អាជ្ញាធរ​បង្ក្រាប​ជនជាតិ​វៀតណាម​ជីក​រ៉ែ​មាស​ខុស​ច្បាប់​នៅ​ខេត្ត​រតនគិរី

ខេត្ត​រតនគិរី ៖អាជ្ញាធរ​ខេត្ត​រតនគិរី បាន​ដាក់​បទបញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​រ៉ែ និង​ថាមពល សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​លំផាត់ ចុះ​បង្ក្រាប​កន្លែង​ជីក​រ៉ែ​មាស​ខុស​ច្បាប់ ខណៈ​ប្រជាពលរដ្ឋ​អះអាង​ថា ជនជាតិ​វៀតណាម ប្រមាណ ១០​នាក់ បាន​នាំ​គ្នា​មក​ទិញ​ដី​ប្រជាពលរដ្ឋ ហើយ​ជីក​យក​រ៉ែ​មាស​នៅ​តំបន់​នោះ។

រោង​ស្នាក់នៅ​មួយ​ខ្នង​របស់​ក្រុម​អ្នក​ជីក​មាស​ខុស​ច្បាប់ នៅ​ចំណុច​ចម្ការ​តាប៉ាន ក្នុង​ឃុំ​ល្បាំងពីរ ត្រូវ​បាន​សមត្ថកិច្ច​ដុត​បំផ្លាញ​ចោល ក៏ប៉ុន្តែ​គ្រឿង​ម៉ាស៊ីន និង​សម្ភារៈ​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​រ៉ែ​មាស បាន​បន្សល់​ចោល​នៅ​ការដ្ឋាន​នោះ ខណៈ​ក្រុម​សមត្ថកិច្ច​បើក​ប្រតិបត្តិការ​បង្ក្រាប​កន្លែង​ធ្វើ​អាជីវកម្ម​ រ៉ែ​មាស​ខុស​ច្បាប់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​កញ្ញា។

មិន​មាន​ជន​ជាប់​សង្ស័យ​ណា​ម្នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​នោះ​ឡើយ ដោយសារ​តែ​ក្រុម​អ្នក​ធ្វើ​អាជីវកម្ម​រ៉ែ​មាស បាន​ចាក​ចេញ​អស់​មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់ និង​បន្សល់​ទុក​សម្ភារៈ​ប្រើប្រាស់​មាន​មុង កន្ទេល ចាន​ឆ្នាំង និង​ម៉ាស៊ីន​កិន​រ៉ែ​មាស​នៅ​ក្នុង​ការដ្ឋាន​ជីក​មាស​នោះ។

អភិបាល​ស្ដីទី​ស្រុក​លំផាត់ លោក នូ ថេរ ទទួល​ស្គាល់​ថា កន្លែង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នេះ​បាន​ធ្វើ​សកម្មភាព​ជា​ថ្មី បន្ទាប់​ពី​សមត្ថកិច្ច​ចុះ​មក​ទីតាំង​នេះ​កាល​ពី​សប្ដាហ៍​មុន។ លោក​ទទួល​ស្គាល់​ថា កន្លែង​នេះ​ពិត​ជា​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ការ​អនុញ្ញាត។ ហេតុ​នេះ អាជ្ញាធរ​នឹង​ធ្វើ​ការ​ស្រាវជ្រាវ​រក​ម្ចាស់​ដី និង​អ្នក​ឃុបឃិត​នៅ​ពី​ក្រោយ​អាជីវកម្ម​ខុស​ច្បាប់​នេះ៖ «ឥឡូវ​យើង​ឃើញ​ទាំងអស់​គ្នា វិធានការ​ពី​ពេល​នេះ​ត​ទៅ យើង​ទប់ស្កាត់ បើ​ចូល​មក​ទៀត​យើង​ចាត់ការ​ទៀត តែ​ឥឡូវ​អត់​ជួប​ស្អី​ទាំងអស់»

ក្រុម​ប្រតិបត្តិការ​បង្ក្រាប​កន្លែង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នេះ រួម​មាន កង​ប៉ូលិស​ស្រុក​លំផាត់ ដឹក​នាំ​ដោយ​អភិបាល​ស្ដីទី​ស្រុក​លំផាត់ សហការ​ជាមួយ​មន្ត្រី​ជំនាញ​រ៉ែ និង​ថាមពល មាន​គ្នា​សរុប​ប្រមាណ ៧​នាក់ និង​មាន​អ្នក​សង្កេត​ការណ៍​សមាគម​អាដហុក (ADHOC) និង​អ្នក​សារព័ត៌មាន។

នៅ​ការដ្ឋាន​ជីក​រ៉ែ​មាស​ខុស​ច្បាប់​មាន​រណ្ដៅ​រ៉ែ​ជម្រៅ​ពី ១០ ទៅ ២០​ម៉ែត្រ​ពី​រណ្ដៅ​រោង​ស្នាក់នៅ​មួយ​កន្លែង​ប្រក់​សំពត់​កៅស៊ូ កន្លែង​កិន​រ៉ែ​មាស និង​បន្សុទ្ធ​រ៉ែ​មាស ម៉ាស៊ីន​កិន​រ៉ែ និង​ម៉ាស៊ីន​ភ្លើង ត្រូវ​ក្រុម​អ្នក​ជីក​មាស​ដោះ​ចេញ ហើយ​យក​ទៅ​លាក់​ទុក​ក្នុង​គុម្ពោត​ព្រៃ​ក្បែរ​កន្លែង​ជីក​មាស​នោះ។

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ក្បែរ​នោះ​អះអាង​ថា គេ​បាន​ឃើញ​ជនជាតិ​វៀតណាម ជា​អ្នក​ជីក​មាស​បាន​ចាក​ចេញ​ពី​ការដ្ឋាន​តាំង​ពី​ព្រលឹម​មុន​ពេល​ សមត្ថកិច្ច​ទៅ​ដល់។

កន្លែង​ធ្វើ​អាជីវកម្ម​ ជីក​រ៉ែ​មាស​ដោយ​ខុស​ច្បាប់​របស់​ជនជាតិ​វៀតណាម នៅ​ចម្ការ​តាប៉ាន ភូមិ​កាទៀង ឃុំ​ល្បាំងពីរ ស្រុក​លំផាត់ ខេត្ត​រតនគីរី កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៥។ RFA/Ratha Visal

ចំណែក​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​រតនគិរី លោក ហ៊ុន ប៊ុនថា មាន​ប្រសាសន៍​ថា ដោយសារ​កន្លែង​ជីក​រ៉ែ​មាស​ឋិត​នៅ​ជម្រាល​ភ្នំ​ជា​តំបន់​ព្រៃ​គ្មាន​ផ្លូវ ហេតុ​នេះ​សមត្ថកិច្ច​មិន​អាច​ដឹក​ជញ្ជូន​គ្រឿង​សម្ភារៈ និង​ម៉ាស៊ីន​ជា​វត្ថុ​តាង​បទល្មើស​នេះ​បាន​ទេ ក៏ប៉ុន្តែ​សមត្ថកិច្ច​ជំនាញ​នឹង​ធ្វើ​របាយការណ៍​ជូន​អាជ្ញាធរ​ខេត្ត ដើម្បី​ស៊ើប​អង្កេត​រក​អ្នក​នៅ​ពី​ក្រោយ​សកម្មភាព​ល្មើស​ច្បាប់​នេះ៖ «នេះ ​ជា​បទល្មើស​ជាក់ស្តែង ពេល​ដែល​យើង​ទទួល​បទបញ្ជា​ឲ្យ​ចុះ​បង្ក្រាប យើង​មក​ដល់​ទីតាំង​ជនល្មើស​បាត់​អស់ អ៊ីចឹង​នៅ​សល់​តែ​សម្ភារៈ គឺ​យើង​បំផ្លាញ​ចោល។ យើង​រក​ទិន្នន័យ​ថា តើ​ជនល្មើស​ចេញ​មក​ពី​ប្រភព​ណា»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក ខេត្ត​រតនគិរី ដែល​បាន​ចូលរួម​សង្កេត​ការណ៍​ក្នុង​កិច្ច​បង្ក្រាប ចាត់​ទុក​សកម្មភាព​ធ្វើ​អាជីវកម្ម​រ៉ែ​នេះ​ថា​ពិត​ជា​មាន​សភាព​ធ្ងន់ធ្ងរ ដែល​អាច​មាន​មន្ត្រី​មាន​អំណាច​ធ្វើ​ជា​ខ្នង​បង្អែក។ លើស​ពី​នេះ​ទៀត លោក​កត់​សម្គាល់​ថា សមត្ថកិច្ច​បាន​រក​ឃើញ​កន្លែង​ផលិត​មាស​មួយ​កន្លែង​នៅ​តំបន់​ក្បែរ​នោះ មាន​ប្រើ​សារជាតិ​គីមី​បន្សុទ្ធ​រ៉ែ​មាស ហើយ​បង្ហូរ​ជាតិ​ពុល​ចូល​ទៅ​អូរ​ធម្មជាតិ៖ «កន្លែង​ទី​ពីរ គឺ​កន្លែង​ប្រើ​ជាតិ​គីមី​ធ្ងន់ធ្ងរ ធ្វើ​នៅ​ក្បែរ​អូរ ជាតិ​គីមី​គេ​ធ្វើ​ដោយ​ប្រើ​ទឹក​អាស៊ីដ​ខ្លាំង បម្លែង​រ៉ែ​ទៅ​ជា​ទឹក ហើយ​គេ​បង្ហូរ​ទៅ​តាម​អូរ ចាក់​ទៅ​អូរ​ធំ គឺ​អូរកាទៀង តំបន់​រមណីយដ្ឋាន»

យ៉ាង​ណា​ក៏ដោយ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​រតនគិរី អះអាង​ថា នឹង​ធ្វើ​របាយការណ៍​ជូន​មន្ទីរ​ពាក់ព័ន្ធ​ចុះ​អង្កេត និង​ពិនិត្យ​កន្លែង​ប្រើ​ជាតិ​គីមី​នៅ​ជាប់​មាត់​អូរ ដើម្បី​ចាត់​វិធានការ​បញ្ចៀស​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ៕

f084ebcf-84e5-4231-8970-488868bf709a image

Loading...

Leave a Reply

Your email address will not be published. Required fields are marked *