ថា​ អាជ្ញាធរ​ខេត្តរតនគិរី​ ចាប់​បញ្ជូន​ម៉ុង​តា​ញ៉ា​ ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម​ បន្ទាប់​ពី​ក្រុម​ម៉ុង​តា​ញ៉ា​ ៥​នាក់​ត្រូវ​ចាប់​បញ្ជូន​ទៅ​អាជ្ញាធរ​វៀតណាម​ កាលពីដើម​ខែកុម្ភៈ​ ក្នុង​បទ​ចោទ​ថា​ ពួក​គេ​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​។​

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ខេត្តរតនគិរី​ លោក​ ឆាយ​ ធី​ កត់​សម្គាល់ថា​ ចលនា​ហូរ​ចូល​នៃ​ជនភៀសខ្លួន​ម៉ុង​តា​ញ៉ា​ ចាប់ផ្ដើម​តាំងពី​ឆ្នាំ​២០០១​ បន្ទាប់​ពី​ផ្ទុះ​ឡើង​នូវ​ការ​បង្ក្រាប​កុប្បកម្ម​ជនជាតិ​ដើម​ភាគតិច​ចា​រ៉ា​យ​-​វៀតណាម​ ឬ​ម៉ុង​តា​ញ៉ា​ នៅ​ភាគ​កណ្ដាល​ប្រទេស​វៀតណាម​ ដោយសារ​បញ្ហា​រឹបអូស​ដីធ្លី​ ការ​បំបិទ​សេរីភាព​ជំនឿ​សាសនា​គ្រឹះ​ ជាដើម​។​ អាជ្ញាធរ​វៀតណាម​ បាន​បង្ក្រាប​កុប្បករ​ជា​ច្រើន​នាក់​ ធ្វើ​ឲ្យ​កុប្បករ​ខ្លះ​ស្លាប់​ និង​របួស​ និង​ខ្លះ​ទៀត​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​ ជា​ហេតុ​ធ្វើ​ឲ្យ​ចលនា​ម៉ុង​តា​ញ៉ា​ភៀសខ្លួន​ចេញពី​ប្រទេស​រាប់​ពាន់​នាក់​ចាប់ពី​ឆ្នាំ​២០០១​ រហូត​ឆ្នាំ​២០០៨​។​

លោក​បន្ត​ថា​ ជន​ម៉ុង​តា​ញ៉ា​ ជិត​ ៣​ពាន់​នាក់​ ត្រូវ​បាន​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ ទទួល​បន្ទុក​ជនភៀសខ្លួន​ ហៅ​កាត់​ថា​ យូ​.​អិន​.​អេ​ច្ឆ​.​ស៊ី​.​អ​ (UNHCR)​ សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ចុះ​ឈ្មោះ​ធ្វើ​សម្ភាស​ផ្តល់​ឋានៈ​ជា​ជនភៀសខ្លួន​ផ្នែក​នយោបាយ​ ហើយ​បញ្ជូន​ទៅ​រស់នៅ​ប្រទេស​ទី​៣​។​ លោក​ ឆាយ​ ធី​ ថ្លែង​ថា​ ម៉ុង​តា​ញ៉ា​ចាប់​ហូរ​ចូល​មក​ខេត្តរតនគិរី​ ជា​ថ្មី​ ចាប់ពី​ចុងឆ្នាំ​២០១៤​ ក្នុង​នោះ​មាន​ម៉ុង​តា​ញ៉ា​ខ្លះ​បាន​ផ្តល់​បទ​សម្ភាសន៍​ និង​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​រំលោភសិទ្ធិ​ពួក​គេ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ជា​ថ្មី​ បន្ទាប់​ពី​ពួក​គេ​បន្ត​ទំនាក់ទំនង​បណ្ដាញ​ប្រតិបត្តិ​សាសនា​គ្រឹះ​នៅ​មូលដ្ឋាន​ និង​ការ​ទំនាក់ទំនង​ជាមួយ​ចលនា​ប្រឆាំង​រដ្ឋាភិបាល​ តាម​រយៈ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​ (Facebook)​ ឬ​តាម​រយៈ​សារ​អេ​ឡិច​ត្រូ​និក​ (Email)​។​

