អាជ្ញាធរ​អនុញ្ញាតឱ្យ​ស្ថាបនា​សំណង់​ទប់​ច្រាំងទន្លេ​ស្រុក​ស្រី​សន្ធរ​និង​ស្រុក​កងមាស​

កំពង់ចាម​: អាជ្ញាធរខេត្ត​កំពង់ចាម បានសម្រេច​ឱ្យ ក្រុមហ៊ុន​រី​វើ​សាយ ឌី​វេឡុ​ប​មិន ឯ​.​ក ចាប់ផ្តើម​ស្ថាបនា​សំណង់​ទប់​ច្រាំងទន្លេ​មេគង្គ ដែល​បាន​បាក់ស្រុត​នៅ​ស្រុក​ស្រី​សន្ធរ និង​ស្រុក​កងមាស មាន​ប្រវែង​សរុប​ប្រមាណ ពីរ​គីឡូម៉ែត្រ​នៅ​សប្តាហ៍​ក្រោយនេះ​។ ប៉ុន្តែ​មិន​អនុញ្ញាតឱ្យ​ខាង​ក្រុមហ៊ុន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ទេ ដោយសារ​បញ្ហា​វិបត្តិ​ជំងឺ​កូ​វី ១៩ កំពុង​រីក​រាល​ក្នុង​សហគមន៍ គឺ​រង់ចាំ​សម្ពោធ​បិទ​ការដ្ឋាន​សាងសង់​ច្រាំងទន្លេ​នេះ​សរុប​តែម្តង​នៅ​ដើមឆ្នាំ​ក្រោយ ២០២២​។​

រូបថតៈលោក អ៊ុន ចាន់​ដា ជា​អភិបាល​ខេត្តកំពង់ចាម​

នេះ​ជាការ​ថ្លែង​ឱ្យដឹង​របស់លោក អ៊ុន ចាន់​ដា ជា​អភិបាល​ខេត្តកំពង់ចាម​កាលពី​ព្រឹក​ថ្ងៃទី ១ ខែមេសា នៅក្នុង​សាលាខេត្ត​នេះ ក្នុងឱកាស​ដែល​លោក​បាន​ដឹកនាំ​គណ​:​កម្ម​ការ​និង​ខាង​ក្រុមហ៊ុន​ខាងលើ​ដើម្បី​អនុម័ត​ឯកភាព​លើ​គម្រោង​ប្លង់​ស្ថាបនា​ច្រាំងទន្លេ​ទាំងពីរ​ស្រុក​នេះ​។​

លោកស្រី ដោក អាទិត្យ​កញ្ញា ជា​វិស្វករ​បច្ចេកទេស​របស់​ក្រុមហ៊ុន​រី​វើ​សាយ ឌី​វេឡុ​ប​មិន ឯ​.​ក​(REVERSIDE DEVELOPMENT CO.,LTD)​បានធ្វើ​បទ​បង្ហាញ​ប្លង់​សំណើ​សំណង់​ទប់​ច្រាំងទន្លេ​ស្រុក​ស្រី​សន្ធរ និង​ស្រុក​កងមាស​ថា ច្រាំងទន្លេ​ដែល​ក្រុមហ៊ុន​ទទួល​ស្ថាបនា​មាន​ប្រវែង​សរុប​ចំនួន ២.០០០ ម៉ែត្រ គឺ​នៅ​ឃុំ​សូ​គង ស្រុក​កងមាស ៥០០ ម៉ែត្រ នៅ​ឃុំ​ឬ​ស្សី​ស្រុក ១.០០០ ម៉ែត្រ និង​នៅ​ឃុំ​កោះអណ្តែត ស្រុក​ស្រី​សន្ធរ ៥០០ ម៉ែត្រ​ទៀត​។​
លោកស្រី​វិស្វករ​គូសបញ្ជាក់ថា កន្លែង​បាក់​ច្រាំងទន្លេ​ទាំងបី ទីតាំង​ខាងលើ​យើង​បាន​បែង​ចែង​ក្រុមការងារ​សាងសង់​ជា​បួន​ក្រុម​ផ្សេងគ្នា បូម​យក​ខ្សាច់​ពី​កោះ​នៅខាងមុខ​ច្រាំង​ដែល​បាក់ ច្រក​ក្នុង​បាវ​យកមក​ទប់​ច្រាំង​តាម​លក្ខណ​:​បច្ចេកទេស​។ ដោយ​ប្រើប្រាស់​បាវ​ជម្រាប​ទឹក​ឈ្មោះ​«​អូ​តេ​ស្តាយ​» គឺអាច​ហូរ​ឆ្លងកាត់​តែ​ខ្សាច់​មិន​ហូរ​ចេញ​បាន​ចំនួន ពីរ ប្រភេទ មួយ​ប្រភេទ​សម្រាប់​ត្រាំ​ក្នុង​ទឹក​និង​មួយ​ប្រភេទ​ទៀត​សម្រាប់​លើគោក ដែល​អាច​ធន់​នឹង​កម្តៅ​លើសពី​១០​ឆ្នាំ​។​

រូបថតៈលោកស្រី ដោក អាទិត្យ​កញ្ញា ជា​វិស្វករ​បច្ចេកទេស​របស់​ក្រុមហ៊ុន​រី​វើ​សាយ ឌី​វេឡុ​ប​មិន ឯ​.​ក​

លោកស្រី​បាន​បន្តថា​: ខាង​ក្រុមហ៊ុន​ប្រើប្រាស់​រយ​:​ពេល​មួយ​សប្តាហ៍​ចាប់ពី​ថ្ងៃទី ១ មេសា​នេះ ដើម្បី​ដឹក​ជ​ញ្ជួ​ន​គ្រឿង​ចូល​តាម​ការដ្ឋាន​ទាំង​បួន គឺ​ចាប់ផ្តើម​អនុវត្តតាម​ផែនការ​ស្ថាបនា​ជា​បី​ជំហាន​: ជំហាន​ទី​១ ចាប់​ថ្ងៃទី ៧ មេសា ដល់​ថ្ងៃទី ៩ មិថុនា , ជំហាន​ទី​២ ពីថ្ងៃ​ទី ១០ មិថុនា ដល់ ថ្ងៃទី ១២ ខែសីហា ឆ្នាំ​២០២១ និង ជំហាន​ទី​៣ ពីថ្ងៃ​ទី ១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ដល់​ថ្ងៃ​បញ្ចប់​ថ្ងៃទី ២៦ ខែមករា ឆ្នាំ​២០២២​។​

លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍ថា យើង​សម្រេច​ឯកភាព​លើ​គម្រោង​ប្លង់​សំណង់​ទប់​ច្រាំងទន្លេ​នៅ​ស្រុក​ស្រី​សន្ធរ និង​ស្រុក​កងមាស ដែល​ខាង​វិស្វករ​បច្ចេកទេស​របស់​ក្រុមហ៊ុន​រី​វើ​សាយ ឌី​វេឡុ​ប​មិន បានធ្វើ​បទ​បង្ហាញ​ក្បោះក្បាយ​លម្អិត ច្បាស់លាស់​អាច​ទទួលយក​បាន​បើ​ទោះ​ខាង​មន្ត្រី​ជំនាញ​ខាង​ធនធាន​ទឹកបាន​សំណូមពរ​ឱ្យ​កែប្រែ​ចំណុច​ខ្វះខាត​មួយចំនួន ហើយ​ខាង​ក្រុមហ៊ុន​បាន​បកស្រាយ​ថា នឹង​បត់បែន កែប្រែ​នៅពេល​អនុវត្ត​ជាក់ស្តែង​នោះ​។​

លោក​អភិបាលខេត្ត​កំពង់ចាម​បាន​ថ្លែងថា ឥឡូវ​ប្រជាពលរដ្ឋ​ទាំងពីរ​ស្រុក ពិសេស​ឃុំ​កោះអណ្តែត​បាន​ងាក​មក​គាំទ្រ ១០០ ភាគរយ​លើ​ការស្ថាបនា​ច្រាំងទន្លេ ក្រោយពី​មាន​បកស្រាយ​របស់​អាជ្ញា​ធរ និង​មន្ត្រី​ជំនាញ គឺ​ពួកគាត់​ចង់បាន​ការ​ទប់​ច្រាំង​មិន​ចង់បាន​ដីដុះ​បង្ក​ឱ្យ​បាក់​ច្រាំង​អស់​ដី​លំនៅស្ថាន​។ ដូច្នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ឱ្យ​អាជ្ញាធរខេត្ត​ប្រគល់​សិទ្ធិ​ជូន​ខាង​ក្រុមហ៊ុន​សាងសង់​ច្រាំងទន្លេ​ឡើងវិញ និង​បូម​យក​ដី​កោះ​ដុះ​ថ្មី ដើម្បី​តម្រង់​ចរន្តទឹក​ហូរ បញ្ចៀស​ការបាក់​ច្រាំងទន្លេ​មេគង្គ នៃ​ស្រុក​ទាំងពីរ​បន្តទៀត​៕​

Loading...