អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​តាមដាន​ចំពោះ​ពលរដ្ឋ​ចំណាកស្រុក ឱ្យបាន​ជាក់លាក់

កំពត​៖ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវតែ​តាមដាន និង​គ្រប់គ្រង រាល់​សកម្មភាព ចំពោះ​ពលរដ្ឋ​ចំណាកស្រុក ឱ្យបាន​ជាក់លាក់ ដើម្បី​បង្ការ​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ចូលក្នុង​សហគមន៍​។ នេះ​ជា​វិធានការ​របស់​រដ្ឋបាល​ខេត្ត ដែល​បាន​រំលេច​ចេញ ក្នុង​ពិធី​ផ្តល់​អំណោយ ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រង​ផលប៉ះពាល់ ដោយ​ជំងឺ​កូ​វីដ​១៩ ជាង ១២០ គ្រួសារ នៅ​ស្រុក​កំពង់ត្រាច នា​ព្រឹក​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២១​។​

​លោក ជាវ តា​យ អភិបាល​ខេត្តកំពត បាន​មានប្រសាសន៍ថា ចាប់ពី​កើតមាន​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ មកដល់​បច្ចុប្បន្ន ខេត្តកំពត មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ១១ នាក់ ដោយបាន​ជាសះស្បើយ ៨ នាក់ និង​កំពុង​សម្រាក​ព្យាបាល ៣ នាក់ នៅតាម​មន្ទីរ បង្អែក​។ កន្លងមក ពលរដ្ឋ​ក្នុង​ខេត្តកំពត និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ តែង​ចូលរួម​អនុវត្ត វិធាន​សុខាភិបាល របស់​រាជ​រដ្ឋបាល បានល្អ​ប្រសើរ ហើយ​ករណី​វិជ្ជមាន ទាំង​ប៉ុន្មាន នោះ សុទ្ធតែ​នាំចូល​ពី ខាងក្រៅ​ប៉ុណ្ណោះ​។​

​លោក​អភិបាលខេត្ត បាន​បញ្ជាក់ថា នា​រយៈពេល​ចុងក្រោយ​នេះ ប្រជាពលរដ្ឋ​ចំណាក ស្រុក បាន​វិលត្រឡប់ មក​ភូមិកំណើត យ៉ាងច្រើន គួរកត់សម្គាល់​។ នេះ​ក៏​ព្រោះតែ តំបន់​ខ្លះ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយចំនួន ពិសេស​ខេត្ត​ព្រះសីហនុ ត្រូវ​បិទ​ខ្ទប់ ធ្វើឱ្យ​ពលរដ្ឋ មិនអាច​ប្រកបការងារ​បាន​។ ដូច្នេះ អាជ្ញាធរ​ភូមិ ឃុំ ស្រុក ក្រុង ត្រូវមាន​វិធានការ​ម៉ឺងម៉ាត់ និង​ជាក់លាក់ ចំពោះ​ពលករ​ចំណាកស្រុក​ដោយ​ត្រូវ រាយការណ៍​បន្ទាន់ នៅពេល​ឃើញ​ពួកគាត់ វិល​ត្រឡប់មក​ភូមិឋាន​វិញ ដើម្បី​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​សុខភាព ក៏ដូចជា ណែនាំ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​៕

Loading...