លោក​ទទួលស្គាល់​ដែរ​ថា​ ក៏​មាន​ភ្នាក់ងារ​សម្ងាត់​វៀតណាម​ បាន​ផ្តល់​ព័ត៌មាន​មក​សមាគម​លោក​ពី​ក្រុម​ម៉ុង​តា​ញ៉ា​ ដែល​បាន​ភៀសខ្លួន​មកនេះ​ គឺ​ដោយសារ​មូលហេតុ​សេដ្ឋកិច្ច​ទៅ​វិញ​ទេ​៖​ «​ជនភៀសខ្លួន​បញ្ជាក់​ថា​ គាត់​ចូល​មក​ដោយសារ​អាជ្ញាធរ​វៀតណាម​ ធ្វើបាប​មិន​ឲ្យ​ជំនឿ​សាសនា​ និង​ទំនាក់ទំនង​តាម​អ៊ីនធឺណិត​។​ ដោយឡែក​ខាង​អាជ្ញាធរ​វៀតណាម​ បញ្ជាក់​ថា​ ពួក​គេ​រត់​គេចវេស​ពី​ការ​ជំពាក់​លុយ​ពី​ការ​ស្វែងរក​សេដ្ឋកិច្ច​តែ​ប៉ុណ្ណឹង​ទេ​»​។​ សេចក្តីរាយការណ៍​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ចា​រ៉ា​យ​ រស់នៅ​ជិត​តំបន់​ព្រំដែន​ខេត្ត​យ៉ា​ឡាយ​ ប្រទេស​វៀតណាម​ ក្នុងស្រុក​អូ​រយ៉ា​ដាវ​ ឲ្យ​ដឹង​ថា​ មក​ទល់​នឹង​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ នៅ​សល់​ម៉ុង​តា​ញ៉ា​ ៤១​នាក់​ទៀត​ កំពុង​បន្ត​លាក់ខ្លួន​ក្នុង​ព្រៃ​ខេត្តរតនគិរី​ ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​ជា​ជនភៀសខ្លួន​នៅ​កម្ពុជា​។

​ បុរស​ជនជាតិ​ចា​រ៉ា​យ​-​ខ្មែរ​ រស់នៅ​ស្រុក​អូ​រយ៉ា​ដាវ​ ដែល​បាន​ទំនុកបម្រុង​ក្រុម​ម៉ុង​តា​ញ៉ា​ លាក់ខ្លួន​ក្នុង​ព្រៃ​រៀបរាប់​ថា​ អ្នក​ភូមិ​ខ្មែរ​អាណិតអាសូរ​នៅ​ពេល​ជួប​ក្រុម​ម៉ុង​តា​ញ៉ា​ ក្នុង​ព្រៃ​ ខណៈ​ពួក​គេ​រត់​ចេញពី​ប្រទេស​កំណើត​មក​លាក់ខ្លួន​ខ្វះ​កន្លែង​ស្នាក់​នៅ​ គ្មាន​ទឹក​ និង​អាហារ​គ្រប់គ្រាន់​ ខ្លះ​ប្រឈម​នឹង​ជំងឺ​យាយី​។​ លោក​បញ្ជាក់​ថា​ ក្រុម​ម៉ុង​តា​ញ៉ា​ខ្លះ​បាន​បង្ហាញ​ឯកសារ​ដែល​ពួក​គេ​យក​ជាប់​ជាមួយ​ ដើម្បី​បញ្ជាក់​ពី​ហេតុផល​នៃ​ការ​រង​ទុក្ខ​ក្នុង​ហេតុផល​នយោបាយ​៖​ «​ខ្លះ​មាន​សៀវភៅ​គេ​កោះហៅ​តាម​ឃុំ​តាម​ស្រុក​ ខ្លះ​មាន​សៀវភៅ​ចេញពី​គុក​ គេ​ដាក់គុក​ ហើយ​គេ​ដោះ​លែង​គាត់​ម្តង​ពីរ​ដង​ គេ​ធ្វើ​សំបុត្រ​ បើ​គាត់​ធ្វើ​តទៅ​ទៀត​ គេ​ចាប់​គាត់​ទៀត​»​។​

ដូច​គ្នា​នេះ​ដែរ​ ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី​ កាលពី​ចុងឆ្នាំ​២០១៤​ ម៉ុង​តា​ញ៉ា​ បី​នាក់​ក្នុង​ចំណោម​គ្នីគ្នា​ ៩​នាក់​ អះអាង​ និង​បង្ហាញ​ឯកសារ​ថា​ ពួក​គេ​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​វាយ​ធ្វើបាប​ ដោយសារ​តែ​ពួក​គេ​ប្រតិបត្តិ​សាសនា​គ្រឹះ​ និង​ចោទ​ថា​ មាន​ទំនាក់ទំនង​ក្រុមប្រឆាំង​រដ្ឋាភិបាល​នៅ​ក្រៅប្រទេស​។​ ម៉ុង​តា​ញ៉ា​ខ្លះ​អះអាង​ថា​ រូបគេ​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ក្នុង​ការ​ទំនាក់ទំនង​នឹង​មូលនិធិ​ម៉ុង​តា​ញ៉ា​ នៅ​សហរដ្ឋអាមេរិក​ ហើយ​ត្រូវ​អាជ្ញាធរ​រក​ឃើញ​ និង​ចាប់​ពួក​គេ​ដាក់​ពន្ធនាគារ​។​ បន្ទាប់​ពី​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ ពួក​គេ​សម្រេច​ភៀសខ្លួន​ចេញពី​ការ​គាបសង្កត់​ និង​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​កម្ពុជា​៖​ «​អ្នក​ជឿ​ព្រះ​ និង​ដើរ​តាម​ក្រុម​ដេ​ហ្គា​ន​ ប៉ូលិស​វា​តាមដាន​ចាប់​វាយ​។

