អាជ្ញាធរ​ជាតិ​អប្សរា ព​ន្លឿ​ន​ការជួសជុល​ខឿន ជ្រុង​និរតី នៅ​រួត​ទី​៣ នៃ​ប្រាសាទ​បា​យ័ន្ត ឱ្យ​រួចរាល់ មុន​ខែវស្សា​មកដល់​

សៀមរាបៈ ទិសនិរតី រួត​ទី​៣ នៃ​ប្រាសាទ​បា​យ័ន្ត ដែល​ប្រឈម​នឹង ហានិភ័យ​ខ្ពស់ បានចាប់ផ្តើម​ជួសជុល តាំងពី​ខែមករា ដើមឆ្នាំ​២០២១ រហូតមកដល់​ពេលនេះ សម្រេចបាន ៣០ ភាគរយ​ហើយ​។​

​ក​ញ្ញ ម៉េង សុវណ្ណ​លី​លីន ស្ថាបត្យករ នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ និង​ជា​ក្រុមការងារ ជួសជុល​រួត​ទី​៣ នៃ​ប្រាសាទ​បា​យ័ន្ត បានឱ្យដឹងថាៈ ការងារ​ជួសជុល​នៅ​ប្រាសាទ​បា​យ័ន្ត មាន​៤​គម្រោង​ធំៗ ក្នុងនោះ​រួមមាន ទី​១ ជួសជុល​ជ្រុង និរតី រួត​ទី​៣​នៃ​ប្រាសាទ​បា​យ័ន្ត​បាន​៣០​ភាគរយ​។ ទី ២​ទល់​ទ្រ​ផ្តែរ​ហោរ​ជាង​ដែល​ពុំមាន សរសរ​ពេជ្រ​សម្រាប់​ទ្រ​លំនឹង ដំបូល និង​ធ្នឹម​រលុះ​ធ្លា​ក់បាន​៩០ ភាគរយ​។ ទី​៣ រៀបចំ​បិទ​ភ្ជិត តាម​ប្រហោង​ថ្ម និង​សម្រួល​ថ្ម រដិបរដុប មិន​រាបស្មើ បាន ៨០ ភាគរយ និង​ទី​៤ តម្លើង​ជណ្តើរ គ្រោង​ដែក ដើម្បី​សម្រួល​ដល់​សៀគ្វី ទស្សនា​ប្រាសាទ សម្រេចបាន ១០០% ហើយ​។​

​អ្នកជំនាញ​រូបនេះ បញ្ជាក់ថាៈ ដោយ​កៀក​នឹង​ខែវស្សា ខិតចូល​ជិត​មកដល់ ដូចនេះ ក្រុមការងារ នឹង​ខិតខំ​ព​ន្លឿ​ន​ការ​រើ​ថ្ម និង​រៀប​ទៅវិញ យ៉ាងយូរ​ឱ្យ​រួចរាល់ នៅ​ខែមិថុនា ខាងមុខ​។ ដោយឡែក ការជួសជុល​កម្រាល អាច​បន្ត ក្នុង​រយៈពេល​ប្រមាណ ៣ ខែ​បន្តទៀត នឹង​បញ្ចប់​ទាំងស្រុង​។​

​កញ្ញា លី​លីន បានដឹង​ទៀតថាៈ ផល​លំបាក​ចំពោះ ការងារ​ជួសជុល​នេះ គឺ​ទីធ្លា​មាន​ភាព​តូច ចង្អៀត ពិបាក​ក្នុងការ​រើ​ថ្ម និង​ត្រូវ​ការប្រើ កម្លាំង​ពលកម្ម​មនុស្ស​ទាំង ស្រុង ក្នុងការ​រើ​ថ្ម​។ ដូច្នេះ ក្រុមការងារ បាន​ប្រើ​បន្ទះ​កៅស៊ូ​ក្រាល លើ​កម្រាល​ថ្ម ដើម្បី​ធ្វើ​ដាក់​ថ្ម​ដែល​រើ ចៀស វាង​ការ​ប៉ះ​ថ្ម​នឹង​ថ្ម​ដោយផ្ទាល់ អាច​បណ្តាល ឱ្យ​ខូច​ផ្ទៃ​ថ្ម​។ ម្យ៉ាងទៀត​បើ​មាន​ភ្លៀង​ធ្លាក់ ឬ​រដូវវស្សា​មកដល់ គឺ​ពិបាក​ក្នុងការ​ជួសជុល​។​

​រចនាសម្ព័ន្ធ​ខឿន នៅ​រួត​ទី​៣ នៃ​ប្រាសាទ​បា​យ័ន្ត​នេះ រង​ការខូចខាត ដោយសារ​កត្តា​អាកាស ធាតុ ដើមឈើ ជាពិសេស​កត្តា​ទឹក បាន​ហូរ​ច្រោះ ចូល​រចនាសម្ព័ន្ធ ដែល​នាំយក​ល្បាយខ្សាច់ ចេញ នាំអោយមាន​បញ្ហា នៅតាម​ជ្រុង​កែង ក្រៀក​ចេញពី​គ្នា ដែល​អាច​ប៉ះពាល់​ដល់ ខឿន​រួត​ទី​៣ និង​សំណង់​ប្រាសាទ ទាំងមូល​ផងដែរ​។​

​សូមបញ្ជាក់ថា គម្រោង​ជួសជុល​នេះ ជាការ​អនុវត្ត​ផ្ទាល់ ដោយ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា ដោយមាន​ការសហការ លើ​បច្ចេកទេស រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​ស្ថាប័ន JASA ប្រទេស ជប៉ុន​។ បន្ទាប់ពី​បញ្ចប់​គម្រោង ជួសជុល​ខឿន​ជ្រុង​និរតី​នេះ ក្រុមការងារ​នឹង​បន្តធ្វើ​ការជួស ជុល តាម​ខឿន ដែលមាន​ហានិភ័យ ផ្សេងទៀត និង​បន្ត​សិក្សា​ជួសជុល ទីតាំង​ផ្សេងៗ​ទៀត ដើម្បី​រក្សា និង​ពង្រឹង​រចនាសម្ព័ន្ធ​ប្រាសាទ អោយបាន​រឹងមាំ យូរអង្វែង​៕

Loading...