អាជ្ញាធរ​បន្ត​ការ​រឹតបន្តឹង​ពលរដ្ឋ​ចូលមក​កាន់​ខេត្តរតនគិរី ត្រង់ចំណុច​អូរ​វ៉ា​ក់ ព្រំប្រទល់​ខេត្តមណ្ឌលគិរី​

​ខេត្តរតនគិរី​៖ អាជ្ញាធរខេត្ត​នៅ​បន្ត​ការ​រឹតបន្តឹង​ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ចូល មកកាន់​សហគមន៍ កម្លាំង​គណៈ​បញ្ចា​ការឯកភាព​ស្រុក សហការ​ជាមួយ​ខេត្ត កំពុង​បន្ត​ការ​រឹតបន្តឹង ឃាត់​ដំណើរ​ដែល​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧៦ ត្រង់ចំណុច​អូ​ររ​វ៉ា​ក់ នៅក្នុង​ស្រុក​លំផាត់ ជា​ព្រំប្រទល់​រវាង​ខេត្តរតនគិរី​និង​មណ្ឌលគិរី ខណ​: ខេត្តមណ្ឌលគិរី​បាន​រកឃើញ​ករណី​វិជ្ជមាន​ជំងឺ​កូ​វី​-១៩​ជា​បន្តបន្ទាប់ ។​

​លោក ម៉ួ​ង ប៉ាង អភិបាលរង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ឆ្លងកាត់​ទៅបាន​លុះត្រាតែ​ជា​រថយន្ត​ដឹកទំនិញ តែ​អ្នកបើកបរ​ត្រូវតែ​ចុះ​ដើម្បី​ត្រួតពិនិត្យ​វ៉ាស់​កម្ដៅ បាញ់​អាល់កុល បង្ហាញ​លិខិត​សំគាល់ និង​ទុក​លេខ​ទូរ​សព្ទ​ដើម្បី​ទំនាក់ទំនង តែបើ​រកឃើញថា​មាន​ចំណុច​មិន​ប្រក្រតី​ណាមួយ គឺ​ត្រូវយក​រថយន្ត​ផ្សេង​មក​សាង​ទំនិញ ហើយ​មិន​អនុញ្ញាត​ឲ្យ​អ្នកបើកបរ​រូបនោះ​ឆ្លងខេត្ត​បានឡើយ​។ ក្រៅពីនោះ អ្នកដំណើរ​ដែល​អាច​អនុញ្ញាត​ឲ្យ​ទៅបាន គឺ​ស្របទៅតាម​សេចក្តីសម្រេច​លេខ​៤៤ សសរ របស់​រាជរដ្ឋាភិបាល​។​

​លោក​អភិបាលរង​បាន​បន្តថា កម្លាំង​សមត្ថកិច្ច​ក៏​បន្ត​ឈរជើង​ឃ្លាំមើល​តាម​ច្រក​ផ្លូវលំ​តូចៗ និង​ផ្លូវទឹក​ផងដែរ ដោយសារ​ខេត្ត​ទាំង​២​នេះ​ក៏មាន​ព្រំប្រទល់​ផ្លូវទឹក​រួមគ្នា​។​

​ដោយឡែក​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​ក្បាលស្ពាន​ស្រែ​ពក តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ព្រំប្រទល់​ខេត្តរតនគិរី និង​ស្ទឹងត្រែង គឺ​អនុញ្ញាត​ឲ្យ​ឆ្លងកាត់​ជាធម្មតា តែ​អ្នកដំណើរ​ត្រូវ​ចុះ​ពិនិត្យ​វ៉ាស់​កម្ដៅ បាញ់​អាល់កុល និង​ផ្តល់ព័ត៌មាន​ផ្សេងៗ​ពី​ប្រភព​ទីតាំង​ដែល​ធ្វើដំណើរ​ចេញមក ហើយ​ត្រូវ​ទៅ​ស្នាក់នៅ​ទីតាំង ចំណុច​ណា ព្រមទាំង​ទុក​លេខ​ទូរ​សព្ទ​សម្រាប់​ទំនាក់ទំនង​ប្រសិន​ជាមាន​បញ្ហា​នៅពេល​ក្រោយ​។​

​លោក​អភិបាលរង​ខេត្ត​រូបនេះ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​រវាង​ខេត្ត​និង​ខេត្ត​ត្រូល​គោរព​តាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួងសុខាភិបាល​ឲ្យ​រក្សាបាន​នៅ ៣​កុំ​និង​៣​ការពារ ឲ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បី​កុំ​ឲ្យ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ចូលមក​តាម​សហគមន៍​របស់​បងប្អូន​នោះ​៕

Loading...