​ កាលនោះ​ឆ្នាំ​២០០៨​ នគរបាល​វា​តាមដាន​ខ្ញុំ​ បាន​ចាប់​ខ្ញុំ​វាយ​ដាក់​ពន្ធនាគារ​បួន​ថ្ងៃ​បួន​យប់​ ដាក់​ខ្នោះដៃ​ អត់​កន្ទេល​មុង​ ដេក​អង្គុយ​»​។​ ទាក់ទិន​ទៅ​នឹង​ការ​ហូរ​ចូល​នៃ​ក្រុម​ម៉ុង​តា​ញ៉ា​នេះ​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក​ ស​ ខេ​ង​ មាន​ប្រសាសន៍​ប្រាប់​អ្នកកាសែត​នៅ​ថ្ងៃ​ទី​១០​ កុម្ភៈ​ នា​រាជធានី​ភ្នំពេញ​ ថា​ ក្នុង​ពេល​តែ​មួយ​ កម្ពុជា​ ត្រូវ​អនុវត្ត​ច្បាប់​ពីរ​ គឺ​ទី​មួយ​ អនុសញ្ញា​ឆ្នាំ​១៩៥១​ ស្ដី​ពី​សិទ្ធិ​ជនភៀសខ្លួន​ដែល​កម្ពុជា​ ជា​ម្ចាស់​ហត្ថលេខី​ និង​ទី​២​ គឺ​ច្បាប់​អន្តោប្រវេសន៍​របស់​កម្ពុជា​ កាលណា​ជន​ទាំងនោះ​អត់​មាន​ឯកសារ​អ្វីមួយ​ដែល​បញ្ជាក់​ថា​ ជា​ជនភៀសខ្លួន​។

​ លោក​បន្ត​ថា​ នេះ​ជា​ដំណោះស្រាយ​មួយ​ដែល​ឈរ​លើ​ច្បាប់​ និង​ឈរ​លើ​ទិដ្ឋភាព​ជាក់ស្ដែង​។​ ក្រុមការងារ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ (UNOCHR)​ បាន​មក​ដល់​ខេត្តរតនគិរី​ កាលពី​ចុង​ស​ប្ដា​ហ៍​មុន​ ដើម្បី​បំពេញបេសកកម្ម​ស្វែងរក​សង្គ្រោះ​ជនភៀសខ្លួន​វៀតណាម​ បី​ក្រុម​មាន​គ្នា​ ៣២​នាក់​។​ក៏​ប៉ុន្តែ​ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​នេះ​ ត្រូវ​បាន​ប៉ូលិស​រារាំង​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​មូលដ្ឋាន​ដែល​គេ​សង្ស័យ​ថា​ មាន​ជនភៀសខ្លួន​លាក់ខ្លួន​នៅ​ទីនោះ​ទេ​។​

មន្ត្រី​តំណាង​ការិយាល័យ​ឧត្តមស្នងការ​អង្គការសិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​ អ្នកស្រី​ វ៉ា​ន់​ ហ៊ា​លី​ (Wan​ Hea​ Lee)​ បញ្ជាក់​តាម​សារ​អេ​ឡិច​ត្រូ​និក​ថា​ អាជ្ញាធរ​ប៉ូលិស​បាន​ណែនាំ​ថា​ សំខាន់​គឺ​រដ្ឋមន្ត្រី​របស់​ខ្លួន​ជា​អ្នក​កំណត់​កិច្ចសហការ​ជាមួយ​ក្រុម​សិទ្ធិ​មនុស្ស​។​ យ៉ាងនេះ​ក្តី​ អ្នកស្រី​សង្ឃឹមថា​ ការ​កំណត់​បែប​នេះ​គួរ​ធ្វើ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ឬ​ប្រសើរ​ជាង​នេះ​ ក្រសួង​នឹង​សន្មត​កាតព្វកិច្ច​របស់​ខ្លួន​ ដើម្បី​ធានា​ថា​ អ្នក​ដែល​កំពុង​ស្វែងរក​សិទ្ធិ​ជ្រកកោន​ នឹង​អាច​ចូលរួម​ដំណើរការ​នីតិវិធី​សុំ​សិទ្ធិ​ជ្រកកោន​។​ អ្នកស្រី​ថា​ «​នេះ​ គឺជា​កាតព្វកិច្ច​ផ្លូវច្បាប់​ដោយ​ស្ម័គ្រចិត្ត​»៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *